គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

លូកា 1:5-16 ព្រះគម្ពីរបរិសុទ្ធ (KHOV)

5. កាល​នៅ​រាជ្យ​ហេរ៉ូឌ ជា​ស្តេច​ស្រុក​យូដា នោះ​មាន​សង្ឃ​១​ក្នុង​ពួក​លោក​អ័ប៊ីយ៉ា នាម​សាការី ប្រពន្ធ​ឈ្មោះ​អេលី‌សាបិត ជា​ពូជ​លោក​អើរ៉ុន

6. អ្នក​ទាំង​២​នោះ​ជា​មនុស្ស​សុចរិត​នៅ​ចំពោះ​ព្រះ បាន​កាន់​តាម​ក្រឹត្យ‌ក្រម និង​ច្បាប់​នៃ​ព្រះ‌អម្ចាស់​ទាំង​ប៉ុន្មាន ឥត​កន្លែង​បន្ទោស​បាន​ទេ

7. លោក​គ្មាន​កូន​សោះ ដ្បិត​អេលី‌សាបិត​ជា​ស្ត្រី​អារ ហើយ​ទាំង​ប្ដី​ប្រពន្ធ​ក៏​ចាស់​ណាស់​ផង។

8. រីឯ​តាម​ទំលាប់​ការ‌ងារ​ពួក​សង្ឃ ដែល​គេ​ចាប់​ឆ្នោត នោះ​ត្រូវ​វេន ឲ្យ​លោក​ចូល​ទៅ​ដុត​គ្រឿង​ក្រអូប នៅ​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌អម្ចាស់

9. កាល​កំពុង​តែ​ធ្វើ​ការ‌ងារ​នៃ​ពួក​សង្ឃ នៅ​ចំពោះ​ព្រះ តាម​វេន​លោក

10. ហើយ​បណ្តា​មនុស្ស ដែល​នៅ​ខាង​ក្រៅ​កំពុង​តែ​អធិស្ឋាន នៅ​វេលា​ដុត​គ្រឿង​ក្រអូប

11. នោះ​មាន​ទេវតា​នៃ​ព្រះ‌អម្ចាស់​លេច​មក ឈរ​ខាង​ស្តាំ​នៃ​អាសនា​គ្រឿង​ក្រអូប​ឲ្យ​លោក​ឃើញ

12. កាល​សាការី​ឃើញ​ទេវតា​ហើយ លោក​ក៏​ភាន់‌ភាំង ហើយ​កើត​មាន​សេចក្ដី​ភ័យ​ខ្លាច

13. ប៉ុន្តែ ទេវតា​និយាយ​ថា កុំ​ខ្លាច​អី សាការី​អើយ ព្រោះ​ពាក្យ​ដែល​លោក​ទូល​អង្វរ នោះ​បាន​ទទួល​ហើយ ឯ​អេលី‌សាបិត ប្រពន្ធ​លោក នឹង​បង្កើត​កូន​ប្រុស​១​ឲ្យ​លោក ត្រូវ​ឲ្យ​វា​មាន​ឈ្មោះ​ថា «យ៉ូហាន»

14. លោក​នឹង​មាន​សេចក្ដី​រីក‌រាយ និង​សេចក្ដី​អំណរ ហើយ​មនុស្ស​ជា​ច្រើន​នឹង​អរ​សាទរ ក្នុង​កាល​ដែល​វា​កើត​មក​នោះ

15. ដ្បិត​វា​នឹង​បាន​ជា​ធំ​នៅ​ចំពោះ​ព្រះ‌អម្ចាស់ វា​នឹង​មិន​ផឹក​ស្រា​ទំពាំង‌បាយ‌ជូរ ឬ​គ្រឿង​ស្រវឹង​ទេ វា​នឹង​បាន​ពេញ​ជា​ព្រះ‌វិញ្ញាណ​បរិសុទ្ធ តាំង​តែ​ពី​ផ្ទៃ​ម្តាយ​មក

16. វា​នឹង​បង្វិល​កូន​ចៅ​សាសន៍​អ៊ីស្រា‌អែល​ជា​ច្រើន ឲ្យ​ត្រឡប់​វិល​មក​ឯ​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​គេ​វិញ

សូមអានជំពូកពេញលេញ លូកា 1