គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

លូកា 1:31-43 ព្រះគម្ពីរបរិសុទ្ធ (KHOV)

31. មើល​នាង​នឹង​មាន​គភ៌​ប្រសូត​បាន​បុត្រា​១ ដែល​នាង​ត្រូវ​ថ្វាយ​ព្រះ‌នាម​ថា «យេស៊ូវ»

32. បុត្រ​នោះ​នឹង​បាន​ជា​ធំ​ឧត្តម ហើយ​គេ​នឹង​ហៅ​ទ្រង់ ជា​ព្រះ‌រាជ‌បុត្រា​នៃ​ព្រះ​ដ៏​ខ្ពស់​បំផុត ព្រះ‌អម្ចាស់​ដ៏​ជា​ព្រះ ទ្រង់​នឹង​ប្រទាន​រាជ្យ​នៃ​ហ្លួង​ដាវីឌ ជា​អយ្យកោ​ទ្រង់​ថ្វាយ​ទ្រង់​សោយ

33. ទ្រង់​នឹង​សោយ​រាជ្យ​លើ​ពួក​វង្ស​របស់​យ៉ាកុប នៅ​អស់​កល្ប​រៀង​ទៅ ហើយ​រាជ្យ​ទ្រង់​នឹង​មិន​ផុត​ឡើយ

34. តែ​ម៉ារា​សួរ​ទេវតា​ថា ខ្ញុំ​មិន​ស្គាល់​ប្រុស​ណា​ផង ដូច្នេះ តើ​ធ្វើ​ដូច​ម្តេច​នឹង​ឲ្យ​ការ​នេះ​សំរេច​បាន

35. ទេវតា​ក៏​ឆ្លើយ​ថា ព្រះ‌វិញ្ញាណ​បរិសុទ្ធ​នឹង​យាង​មក​សណ្ឋិត​លើ​នាង ហើយ​ព្រះ‌ចេស្តា​នៃ​ព្រះ​ដ៏​ខ្ពស់​បំផុត នឹង​មក​គ្រប​បាំង​នាង​ដោយ​ស្រមោល ហេតុ​ដូច្នេះ បុត្រ​បរិសុទ្ធ​ដែល​នឹង​ប្រសូត​មក​នោះ ត្រូវ​ហៅ​ថា​ជា​ព្រះ‌រាជ​បុត្រា​នៃ​ព្រះ

36. មើល​ឥឡូវ​អេលី‌សាបិត ជា​ញាតិ​នាង ក៏​មាន​ផ្ទៃ​ពោះ​ជា​កូន​ប្រុស ក្នុង​ការ​ដែល​ចាស់​ហើយ​ដែរ គឺ​អ្នក​ដែល​គេ​បាន​ហៅ​ថា​ជា​ស្ត្រី​អារ នោះ​នាង​មាន​ផ្ទៃ​ពោះ​៦​ខែ​មក​ហើយ

37. ដ្បិត​ការ​អ្វី​ដែល​ព្រះ​ទ្រង់​ធ្វើ​ពុំ​បាន នោះ​គ្មាន​សោះ​ឡើយ

38. នោះ​ម៉ារា​និយាយ​ថា មើល​ខ្ញុំ​នេះ​ជា​អ្នក​បំរើ​របស់​ព្រះ‌អម្ចាស់ ដូច្នេះ សូម​ឲ្យ​បាន​សំរេច​ដូច​ពាក្យ​លោក​ចុះ រួច​ទេវតា​ក៏​ថយ​ចេញ​ពី​នាង​បាត់​ទៅ។

39. នៅ​គ្រា​នោះ ម៉ារា​ក៏​ក្រោក​ឡើង ទៅ​ឯ​ស្រុក​ភ្នំ​ជា​ប្រញាប់ ដល់​ភូមិ​១​ក្នុង​ខេត្ត​យូដា

40. ក៏​ចូល​ទៅ​ក្នុង​ផ្ទះ​សាការី ជំរាប​សួរ​ដល់​អេលី‌សាបិត

41. កាល​អេលី‌សាបិត​បាន​ឮ​ពាក្យ​ម៉ារា​ជំរាប​សួរ នោះ​កូន​ក៏​បង្រះ​នៅ​ក្នុង​ផ្ទៃ រួច​គាត់​បាន​ពេញ​ជា​ព្រះ‌វិញ្ញាណ​បរិសុទ្ធ

42. ក៏​បន្លឺ​សំឡេង​យ៉ាង​ខ្លាំង​ថា ក្នុង​បណ្តា​ពួក​ស្រីៗ គឺ​នាង​ហើយ ជា​ស្ត្រី​មាន​ពរ​ពិត ព្រម​ទាំង​កូន​នៅ​ក្នុង​ផ្ទៃ​នាង​ផង

43. ដូច​ម្តេច​ហ្ន៎ បាន​ជា​ដល់​ទៅ​ព្រះ‌មាតា​ព្រះ‌អម្ចាស់​នៃ​ខ្ញុំ​ក៏​មក​សួរ​ដូច្នេះ​ដែរ

សូមអានជំពូកពេញលេញ លូកា 1