គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

លូកា 1:15-33 ព្រះគម្ពីរបរិសុទ្ធ (KHOV)

15. ដ្បិត​វា​នឹង​បាន​ជា​ធំ​នៅ​ចំពោះ​ព្រះ‌អម្ចាស់ វា​នឹង​មិន​ផឹក​ស្រា​ទំពាំង‌បាយ‌ជូរ ឬ​គ្រឿង​ស្រវឹង​ទេ វា​នឹង​បាន​ពេញ​ជា​ព្រះ‌វិញ្ញាណ​បរិសុទ្ធ តាំង​តែ​ពី​ផ្ទៃ​ម្តាយ​មក

16. វា​នឹង​បង្វិល​កូន​ចៅ​សាសន៍​អ៊ីស្រា‌អែល​ជា​ច្រើន ឲ្យ​ត្រឡប់​វិល​មក​ឯ​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​គេ​វិញ

17. វា​នឹង​នាំ​មុខ​ទ្រង់ ដោយ​នូវ​វិញ្ញាណ ហើយ​នឹង​អំណាច​របស់​លោក​អេលីយ៉ា ដើម្បី​នឹង​បំបែរ​ចិត្ត​ពួក​ឪពុក​មក​ឯ​កូន និង​ពួក​ចចេស​មក​ឯ​ប្រាជ្ញា​របស់​មនុស្ស​សុចរិត​វិញ ប្រយោជន៍​នឹង​រៀប‌ចំ​មនុស្ស​១​ពួក​ទុក​ជា​ស្រេច សំរាប់​ជា​រាស្ត្រ​របស់​ព្រះ‌អម្ចាស់

18. សាការី​សួរ​ទេវតា​ថា តើ​ខ្ញុំ​នឹង​ដឹង​សេចក្ដី​នោះ​បាន ដោយ‌សារ​អ្វី ដ្បិត​ខ្ញុំ​សោត​ក៏​ចាស់​ហើយ ប្រពន្ធ​ខ្ញុំ​ក៏​ចាស់​ណាស់​ដែរ

19. ទេវតា​ឆ្លើយ​តប​នឹង​លោក​ថា ខ្ញុំ​នេះ ឈ្មោះ​កាព្រី‌យ៉ែល ដែល​ឈរ​នៅ​ចំពោះ​ព្រះ ទ្រង់​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​និយាយ​នឹង​លោក ហើយ​ប្រកាស​ប្រាប់​ដំណឹង​ល្អ​នេះ

20. មើល លោក​នឹង​ត្រូវ​គ និយាយ​មិន​បាន ដរាប​ដល់​ថ្ងៃ​ដែល​ការ​ទាំង​នេះ​កើត​មក ពី​ព្រោះ​លោក​មិន​បាន​ជឿ​ពាក្យ​ខ្ញុំ ដែល​នឹង​សំរេច​នៅ​វេលា​កំណត់​នោះ​ទេ។

21. ឯ​បណ្តា​មនុស្ស​គេ​នៅ​ចាំ​សាការី ក៏​នឹក​ប្លែក​ពី​លោក ដែល​នៅ​ក្នុង​ព្រះ‌វិហារ​ជា​យូរ​ម៉្លេះ

22. កាល​លោក​ចេញ​មក លោក​និយាយ​នឹង​គេ​មិន​បាន​ទេ គេ​ក៏​យល់​ឃើញ​ថា លោក​បាន​ឃើញ​ការ​ជាក់​ស្តែង​ណា​មួយ នៅ​ក្នុង​ព្រះ‌វិហារ​ជា​មិន​ខាន ដោយ​លោក​ធ្វើ​គ្រឿង​សំគាល់​ឲ្យ​ដឹង ហើយ​ក៏​នៅ​តែ​គ

23. កាល​វេលា​ដែល​ការ‌ងារ​លោក​បាន​សំរេច​ហើយ នោះ​លោក​ក៏​ត្រឡប់​ទៅ​ផ្ទះ​វិញ

24. គ្រា​ក្រោយ​នោះ អេលី‌សាបិត ជា​ប្រពន្ធ​លោក នាង​មាន​ផ្ទៃ​ពោះ រួច​ក៏​លាក់​ខ្លួន​នៅ​៥​ខែ ដោយ​ថា

25. ព្រះ‌អម្ចាស់​ទ្រង់​បាន​ប្រោស​ខ្ញុំ​យ៉ាង​ដូច្នេះ ក្នុង​គ្រា​ដែល​ទ្រង់​ទត​មក​ខ្ញុំ ដើម្បី​នឹង​ដោះ​សេចក្ដី​អាម៉ាស់​ខ្មាស​របស់​ខ្ញុំ នៅ​កណ្តាល​មនុស្ស​ចេញ។

26. កន្លង​៦​ខែ​ក្រោយ​នោះ​មក ព្រះ​ទ្រង់​ចាត់​ទេវតា​កាព្រី‌យ៉ែល ឲ្យ​ទៅ​ឯ​នាង​ព្រហ្មចារី​ម្នាក់ ដែល​នៅ​ភូមិ​ណា‌សារ៉ែត ក្នុង​ស្រុក​កាលី‌ឡេ

27. ជា​ស្ត្រី​ដែល​បាន​បំរុង​ទុក​ឲ្យ​មនុស្ស​ម្នាក់​ឈ្មោះ​យ៉ូសែប ជា​ពូជ​ហ្លួង​ដាវីឌ នាង​នោះ​ឈ្មោះ​ម៉ារា

28. ទេវតា​ក៏​ចូល​មក​ឯ​នាង​ពោល​ថា ជំរាប​សួរ​នាង ឱ​នាង​ដែល​ប្រកប​ដោយ​ព្រះ‌គុណ​អើយ ព្រះ‌អម្ចាស់​ទ្រង់​គង់​នៅ​ជា​មួយ​នឹង​នាង ក្នុង​បណ្តា​ពួក​ស្រីៗ នាង​ជា​ស្ត្រី​មាន​ពរ​ពិត

29. នាង​មាន​សេចក្ដី​ភាំង ដោយ​ឮ​ពាក្យ​នោះ ហើយ​រិះ‌គិត​ក្នុង​ចិត្ត ពី​ពាក្យ​ជំរាប​សួរ​យ៉ាង​នោះ​មាន​ន័យ​ដូច​ម្តេច

30. តែ​ទេវតា​និយាយ​ថា កុំ​ខ្លាច​អី ម៉ារា​អើយ ដ្បិត​ព្រះ​បាន​ប្រោស​មេត្តា​ដល់​នាង​ហើយ

31. មើល​នាង​នឹង​មាន​គភ៌​ប្រសូត​បាន​បុត្រា​១ ដែល​នាង​ត្រូវ​ថ្វាយ​ព្រះ‌នាម​ថា «យេស៊ូវ»

32. បុត្រ​នោះ​នឹង​បាន​ជា​ធំ​ឧត្តម ហើយ​គេ​នឹង​ហៅ​ទ្រង់ ជា​ព្រះ‌រាជ‌បុត្រា​នៃ​ព្រះ​ដ៏​ខ្ពស់​បំផុត ព្រះ‌អម្ចាស់​ដ៏​ជា​ព្រះ ទ្រង់​នឹង​ប្រទាន​រាជ្យ​នៃ​ហ្លួង​ដាវីឌ ជា​អយ្យកោ​ទ្រង់​ថ្វាយ​ទ្រង់​សោយ

33. ទ្រង់​នឹង​សោយ​រាជ្យ​លើ​ពួក​វង្ស​របស់​យ៉ាកុប នៅ​អស់​កល្ប​រៀង​ទៅ ហើយ​រាជ្យ​ទ្រង់​នឹង​មិន​ផុត​ឡើយ

សូមអានជំពូកពេញលេញ លូកា 1