គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

រ៉ូម 9:1-12 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. ខ្ញុំ​និយាយ​សេចក្តី​ពិត ដោយ​នូវ​ព្រះ‌គ្រីស្ទ ខ្ញុំ​មិន​ភូត‌កុហក​ទេ បញ្ញា​ចិត្ត​ខ្ញុំ​ក៏​ធ្វើ​បន្ទាល់​ជា​មួយ​នឹង​ខ្ញុំ ដោយ​នូវ​ព្រះ‌វិញ្ញាណ​បរិសុទ្ធ​ផង ថា

2. ខ្ញុំ​មាន​សេចក្តី​ទុក្ខ​សោក​ជា​ខ្លាំង និង​សេចក្តី​ព្រួយ​លំបាក​ក្នុង​ចិត្ត​ជានិច្ច

3. ដ្បិត​ខ្ញុំ​ស្ទើរ​តែ​នឹង​សូម​ឲ្យ​ព្រះ‌គ្រីស្ទ​ដាក់​បណ្តាសា​ខ្ញុំ​វិញ ជំនួស​បង​ប្អូន​ជា​ញាតិ​សន្តាន​របស់​ខ្ញុំ ខាង​ឯ​សាច់​ឈាម

4. គឺ​ជា​សាសន៍​អ៊ីស្រា‌អែល ដែល​គេ​មាន​ការ​ចិញ្ចឹម​ជា​កូន​ព្រះ និង​សិរី‌ល្អ សេចក្តី​សញ្ញា ការ​ប្រទាន​ក្រឹត្យ‌វិន័យ របៀប​ថ្វាយ‌បង្គំ និង​សេចក្តី​សន្យា​ជា​របស់​ផង​ខ្លួន ព្រម​ទាំង​ពួក​ឰយុកោ​ផង

5. ហើយ​ព្រះ‌គ្រីស្ទ​ក៏​បាន​កើត​ពី​ពួក​គេ ខាង​ឯ​សាច់​ឈាម​ដែរ ដែល​ទ្រង់​ខ្ពស់​លើស​ទាំង​អស់ ជា​ព្រះ​ដ៏​មាន​ពរ​អស់​កល្ប‌ជានិច្ច អាម៉ែន

6. ប៉ុន្តែ មិន​មែន​ថា​ព្រះ‌បន្ទូល​ទច់​អាក់​នោះ​ទេ ដ្បិត​មិន​មែន​អស់​អ្នក​ដែល​កើត​ក្នុង​សាសន៍​អ៊ីស្រា‌អែល ជា​សាសន៍​អ៊ីស្រា‌អែល​ពិត​នោះ​ឡើយ

7. ក៏​មិន​មែន​ជា​កូន​លោក​អ័ប្រា‌ហាំ​ទាំង​អស់​គ្នា ដោយ​ព្រោះ​តែ​ជា​ពូជ​លោក​នោះ​ដែរ តែ​មាន​សេចក្តី​ចែង​ទុក​មក​ថា «ពូជ​ឯង​នឹង​បាន​រាប់​ពី​អ៊ីសាក​មក»

8. គឺ​ថា មិន​មែន​កូន​ខាង​សាច់​ឈាម ដែល​ជា​កូន​របស់​ព្រះ​នោះ​ទេ ឯ​កូន​ខាង​ឯ​សេចក្តី​សន្យា នោះ​ទើប​បាន​រាប់​ជា​ពូជ​វិញ

9. ដ្បិត​សេចក្តី​សន្យា​នោះ គឺ​ជា​ព្រះ‌បន្ទូល​នេះ​ដែល​ថា «អញ​នឹង​មក​វិញ​តាម​កំណត់​នេះ នោះ​សារ៉ា​នឹង​មាន​កូន»

10. មិន​តែ​ប៉ុណ្ណោះ​សោត រេបិកា​ក៏​មាន​ផ្ទៃ​ពោះ​នឹង​មនុស្ស​ម្នាក់​ដែរ គឺ​អ៊ីសាក ជា​ឰយុកោ​នៃ​យើង​រាល់​គ្នា

11. គ្រា​ដែល​កូន​មិន​ទាន់​កើត​មក​នៅ​ឡើយ ហើយ​មិន​ទាន់​ធ្វើ​ការ​ល្អ​ឬ​អាក្រក់​អ្វី

12. នោះ​ព្រះ​ទ្រង់​មាន​ព្រះ‌បន្ទូល​ប្រាប់​នាង​ថា «កូន​ច្បង​នឹង​ត្រូវ​បំរើ​ប្អូន»

សូមអានជំពូកពេញលេញ រ៉ូម 9