គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

រ៉ូម 4:15-25 ព្រះគម្ពីរបរិសុទ្ធ (KHOV)

15. ឯ​ក្រឹត្យ​វិន័យ នោះ​បង្កើត​សេចក្តី​ក្រោធ ដ្បិត​កន្លែង​ណា​ដែល​គ្មាន​ក្រឹត្យ‌វិន័យ នោះ​ក៏​ឥត​មាន​សេចក្តី​រំលង​ដែល

16. ដូច្នេះ សេចក្តី​សន្យា​បាន​មក​ដោយ​សេចក្តី​ជំនឿ ដើម្បី​ឲ្យ​បាន​ត្រូវ​ខាង​ព្រះ‌គុណ ប្រយោជន៍​ឲ្យ​សេចក្តី​សន្យា​បាន​ខ្ជាប់‌ខ្ជួន ដល់​ពូជ​លោក​ត​ទៅ មិន​មែន​ត្រឹម​តែ​ពូជ​ដែល​អាង​ក្រឹត្យ‌វិន័យ​ប៉ុណ្ណោះ គឺ​ដល់​ទាំង​ពូជ​ដែល​អាង​សេចក្តី​ជំនឿ​របស់​លោក​អ័ប្រា‌ហាំ ដែល​ជា​ឰយុកោ​នៃ​យើង​ទាំង​អស់​គ្នា​ថែម​ទៀត​ផង

17. ដូច​មាន​សេចក្តី​ចែង​ទុក​មក​ថា «អញ​បាន​តាំង​ឯង​ឲ្យ​ធ្វើ​ជា​ឪពុក ដល់​សាសន៍​ជា​ច្រើន» រីឯ​នៅ​ចំពោះ​ព្រះ ជា​ទី​ជឿ​របស់​លោក ដែល​ទ្រង់​ប្រោស​មនុស្ស​ស្លាប់​ឲ្យ​រស់​ឡើង​វិញ ទាំង​មាន​ព្រះ‌បន្ទូល​ពី​របស់​ដែល​គ្មាន ទុក​ដូច​ជា​មាន​ហើយ នោះ​លោក​ជា​ឪពុក​របស់​យើង​មែន

18. ដ្បិត​កាល​លោក​អស់​ទី​សង្ឃឹម​ហើយ នោះ​ក៏​ចេះ​តែ​ជឿ​ដោយ​សង្ឃឹម​វិញ ដើម្បី​ឲ្យ​បាន​ត្រឡប់​ជា​ឪពុក​ដល់​សាសន៍​ជា​ច្រើន ដូច​សេចក្តី​ដែល​មាន​ព្រះ‌បន្ទូល​ទុក​មក​ថា «ពូជ​ឯង​នឹង​បាន​ដូច្នោះ»

19. ហើយ​ដោយ​ព្រោះ​លោក​មិន​ខ្សោយ​ខាង​សេចក្តី​ជំនឿ បាន​ជា​លោក​មិន​គិត​ពី​រូប‌កាយ​លោក ដែល​រាប់​ដូច​ជា​ស្លាប់ ដោយ​មាន​អាយុ​ប្រហែល​ជា​១០០​ឆ្នាំ​ហើយ ឬ​ពី​ផ្ទៃ​សារ៉ា ដែល​រាប់​ដូច​ជា​ស្លាប់​ដែរ​នោះ​ទេ

20. លោក​ក៏​មិន​បាន​សង្ស័យ ចំពោះ​សេចក្តី​សន្យា​របស់​ព្រះ ដោយ​ចិត្ត​មិន​ជឿ​ឡើយ គឺ​រឹត​តែ​មាន​សេចក្តី​ជំនឿ​ខ្លាំង​ឡើង ទាំង​សរសើរ‌ដំកើង​ដល់​ព្រះ​វិញ

21. ហើយ​ក៏​ជឿ‌ជាក់​អស់​ពី​ចិត្ត​ថា សេចក្តី​អ្វី​ដែល​ទ្រង់​សន្យា នោះ​អាច​នឹង​ធ្វើ​ឲ្យ​សំរេច​បាន

22. ហេតុ​នោះ​បាន​ជា​រាប់​សេចក្តី​ជំនឿ​របស់​លោក ទុក​ជា​សេចក្តី​សុចរិត​ដល់​លោក។

23. ប៉ុន្តែ​ដែល​ថា «បាន​រាប់​ដល់​លោក»ដូច្នេះ នោះ​មិន​ចែង​ទុក​មក​សំរាប់​លោក​តែ​ឯង​ទេ

24. គឺ​សំរាប់​យើង​រាល់​គ្នា​ដែរ សេចក្តី​សុចរិត​នោះ​នឹង​បាន​រាប់​ដល់​យើង​រាល់​គ្នា ជា​ពួក​អ្នក​ជឿ​ដល់​ព្រះ‌អង្គ ដែល​ទ្រង់​ប្រោស​ព្រះ‌យេស៊ូវ ជា​ព្រះ‌អម្ចាស់​នៃ​យើង​រាល់​គ្នា ឲ្យ​បាន​រស់​ពី​ស្លាប់​ឡើង​វិញ

25. ដែល​ទ្រង់​ត្រូវ​គេ​បញ្ជូន​ទៅ​ឲ្យ​មាន​ទោស ដោយ​ព្រោះ​អំពើ​រំលង​របស់​យើង​រាល់​គ្នា ហើយ​បាន​ប្រោស​ឲ្យ​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ ប្រយោជន៍​ឲ្យ​យើង​រាល់​គ្នា​បាន​រាប់​ជា​សុចរិត។

សូមអានជំពូកពេញលេញ រ៉ូម 4