គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

រ៉ូម 6:8-18 ព្រះគម្ពីរបរិសុទ្ធ (KHOV)

8. បើ​សិន​ជា​យើង​ស្លាប់​ជា​មួយ​នឹង​ព្រះ‌គ្រីស្ទ នោះ​យើង​ជឿ​ថា យើង​នឹង​រស់​នៅ​ជា​មួយ​នឹង​ទ្រង់​ដែរ

9. ដោយ​ដឹង​ថា ដែល​ព្រះ‌គ្រីស្ទ​មាន​ព្រះ‌ជន្ម​រស់​ពី​ស្លាប់​ឡើង​វិញ នោះ​ទ្រង់​មិន​ចេះ​សុគត​ទៀត​ឡើយ ព្រោះ​សេចក្តី​ស្លាប់​គ្មាន​អំណាច​លើ​ទ្រង់​ទៀត

10. ដ្បិត​ដែល​ទ្រង់​សុគត នោះ​គឺ​បាន​សុគត​ខាង​ឯ​បាប​១​ដង​ជា​សំរេច ហើយ​ដែល​ទ្រង់​មាន​ព្រះ‌ជន្ម​រស់ នោះ​ទ្រង់​រស់​ខាង​ឯ​ព្រះ​វិញ

11. ដូច្នេះ ចូរ​អ្នក​រាល់​គ្នា​រាប់​ខ្លួន​ទុក​ជា​ស្លាប់​ខាង​បាប​ដែរ តែ​រស់​ខាង​ឯ​ព្រះ​វិញ​ចុះ ដោយ​នូវ​ព្រះ‌គ្រីស្ទ​យេស៊ូវ ជា​ព្រះ‌អម្ចាស់​នៃ​យើង​រាល់​គ្នា។

12. ហេតុ​នេះ កុំ​ឲ្យ​បាប​សោយ​រាជ្យ​ក្នុង​រូប‌កាយ​របស់​អ្នក​រាល់​គ្នា ដែល​តែង​តែ​ស្លាប់ ដើម្បី​នឹង​ស្តាប់​តាម​សេចក្តី​ប៉ង‌ប្រាថ្នា​របស់​បាប​នោះ​ឡើយ

13. ក៏​កុំ​ឲ្យ​ប្រគល់​អវយវៈ​ទាំង​ប៉ុន្មាន របស់​អ្នក​រាល់​គ្នា​ទៅ​ក្នុង​អំពើ​បាប ទុក​ដូច​ជា​ប្រដាប់​ទុច្ចរិត​នោះ​ឡើយ គឺ​ត្រូវ​ប្រគល់​ខ្លួន​ទៅ​ព្រះ ដូច​ជា​បាន​រស់​ពី​ស្លាប់​នោះ​ឡើង​វិញ ហើយ​ថ្វាយ​អវយវៈ​របស់​អ្នក​រាល់​គ្នា​ទៅ​ព្រះ ទុក​ដូច​ជា​ប្រដាប់​ប្រដា​សុចរិត​ផង

14. ដ្បិត​បាប​មិន​ត្រូវ​មាន​អំណាច​លើ​អ្នក​រាល់​គ្នា​ទៀត​ឡើយ ដោយ​ព្រោះ​អ្នក​រាល់​គ្នា​មិន​នៅ​ក្រោម​ក្រឹត្យ‌វិន័យ គឺ​នៅ​ក្រោម​ព្រះ‌គុណ​វិញ។

15. ដូច្នេះ ធ្វើ​ដូច​ម្តេច តើ​គួរ​ឲ្យ​យើង​ប្រព្រឹត្ត​អំពើ​បាប ដោយ​ព្រោះ​នៅ​ក្រោម​ព្រះ‌គុណ មិន​នៅ​ក្រោម​ក្រឹត្យ‌វិន័យ​ឬ​អី ទេ មិន​គួរ​ឡើយ

16. តើ​អ្នក​រាល់​គ្នា​ដឹង​ទេ​ឬ​អី ថា​អ្នក​រាល់​គ្នា​ប្រគល់​ខ្លួន​ទៅ​ធ្វើ​ជា​បាវ​បំរើ និង​ស្តាប់​តាម​ចៅ‌ហ្វាយ​ណា នោះ​អ្នក​ជា​បាវ​បំរើ​របស់​ចៅ‌ហ្វាយ​នោះ​ឯង​ដែល​អ្នក​ស្តាប់​តាម ទោះ​ជា​របស់​ផង​អំពើ​បាប ឲ្យ​បាន​សេចក្តី​ស្លាប់ ឬ​ជា​របស់​ផង​សេចក្តី​ស្តាប់​បង្គាប់ ឲ្យ​បាន​សុចរិត​ក្តី

17. ឯ​អ្នក​រាល់​គ្នា ពី​ដើម​ជា​បាវ​បំរើ​របស់​អំពើ​បាប​មែន ប៉ុន្តែ​អរ​ព្រះ‌គុណ​ដល់​ព្រះ‌អង្គ ឥឡូវ​នេះ បាន​ស្តាប់​ដោយ​ស្ម័គ្រ​ពី​ចិត្ត តាម​ក្បួន​នៃ​លទ្ធិ ដែល​គេ​បាន​ប្រគល់​មក​អ្នក​រាល់​គ្នា

18. ហើយ​អ្នក​រាល់​គ្នា​បាន​ត្រឡប់​ជា​បាវ​បំរើ​នៃ​សេចក្តី​សុចរិត​វិញ ដោយ​ទ្រង់​បាន​ប្រោស​ឲ្យ​រួច​ពី​អំពើ​បាប​ហើយ

សូមអានជំពូកពេញលេញ រ៉ូម 6