គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

រ៉ូម 8:1-11 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. ហេតុ​នោះ នៅ​ជាន់​នេះ អ្នក​ណា​ដែល​នៅ​ក្នុង​ព្រះ‌គ្រីស្ទ​យេស៊ូវ នោះ​គ្មាន​ទោស​សោះ

2. ដ្បិត​អំណាច​របស់​ព្រះ‌វិញ្ញាណ​នៃ​ជីវិត ដែល​នៅ​ក្នុង​ព្រះ‌គ្រីស្ទ​យេស៊ូវ នោះ​បាន​ប្រោស​ឲ្យ​ខ្ញុំ​រួច​ពី​អំណាច​របស់​អំពើ​បាប និង​សេចក្តី​ស្លាប់​ហើយ

3. ពី​ព្រោះ ឯ​ការ​ដែល​ក្រឹត្យ‌វិន័យ​ធ្វើ​មិន​កើត​ដោយ​មាន​សេចក្តី​កំសោយ​ព្រោះ​សាច់​ឈាម នោះ​ព្រះ​ទ្រង់​បាន​ធ្វើ​វិញ ដោយ​ចាត់​ព្រះ‌រាជ‌បុត្រា​ទ្រង់​ឲ្យ​មក មាន​រូប​អង្គ​បែប​ដូច​ជា​សាច់​ឈាម ដែល​តែង​តែ​មាន​បាប ហើយ​ដោយ​ព្រោះ​អំពើ​បាប ក៏​កាត់​ទោស​អំពើ​បាប​នៅ​ក្នុង​សាច់​ឈាម

4. ដើម្បី​ឲ្យ​សេចក្តី​ដែល​ក្រឹត្យ‌វិន័យ​បង្គាប់​មក បាន​សំរេច​ក្នុង​ខ្លួន​យើង​រាល់​គ្នា ដែល​មិន​ដើរ​តាម​សាច់​ឈាម គឺ​ដើរ​តាម​ព្រះ‌វិញ្ញាណ​វិញ

5. ពី​ព្រោះ​អស់​អ្នក​ណា​ដែល​តាម​សាច់​ឈាម នោះ​គិត​តែ​ខាង​សាច់​ឈាម តែ​អស់​អ្នក​ណា​ដែល​គិត​តាម​ព្រះ‌វិញ្ញាណ នោះ​គិត​តែ​ខាង​វិញ្ញាណ​វិញ

6. ដ្បិត​គំនិត​ខាង​សាច់​ឈាម នោះ​ជា​សេចក្តី​ស្លាប់​ទទេ ឯ​គំនិត​នៃ​ព្រះ‌វិញ្ញាណ នោះ​ទើប​ជា​ជីវិត និង​សេចក្តី​សុខ​សាន្ត​វិញ

7. ព្រោះ​គំនិត​ខាង​សាច់​ឈាម នោះ​រមែង​ទាស់​ទទឹង​នឹង​ព្រះ ដ្បិត​មិន​ចុះ​ចូល​នឹង​ក្រឹត្យ‌វិន័យ​របស់​ព្រះ​ទេ ក៏​ពុំ​អាច​នឹង​ចុះ​ចូល​បាន​ផង

8. ពួក​អ្នក​ដែល​នៅ​ខាង​សាច់​ឈាម នោះ​ពុំ​អាច​នឹង​គាប់​ព្រះ‌ហឫ‌ទ័យ​ដល់​ព្រះ​បាន​ឡើយ

9. តែ​បើ​សិន​ជា​ព្រះ‌វិញ្ញាណ​នៃ​ព្រះ​សណ្ឋិត​ក្នុង​អ្នក​រាល់​គ្នា នោះ​អ្នក​រាល់​គ្នា​មិន​នៅ​ខាង​សាច់​ឈាម​ទៀត​ទេ គឺ​នៅ​ខាង​វិញ្ញាណ​វិញ ប៉ុន្តែ បើ​អ្នក​ណា​គ្មាន​ព្រះ‌វិញ្ញាណ​របស់​ព្រះ‌គ្រីស្ទ អ្នក​នោះ​មិន​មែន​ជា​របស់​ផង​ទ្រង់​ទេ

10. ហើយ​បើ​សិន​ជា​ព្រះ‌គ្រីស្ទ​សណ្ឋិត​ក្នុង​អ្នក​រាល់​គ្នា នោះ​រូប​សាច់​បាន​ស្លាប់ ដោយ​ព្រោះ​អំពើ​បាប​មែន តែ​វិញ្ញាណ​មាន​ជីវិត​វិញ ដោយ​ព្រោះ​សេចក្តី​សុចរិត

11. មួយ​ទៀត បើ​ព្រះ‌វិញ្ញាណ​នៃ​ព្រះ‌អង្គ ដែល​បាន​ប្រោស​ឲ្យ​ព្រះ‌យេស៊ូវ​រស់​ពី​ស្លាប់​ឡើង​វិញ ទ្រង់​សណ្ឋិត​ក្នុង​ខ្លួន​អ្នក​រាល់​គ្នា នោះ​ព្រះ‌អង្គ​នោះ​ឯង ដែល​បាន​ប្រោស​ឲ្យ​ព្រះ‌គ្រីស្ទ​រស់​ពី​ស្លាប់​ឡើង ទ្រង់​នឹង​ប្រោស​រូប‌កាយ​នៃ​អ្នក​រាល់​គ្នា​ដែល​ទៀង​តែ​ស្លាប់ ឲ្យ​មាន​ជីវិត​ឡើង​ដែរ ដោយ‌សារ​ព្រះ‌វិញ្ញាណ​ទ្រង់ ដែល​សណ្ឋិត​នៅ​ក្នុង​ខ្លួន​អ្នក​រាល់​គ្នា។

សូមអានជំពូកពេញលេញ រ៉ូម 8