គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

លូកា 1:53-66 ព្រះគម្ពីរបរិសុទ្ធ (KHOV)

53. ឯ​មនុស្ស​ឃ្លាន ទ្រង់​បាន​ចំអែត​ដោយ​របស់​ល្អ តែ​ពួក​អ្នក​មាន ទ្រង់​បាន​បណ្តេញ​ឲ្យ​ទៅ​ទទេ​វិញ

54. ទ្រង់​បាន​ជួយ​អ៊ីស្រា‌អែល ជា​អ្នក​បំរើ​ទ្រង់ ឲ្យ​បាន​នឹក​ចាំ​ពី​សេចក្ដី​មេត្តា‌ករុណា​ទ្រង់

55. ដូច​ជា​ទ្រង់​មាន​ព្រះ‌បន្ទូល​នឹង​ពួក​អយ្យកោ​យើង គឺ​នឹង​លោក​អ័ប្រាហាំ ហើយ​នឹង​ពូជ​លោក​ជា​រៀង​រាប​ដរាប​ត​មក

56. ម៉ារា​ក៏​នៅ​ជា​មួយ​នឹង​អេលី‌សាបិត ប្រហែល​ជា​៣​ខែ ទើប​ត្រឡប់​ទៅ​ផ្ទះ​ខ្លួន​វិញ។

57. រីឯ​ពេល​ដែល​អេលី‌សាបិត ត្រូវ​សំរាល​កូន ក៏​មក​ដល់ ហើយ​នាង​សំរាល​បាន​កូន​ប្រុស

58. ចំណែក​ពួក​អ្នក​ជិត​ខាង និង​ញាតិ​សន្តាន​គាត់​ទាំង​ប៉ុន្មាន​ក៏​ឮ​ថា ព្រះ‌អម្ចាស់​បាន​ចំរើន​សេចក្ដី​មេត្តា‌ករុណា​ដល់​គាត់ ហើយ​គេ​មាន​សេចក្ដី​រីក‌រាយ​អរ​សប្បាយ​ជា​មួយ​នឹង​គាត់

59. ដល់​ថ្ងៃ​ទី​៨ គេ​មក​ដើម្បី​កាត់​ស្បែក​ទារក​នោះ ក៏​ឲ្យ​ឈ្មោះ​ថា សាការី តាម​ឈ្មោះ​ឪពុក

60. តែ​ម្តាយ​ឆ្លើយ​ឡើង​ថា ទេ ត្រូវ​ឲ្យ​ឈ្មោះ យ៉ូហាន វិញ

61. គេ​ឆ្លើយ​ទៅ​គាត់​ថា ក្នុង​ពួក​ញាតិ​សន្តាន​អ្នក គ្មាន​អ្នក​ណា​ដែល​មាន​ឈ្មោះ​នោះ​ទេ

62. គេ​ក៏​ធ្វើ​គ្រឿង​សំគាល់ សួរ​ដល់​ឪពុក តើ​លោក​ចង់​ឲ្យ​ឈ្មោះ​អ្វី​ដល់​កូន

63. លោក​សូម​ក្តារ‌ខៀន​មក​សរសេរ​ថា វា​ឈ្មោះ​យ៉ូហាន នោះ​គេ​មាន​សេចក្ដី​អស្ចារ្យ​ទាំង​អស់​គ្នា

64. ខណៈ​នោះ មាត់​លោក​បើក​ឡើង​ជា​១​រំពេច អណ្តាត​ក៏​រលាស់​បាន ហើយ​លោក​ពណ៌នា​សរសើរ​ដល់​ព្រះ

65. ឯ​មនុស្ស​ដែល​នៅ​ជុំ‌វិញ​ទាំង​ប៉ុន្មាន ក៏​កើត​មាន​សេចក្ដី​ភ័យ​ខ្លាច រួច​គេ​រ៉ាយ‌រ៉ាប់​រឿង​នេះ​ទួទៅ​ពេញ​ក្នុង​ស្រុក​ភ្នំ​របស់​ខេត្ត​យូដា

66. ហើយ​អស់​អ្នក​ដែល​ឮ ក៏​ទុក​តែ​ក្នុង​ពោះ​ដោយ​ថា ដូច្នេះ តើ​កូន​នេះ​នឹង​បាន​ជា​អ្វី ព្រះ‌ហស្ត​ព្រះ‌អម្ចាស់​ក៏​នៅ​ជា​មួយ​នឹង​វា។

សូមអានជំពូកពេញលេញ លូកា 1