គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

រ៉ូម 9:2-18 ព្រះគម្ពីរបរិសុទ្ធ (KHOV)

2. ខ្ញុំ​មាន​សេចក្តី​ទុក្ខ​សោក​ជា​ខ្លាំង និង​សេចក្តី​ព្រួយ​លំបាក​ក្នុង​ចិត្ត​ជានិច្ច

3. ដ្បិត​ខ្ញុំ​ស្ទើរ​តែ​នឹង​សូម​ឲ្យ​ព្រះ‌គ្រីស្ទ​ដាក់​បណ្តាសា​ខ្ញុំ​វិញ ជំនួស​បង​ប្អូន​ជា​ញាតិ​សន្តាន​របស់​ខ្ញុំ ខាង​ឯ​សាច់​ឈាម

4. គឺ​ជា​សាសន៍​អ៊ីស្រា‌អែល ដែល​គេ​មាន​ការ​ចិញ្ចឹម​ជា​កូន​ព្រះ និង​សិរី‌ល្អ សេចក្តី​សញ្ញា ការ​ប្រទាន​ក្រឹត្យ‌វិន័យ របៀប​ថ្វាយ‌បង្គំ និង​សេចក្តី​សន្យា​ជា​របស់​ផង​ខ្លួន ព្រម​ទាំង​ពួក​ឰយុកោ​ផង

5. ហើយ​ព្រះ‌គ្រីស្ទ​ក៏​បាន​កើត​ពី​ពួក​គេ ខាង​ឯ​សាច់​ឈាម​ដែរ ដែល​ទ្រង់​ខ្ពស់​លើស​ទាំង​អស់ ជា​ព្រះ​ដ៏​មាន​ពរ​អស់​កល្ប‌ជានិច្ច អាម៉ែន

6. ប៉ុន្តែ មិន​មែន​ថា​ព្រះ‌បន្ទូល​ទច់​អាក់​នោះ​ទេ ដ្បិត​មិន​មែន​អស់​អ្នក​ដែល​កើត​ក្នុង​សាសន៍​អ៊ីស្រា‌អែល ជា​សាសន៍​អ៊ីស្រា‌អែល​ពិត​នោះ​ឡើយ

7. ក៏​មិន​មែន​ជា​កូន​លោក​អ័ប្រា‌ហាំ​ទាំង​អស់​គ្នា ដោយ​ព្រោះ​តែ​ជា​ពូជ​លោក​នោះ​ដែរ តែ​មាន​សេចក្តី​ចែង​ទុក​មក​ថា «ពូជ​ឯង​នឹង​បាន​រាប់​ពី​អ៊ីសាក​មក»

8. គឺ​ថា មិន​មែន​កូន​ខាង​សាច់​ឈាម ដែល​ជា​កូន​របស់​ព្រះ​នោះ​ទេ ឯ​កូន​ខាង​ឯ​សេចក្តី​សន្យា នោះ​ទើប​បាន​រាប់​ជា​ពូជ​វិញ

9. ដ្បិត​សេចក្តី​សន្យា​នោះ គឺ​ជា​ព្រះ‌បន្ទូល​នេះ​ដែល​ថា «អញ​នឹង​មក​វិញ​តាម​កំណត់​នេះ នោះ​សារ៉ា​នឹង​មាន​កូន»

10. មិន​តែ​ប៉ុណ្ណោះ​សោត រេបិកា​ក៏​មាន​ផ្ទៃ​ពោះ​នឹង​មនុស្ស​ម្នាក់​ដែរ គឺ​អ៊ីសាក ជា​ឰយុកោ​នៃ​យើង​រាល់​គ្នា

11. គ្រា​ដែល​កូន​មិន​ទាន់​កើត​មក​នៅ​ឡើយ ហើយ​មិន​ទាន់​ធ្វើ​ការ​ល្អ​ឬ​អាក្រក់​អ្វី

12. នោះ​ព្រះ​ទ្រង់​មាន​ព្រះ‌បន្ទូល​ប្រាប់​នាង​ថា «កូន​ច្បង​នឹង​ត្រូវ​បំរើ​ប្អូន»

13. ដូច​មាន​សេចក្តី​ចែង​ទុក​មក​ថា «អញ​បាន​ស្រឡាញ់​យ៉ាកុប តែ​ស្អប់​អេសាវ​វិញ» គឺ​ដើម្បី​ឲ្យ​ព្រះ‌ដំរិះ​របស់​ព្រះ ខាង​ឯ​សេចក្តី​រើស​តាំង​បាន​ជាប់​នៅ មិន​មែន​ដោយ​អាង​ការ​ប្រព្រឹត្ត​ទេ គឺ​ដោយ​អាង​ព្រះ​ដែល​ទ្រង់​ហៅ​វិញ។

14. ដូច្នេះ យើង​នឹង​ថា​ដូច​ម្តេច តើ​ព្រះ​មាន​សេចក្តី​ទុច្ចរិត​ឬ​អី ទេ គ្មាន​សោះ

15. ដ្បិត​ទ្រង់​មាន​ព្រះ‌បន្ទូល​ទៅ​លោក​ម៉ូសេ​ថា «អញ​នឹង​ផ្សាយ​សេចក្តី​មេត្តា‌ករុណា ដល់​អ្នក​ណា​ដែល​អញ​មេត្តា‌ករុណា ក៏​នឹង​មាន​សេចក្តី​ក្តួល​អាណិត ដល់​អ្នក​ណា​ដែល​អញ​ក្តួល​អាណិត»

16. ដូច្នេះ មិន​សំរេច​នឹង​អ្នក​ណា​ដែល​ចង់​បាន ឬ​នឹង​អ្នក​ណា​ដែល​ខំ​រត់​តាម​នោះ​ទេ គឺ​ស្រេច​នឹង​ព្រះ ដែល​មាន​សេចក្តី​មេត្តា‌ករុណា​វិញ

17. ដ្បិត​មាន​បទ​គម្ពីរ​សំដែង​ដល់​ផារ៉ោន​ថា «អញ​បាន​តាំង​ឯង​ឡើង​សំរាប់​ការ​នេះ​ឯង គឺ​ដើម្បី​សំដែង​ឫទ្ធិ‌បារមី​អញ​ក្នុង​ខ្លួន​ឯង

18. ដូច្នេះ ទ្រង់​តែង​ផ្សាយ​មេត្តា‌ករុណា ដល់​អ្នក​ណា​តាម​ព្រះ‌ហឫ‌ទ័យ ហើយ​ទ្រង់​ធ្វើ​ឲ្យ​អ្នក​ណា​រឹង‌ទទឹង​ក៏​តាម​តែ​ព្រះ‌ហឫ‌ទ័យ​ដែរ។

សូមអានជំពូកពេញលេញ រ៉ូម 9