5. កាលនៅរាជ្យហេរ៉ូឌ ជាស្តេចស្រុកយូដា នោះមានសង្ឃ១ក្នុងពួកលោកអ័ប៊ីយ៉ា នាមសាការី ប្រពន្ធឈ្មោះអេលីសាបិត ជាពូជលោកអើរ៉ុន
6. អ្នកទាំង២នោះជាមនុស្សសុចរិតនៅចំពោះព្រះ បានកាន់តាមក្រឹត្យក្រម និងច្បាប់នៃព្រះអម្ចាស់ទាំងប៉ុន្មាន ឥតកន្លែងបន្ទោសបានទេ
7. លោកគ្មានកូនសោះ ដ្បិតអេលីសាបិតជាស្ត្រីអារ ហើយទាំងប្ដីប្រពន្ធក៏ចាស់ណាស់ផង។
8. រីឯតាមទំលាប់ការងារពួកសង្ឃ ដែលគេចាប់ឆ្នោត នោះត្រូវវេន ឲ្យលោកចូលទៅដុតគ្រឿងក្រអូប នៅក្នុងព្រះវិហារនៃព្រះអម្ចាស់
9. កាលកំពុងតែធ្វើការងារនៃពួកសង្ឃ នៅចំពោះព្រះ តាមវេនលោក
10. ហើយបណ្តាមនុស្ស ដែលនៅខាងក្រៅកំពុងតែអធិស្ឋាន នៅវេលាដុតគ្រឿងក្រអូប
11. នោះមានទេវតានៃព្រះអម្ចាស់លេចមក ឈរខាងស្តាំនៃអាសនាគ្រឿងក្រអូបឲ្យលោកឃើញ
12. កាលសាការីឃើញទេវតាហើយ លោកក៏ភាន់ភាំង ហើយកើតមានសេចក្ដីភ័យខ្លាច
13. ប៉ុន្តែ ទេវតានិយាយថា កុំខ្លាចអី សាការីអើយ ព្រោះពាក្យដែលលោកទូលអង្វរ នោះបានទទួលហើយ ឯអេលីសាបិត ប្រពន្ធលោក នឹងបង្កើតកូនប្រុស១ឲ្យលោក ត្រូវឲ្យវាមានឈ្មោះថា «យ៉ូហាន»
14. លោកនឹងមានសេចក្ដីរីករាយ និងសេចក្ដីអំណរ ហើយមនុស្សជាច្រើននឹងអរសាទរ ក្នុងកាលដែលវាកើតមកនោះ
15. ដ្បិតវានឹងបានជាធំនៅចំពោះព្រះអម្ចាស់ វានឹងមិនផឹកស្រាទំពាំងបាយជូរ ឬគ្រឿងស្រវឹងទេ វានឹងបានពេញជាព្រះវិញ្ញាណបរិសុទ្ធ តាំងតែពីផ្ទៃម្តាយមក
16. វានឹងបង្វិលកូនចៅសាសន៍អ៊ីស្រាអែលជាច្រើន ឲ្យត្រឡប់វិលមកឯព្រះអម្ចាស់ ជាព្រះនៃគេវិញ
17. វានឹងនាំមុខទ្រង់ ដោយនូវវិញ្ញាណ ហើយនឹងអំណាចរបស់លោកអេលីយ៉ា ដើម្បីនឹងបំបែរចិត្តពួកឪពុកមកឯកូន និងពួកចចេសមកឯប្រាជ្ញារបស់មនុស្សសុចរិតវិញ ប្រយោជន៍នឹងរៀបចំមនុស្ស១ពួកទុកជាស្រេច សំរាប់ជារាស្ត្ររបស់ព្រះអម្ចាស់