គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

លូកា 1:11-21 ព្រះគម្ពីរបរិសុទ្ធ (KHOV)

11. នោះ​មាន​ទេវតា​នៃ​ព្រះ‌អម្ចាស់​លេច​មក ឈរ​ខាង​ស្តាំ​នៃ​អាសនា​គ្រឿង​ក្រអូប​ឲ្យ​លោក​ឃើញ

12. កាល​សាការី​ឃើញ​ទេវតា​ហើយ លោក​ក៏​ភាន់‌ភាំង ហើយ​កើត​មាន​សេចក្ដី​ភ័យ​ខ្លាច

13. ប៉ុន្តែ ទេវតា​និយាយ​ថា កុំ​ខ្លាច​អី សាការី​អើយ ព្រោះ​ពាក្យ​ដែល​លោក​ទូល​អង្វរ នោះ​បាន​ទទួល​ហើយ ឯ​អេលី‌សាបិត ប្រពន្ធ​លោក នឹង​បង្កើត​កូន​ប្រុស​១​ឲ្យ​លោក ត្រូវ​ឲ្យ​វា​មាន​ឈ្មោះ​ថា «យ៉ូហាន»

14. លោក​នឹង​មាន​សេចក្ដី​រីក‌រាយ និង​សេចក្ដី​អំណរ ហើយ​មនុស្ស​ជា​ច្រើន​នឹង​អរ​សាទរ ក្នុង​កាល​ដែល​វា​កើត​មក​នោះ

15. ដ្បិត​វា​នឹង​បាន​ជា​ធំ​នៅ​ចំពោះ​ព្រះ‌អម្ចាស់ វា​នឹង​មិន​ផឹក​ស្រា​ទំពាំង‌បាយ‌ជូរ ឬ​គ្រឿង​ស្រវឹង​ទេ វា​នឹង​បាន​ពេញ​ជា​ព្រះ‌វិញ្ញាណ​បរិសុទ្ធ តាំង​តែ​ពី​ផ្ទៃ​ម្តាយ​មក

16. វា​នឹង​បង្វិល​កូន​ចៅ​សាសន៍​អ៊ីស្រា‌អែល​ជា​ច្រើន ឲ្យ​ត្រឡប់​វិល​មក​ឯ​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​គេ​វិញ

17. វា​នឹង​នាំ​មុខ​ទ្រង់ ដោយ​នូវ​វិញ្ញាណ ហើយ​នឹង​អំណាច​របស់​លោក​អេលីយ៉ា ដើម្បី​នឹង​បំបែរ​ចិត្ត​ពួក​ឪពុក​មក​ឯ​កូន និង​ពួក​ចចេស​មក​ឯ​ប្រាជ្ញា​របស់​មនុស្ស​សុចរិត​វិញ ប្រយោជន៍​នឹង​រៀប‌ចំ​មនុស្ស​១​ពួក​ទុក​ជា​ស្រេច សំរាប់​ជា​រាស្ត្រ​របស់​ព្រះ‌អម្ចាស់

18. សាការី​សួរ​ទេវតា​ថា តើ​ខ្ញុំ​នឹង​ដឹង​សេចក្ដី​នោះ​បាន ដោយ‌សារ​អ្វី ដ្បិត​ខ្ញុំ​សោត​ក៏​ចាស់​ហើយ ប្រពន្ធ​ខ្ញុំ​ក៏​ចាស់​ណាស់​ដែរ

19. ទេវតា​ឆ្លើយ​តប​នឹង​លោក​ថា ខ្ញុំ​នេះ ឈ្មោះ​កាព្រី‌យ៉ែល ដែល​ឈរ​នៅ​ចំពោះ​ព្រះ ទ្រង់​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​និយាយ​នឹង​លោក ហើយ​ប្រកាស​ប្រាប់​ដំណឹង​ល្អ​នេះ

20. មើល លោក​នឹង​ត្រូវ​គ និយាយ​មិន​បាន ដរាប​ដល់​ថ្ងៃ​ដែល​ការ​ទាំង​នេះ​កើត​មក ពី​ព្រោះ​លោក​មិន​បាន​ជឿ​ពាក្យ​ខ្ញុំ ដែល​នឹង​សំរេច​នៅ​វេលា​កំណត់​នោះ​ទេ។

21. ឯ​បណ្តា​មនុស្ស​គេ​នៅ​ចាំ​សាការី ក៏​នឹក​ប្លែក​ពី​លោក ដែល​នៅ​ក្នុង​ព្រះ‌វិហារ​ជា​យូរ​ម៉្លេះ

សូមអានជំពូកពេញលេញ លូកា 1