គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

លូកា 11:13-22 ព្រះគម្ពីរបរិសុទ្ធ (KHOV)

13. បើ​អ្នក​រាល់​គ្នា​ដែល​ជា​មនុស្ស​អាក្រក់ អ្នក​ចេះ​ឲ្យ​របស់​ល្អ​ទៅ​កូន​យ៉ាង​ដូច្នេះ នោះ​ចំណង់​បើ​ព្រះ‌វរ‌បិតា ដែល​គង់​ស្ថាន‌សួគ៌ តើ​ទ្រង់​នឹង​ប្រទាន​ព្រះ‌វិញ្ញាណ​បរិសុទ្ធ មក​អស់​អ្នក​ដែល​សូម ជា​ជាង​អម្បាលម៉ាន​ទៅ​ទៀត។

14. គ្រា​នោះ ទ្រង់​កំពុង​តែ​ដេញ​អារក្ស​គ​ពី​មនុស្ស​ម្នាក់ កាល​វា​បាន​ចេញ​ទៅ​បាត់​ហើយ នោះ​មនុស្ស​គ​ក៏​និយាយ​ឡើង​បាន ហើយ​បណ្តា​មនុស្ស​គេ​កើត​មាន​សេចក្ដី​អស្ចារ្យ

15. តែ​ខ្លះ​និយាយ​ថា អ្នក​នេះ​ដេញ​អារក្ស​ដោយ‌សារ​តែ​បេល‌សេប៊ូល ជា​មេ​អារក្ស​ទេ

16. អ្នក​ខ្លះ​ទៀត​ល្បង​ទ្រង់ ដោយ​សូម​ទី​សំគាល់​១​មក​ពី​លើ​មេឃ

17. តែ​ទ្រង់​ជ្រាប​គំនិត​គេ ក៏​មាន​ព្រះ‌បន្ទូល​ថា អស់​ទាំង​នគរ​ណា​ដែល​បែក‌ខ្ញែក​ទាស់​តែ​គ្នា​ឯង នោះ​នឹង​ត្រូវ​វិនាស​ទៅ ហើយ​ផ្ទះ​ណា​ដែល​ទាស់‌ទែង​គ្នា​ឯង នោះ​នឹង​ត្រូវ​រលំ​ទៅ​ជា​មិន​ខាន

18. បើ​សាតាំង​បែក​ទាស់​គ្នា​វា​ហើយ នោះ​ធ្វើ​ដូច​ម្តេច​ឲ្យ​នគរ​វា​នៅ​ស្ថិត‌ស្ថេរ​បាន នេះ​ព្រោះ​ដ្បិត​អ្នក​រាល់​គ្នា​ថា ខ្ញុំ​ដេញ​អារក្ស ដោយ​អាង​បេល‌សេប៊ូល

19. បើ​សិន​ជា​ខ្ញុំ​ដេញ​អារក្ស ដោយ​អាង​បេល‌សេប៊ូល​មែន នោះ​តើ​កូន​ចៅ​អ្នក​រាល់​គ្នា​ដេញ​វា ដោយ‌សារ​អ្វី​វិញ ដូច្នេះ វា​រាល់​គ្នា​នឹង​ធ្វើ​ជា​ចៅ‌ក្រម​ជំនុំ​ជំរះ​អ្នក​រាល់​គ្នា​ហើយ

20. ប៉ុន្តែ បើ​ខ្ញុំ​ដេញ​អារក្ស ដោយ‌សារ​អង្គុលី​ព្រះ‌ហស្ត​នៃ​ព្រះ​វិញ នោះ​ច្បាស់​ជា​នគរ​ព្រះ​បាន​មក​ដល់​អ្នក​រាល់​គ្នា​ហើយ

21. កាល​ណា​មនុស្ស​ខ្លាំង​ពូកែ​កាន់​គ្រឿង​អាវុធ ប្រុង​ប្រៀប​នឹង​ការ‌ពារ​ផ្ទះ​របស់​ខ្លួន នោះ​ទ្រព្យ‌សម្បត្តិ​ក៏​បាន​គង់​វង់​នៅ

22. តែ​បើ​មាន​មនុស្ស​ខ្លាំង​ជាង មក​បង្គ្រប​ឲ្យ​ឈ្នះ​គាត់​កាល​ណា នោះ​ក៏​ដណ្តើម​យក អស់​ទាំង​គ្រឿង​អាវុធ ដែល​គាត់​ទុក​ចិត្ត​នោះ​ចេញ រួច​ប្លន់​យក​របឹប​ទៅ​ចែក​គ្នា​វិញ

សូមអានជំពូកពេញលេញ លូកា 11