គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

រ៉ូម 8:15-29 ព្រះគម្ពីរបរិសុទ្ធ (KHOV)

15. អ្នក​រាល់​គ្នា​មិន​បាន​ទទួល​និស្ស័យ​ជា​បាវ​បំរើ ឲ្យ​ត្រូវ​ភ័យ​ខ្លាច​ទៀត​ឡើយ គឺ​បាន​ទទួល​និស្ស័យ​ជា​កូន​ចិញ្ចឹម​វិញ ដោយ​ហេតុ​នោះ​បាន​ជា​យើង​ស្រែក​ឡើង​ថា ឱ​អ័ប្បា ព្រះ‌វរ‌បិតា​អើយ

16. ហើយ​ព្រះ‌វិញ្ញាណ​ទ្រង់​ក៏​ធ្វើ​បន្ទាល់​នឹង​វិញ្ញាណ​យើង​ថា យើង​ជា​កូន​របស់​ព្រះ

17. បើ​សិន​ណា​ជា​កូន​ព្រះ​ហើយ នោះ​យើង​ក៏​បាន​គ្រង​មរដក​ដែរ គឺ​ជា​អ្នក​គ្រង​មរដក​នៃ​ព្រះ​ជា​មួយ​នឹង​ព្រះ‌គ្រីស្ទ​ផង ឲ្យ​តែ​យើង​ទទួល​រង​ទុក្ខ​ជា​មួយ​នឹង​ទ្រង់​ចុះ ដើម្បី​ឲ្យ​បាន​ដំកើង​ឡើង​ជា​មួយ​នឹង​ទ្រង់​ដែរ។

18. ខ្ញុំ​រាប់​អស់​ទាំង​សេចក្តី​ទុក្ខ​លំបាក​នៅ​ជាន់​នេះ ថា​ជា​សេចក្តី​មិន​គួរ​ប្រៀប‌ផ្ទឹម​នឹង​សិរី‌ល្អ ដែល​នឹង​បើក​សំដែង​មក​ឲ្យ​យើង​រាល់​គ្នា​ឃើញ​នោះ​ទេ

19. ដ្បិត​សេចក្តី​ទន្ទឹង​របស់​ជីវិត​ទាំង‌ឡាយ នោះ​រង់‌ចាំ​តែ​ពួក​កូន​របស់​ព្រះ​លេច​មក​ឲ្យ​ឃើញ​ប៉ុណ្ណោះ​ទេ

20. ពី​ព្រោះ​ជីវិត​ទាំង‌ឡាយ​បាន​ត្រូវ​ចុះ​ចូល​នឹង​សេចក្តី​ឥត​ប្រយោជន៍ តែ​មិន​មែន​ដោយ​ស្ម័គ្រ​ពី​ចិត្ត គឺ​ដោយ​ព្រោះ​ព្រះ‌អង្គ ដែល​ទ្រង់​បញ្ចុះ‌បញ្ចូល​វិញ ដោយ​សង្ឃឹម​ថា

21. ជីវិត​ទាំង​នោះ​ឯង នឹង​បាន​រួច​ពី​ចំណង​នៃ​សេចក្តី​ពុក‌រលួយ ឲ្យ​បាន​សេរី‌ភាព​នៃ​សិរី‌ល្អ​របស់​ពួក​កូន​ព្រះ​វិញ

22. ដ្បិត​យើង​ដឹង​ថា ជីវិត​ទាំង‌ឡាយ​ក៏​ថ្ងូរ ហើយ​ឈឺ​ចាប់​ជា​មួយ​គ្នា ដរាប​ដល់​គ្រា​ឥឡូវ​នេះ

23. មិន​តែ​ប៉ុណ្ណោះ​សោត ខ្លួន​យើង​រាល់​គ្នា​ដែល​មាន​ផល​ជា​ដំបូង​របស់​ព្រះ‌វិញ្ញាណ ក៏​ថ្ងូរ​ក្នុង​ខ្លួន​ដែរ ទាំង​រង់‌ចាំ​ទំរាំ​ការ​ទទួល​ជា​កូន​ចិញ្ចឹម គឺ​ជា​សេចក្តី​ប្រោស​លោះ​ដល់​រូប‌កាយ​យើង​ផង

24. ដ្បិត​យើង​បាន​សង្គ្រោះ​រួច ដោយ​សេចក្តី​សង្ឃឹម តែ​សេចក្តី​សង្ឃឹម​ដែល​មើល​ឃើញ នោះ​មិន​ឈ្មោះ​ថា​ជា​សេចក្តី​សង្ឃឹម​ទេ ដ្បិត​របស់​អ្វី​ដែល​អ្នក​ណា​មើល​ឃើញ​ហើយ នោះ​នឹង​សង្ឃឹម​ចង់​បាន​ធ្វើ​អ្វី​ទៀត

25. តែ​បើ​យើង​សង្ឃឹម​នឹង​បាន​អ្វី ដែល​មើល​មិន​ឃើញ​វិញ នោះ​យើង​នឹង​រង់‌ចាំ​នៅ​ដោយ​អំណត់

26. ព្រះ‌វិញ្ញាណ​ទ្រង់​ក៏​ជួយ​សេចក្តី​កំសោយ​របស់​យើង​បែប​ដូច្នោះ​ដែរ ដ្បិត​យើង​មិន​ដឹង​ជា​គួរ​អធិស្ឋាន​សូម​អ្វី​ទេ តែ​ព្រះ‌វិញ្ញាណ​ទ្រង់​ជួយ​អង្វរ​ជំនួស​យើង ដោយ​ដំងូរ​ដែល​រក​ថ្លែង​ពុំ​បាន​វិញ

27. ប៉ុន្តែ ព្រះ‌អង្គ​ដែល​ស្ទង់​ចិត្ត ទ្រង់​ជ្រាប​នូវ​គំនិត​នៃ​ព្រះ‌វិញ្ញាណ ដ្បិត​ព្រះ‌វិញ្ញាណ​ជួយ​អង្វរ​ជួស​ពួក​បរិសុទ្ធ ឲ្យ​ត្រូវ​នឹង​ព្រះ‌ហឫ‌ទ័យ​ព្រះ

28. តែ​យើង​ដឹង​ថា គ្រប់​ការ​ទាំង​អស់​ផ្សំ​គ្នា សំរាប់​សេចក្តី​ល្អដល់​ពួក​អ្នក​ដែល​ស្រឡាញ់​ព្រះ គឺ​ដល់​ពួក​អ្នក​ដែល​ទ្រង់​ហៅ​មក តាម​ព្រះ‌ដំរិះ​ទ្រង់

29. ដ្បិត​អ្នក​ណា​ដែល​ទ្រង់​បាន​ស្គាល់​ជា​មុន នោះ​ទ្រង់​ក៏​ដំរូវ​ទុក​ជា​មុន ឲ្យ​បាន​ត្រឡប់​ដូច​ជា​រូប​អង្គ​នៃ​ព្រះ‌រាជ‌បុត្រា​ទ្រង់ ដើម្បី​ឲ្យ​ព្រះ‌រាជ‌បុត្រា​បាន​ធ្វើ​ជា​បង​ច្បង​គេ​ក្នុង​ពួក​បង​ប្អូន​ជា​ច្រើន

សូមអានជំពូកពេញលេញ រ៉ូម 8