គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

រ៉ូម 5:1-11 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. ដូច្នេះ ដែល​យើង​រាល់​គ្នា​បាន​រាប់​ជា​សុចរិត ដោយ​ការ​ជឿ នោះ​ឈ្មោះ​ថា​យើង​បាន​មេត្រី​នឹង​ព្រះ ដោយ‌សារ​ព្រះ‌យេស៊ូវ​គ្រីស្ទ ជា​ព្រះ‌អម្ចាស់​នៃ​យើង​រាល់​គ្នា​ហើយ

2. ក៏​ដោយ‌សារ​ទ្រង់ យើង​មាន​ផ្លូវ​ចូល​ក្នុង​ព្រះ‌គុណនេះ ជា​ទី​ដែល​យើង​កំពុង​ឈរ​នៅ​ដោយ​សេចក្តី​ជំនឿ ហើយ​យើង​អួត​ពី​សេចក្តី​សង្ឃឹម​ដល់​សិរី‌ល្អ​នៃ​ព្រះ​ផង

3. មិន​តែ​ប៉ុណ្ណោះ​សោត យើង​នៅ​តែ​អួត​ក្នុង​កាល​ដែល​មាន​ទុក្ខ​លំបាក​ដែរ ដោយ​ដឹង​ថា សេចក្តី​ទុក្ខ​លំបាក​បង្កើត​ឲ្យ​មាន​សេចក្តី​ទ្រាំ​ទ្រ

4. សេចក្តី​ទ្រាំ​ទ្រ​បង្កើត​ឲ្យ​មាន​សេចក្តី​ស៊ាំ‌ថ្នឹក សេចក្តី​ស៊ាំ‌ថ្នឹក​បង្កើត​ឲ្យ​មាន​សេចក្តី​សង្ឃឹម

5. ឯ​សេចក្តី​សង្ឃឹម​ក៏​មិន​ដែល​នាំ​ឲ្យ​យើង​មាន​សេចក្តី​ខ្មាស​ឡើយ ពី​ព្រោះ​សេចក្តី​ស្រឡាញ់​របស់​ព្រះ បាន​ផ្សាយ​មក​សព្វ​ក្នុង​ចិត្ត​យើង​រាល់​គ្នា ដោយ‌សារ​ព្រះ‌វិញ្ញាណ​បរិសុទ្ធ ដែល​ព្រះ​បាន​ប្រទាន​មក​យើង​ហើយ

6. ដ្បិត​កាល​យើង​នៅ​ខ្សោយ​នៅ​ឡើយ លុះ​ដល់​កំណត់​ហើយ នោះ​ព្រះ‌គ្រីស្ទ​ទ្រង់​បាន​សុគត​ជំនួស​មនុស្ស​ទមិល​ល្មើស

7. កម្រ​នឹង​មាន​អ្នក​ណា​ព្រម​ស្លាប់​ជំនួស​មនុស្ស​សុចរិត​ណាស់ ប៉ុន្តែ​ប្រហែល​ជា​មាន​អ្នក​ខ្លះ​ហ៊ាន​ស្លាប់​ជំនួស​មនុស្ស​ល្អ​ដែរ​ទេ​ដឹង

8. តែ​ឯ​ព្រះ ទ្រង់​សំដែង​សេចក្តី​ស្រឡាញ់​របស់​ទ្រង់ ដល់​យើង​រាល់​គ្នា​ឲ្យ​ឃើញ​ច្បាស់ ដោយ​ព្រះ‌គ្រីស្ទ​បាន​សុគត​ជំនួស​យើង​រាល់​គ្នា នោះ​គឺ​ក្នុង​កាល​ដែល​យើង​នៅ​មាន​បាប​នៅ​ឡើយ​ផង

9. ដូច្នេះ ដែល​បាន​រាប់​ជា​សុចរិត ដោយ‌សារ​ព្រះ‌លោហិត​ទ្រង់ នោះ​ប្រាកដ​ជា​យើង​នឹង​បាន​រួច​ចេញ​ពី​សេចក្តី​ក្រោធ ដោយ‌សារ​ទ្រង់​ជា​មិន​ខាន​លើស​ទៅ​ទៀត

10. ដ្បិត​កាល​យើង​ជា​ខ្មាំង​សត្រូវ បើ​យើង​បាន​ជា​មេត្រី​នឹង​ព្រះ​វិញ​ទៅ​ហើយ ដោយ​ព្រះ‌រាជ‌បុត្រា​ទ្រង់​សុគត ដូច្នេះ ដែល​យើង​បាន​ជា​មេត្រី​ហើយ នោះ​ប្រាកដ​ជា​យើង​នឹង​បាន​សង្គ្រោះ​ជា​មិន​ខាន​លើស​ទៅ​ទៀត ដោយ​ទ្រង់​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ

11. ហើយ​មិន​តែ​ប៉ុណ្ណោះ​សោត យើង​ក៏​មាន​សេចក្តី​រីក‌រាយ​ចំពោះ​ព្រះ​ផង ដោយ​នូវ​ព្រះ‌យេស៊ូវ​គ្រីស្ទ ជា​ព្រះ‌អម្ចាស់​នៃ​យើង​រាល់​គ្នា​ដែល​ឥឡូវ​នេះ យើង​បាន​ជា​មេត្រី​ដោយ‌សារ​ទ្រង់​ហើយ។

សូមអានជំពូកពេញលេញ រ៉ូម 5