1. បើដូច្នេះ យើងនឹងថា លោកអ័ប្រាហាំ ជាឰយុកោយើង បានអ្វីខ្លះ ខាងឯសាច់ឈាម
2. ដ្បិតបើសិនណាជាលោកអ័ប្រាហាំបានរាប់ជាសុចរិត ដោយការដែលលោកប្រព្រឹត្ត នោះលោកមានកន្លែងនឹងអួតខ្លួនហើយ តែមិនមែនចំពោះព្រះទេ
3. តើគម្ពីរថាដូចម្តេច គម្ពីរថា «អ័ប្រាហាំបានជឿដល់ព្រះ ហើយសេចក្តីជំនឿនោះ បានរាប់ជាសេចក្តីសុចរិតដល់លោក»
4. រីឯអ្នកណាដែលធ្វើការ នោះរង្វាន់មិនរាប់ជាគុណរបស់ចៅហ្វាយទេ គឺទុកជាថ្លៃឈ្នួលវិញទេតើ
5. តែចំណែកអ្នកដែលមិនធ្វើការសោះ គឺគ្រាន់តែជឿដល់ព្រះអង្គ ដែលទ្រង់ប្រោសឲ្យមនុស្សទមិលល្មើសបានសុចរិត នោះសេចក្តីជំនឿរបស់អ្នកនោះ បានរាប់ទុកជាសេចក្តីសុចរិតវិញ
6. ដូចជាហ្លួងដាវីឌបានសំដែងពីសណ្ឋានដ៏មានពរនៃមនុស្ស ដែលព្រះទ្រង់រាប់ជាសុចរិតក្រៅពីការប្រព្រឹត្តថា
7. «មានពរហើយ អ្នកណាដែលការទទឹងច្បាប់របស់ខ្លួនបានអត់ទោសឲ្យ និងបានខ្លួនបានគ្របបាំង
8. មានពរហើយ មនុស្សណាដែលព្រះអម្ចាស់មិនរាប់ជាមានបាបឡើយ»។
9. ដូច្នេះ តើបានពរនោះ ចំពោះតែពួកកាត់ស្បែកតែប៉ុណ្ណោះ ឬពួកមិនកាត់ស្បែកក៏បានដែរ ដ្បិតយើងថាសេចក្តីជំនឿ បានរាប់ទុកជាសេចក្តីសុចរិត ដល់លោកអ័ប្រាហាំ
10. ចុះសេចក្តីនោះបានរាប់ដូចម្តេច តើពីកាលលោកបានកាត់ស្បែករួចហើយ ឬនៅឡើយ មិនមែនពីកាលលោកបានកាត់ស្បែកហើយនោះទេ គឺក្នុងកាលដែលមិនទាន់កាត់ស្បែកនៅឡើយវិញ
11. ហើយលោកបានទទួលពិធីកាត់ស្បែកនេះ ទុកជាទីសំគាល់ ជាត្រានៃសេចក្តីសុចរិត ដែលមកដោយសេចក្តីជំនឿនោះឯង គឺជាសេចក្តីជំនឿដែលលោកមានពីកាលមិនទាន់កាត់ស្បែកនៅឡើយ ដើម្បីឲ្យបានធ្វើជាឪពុក ដល់អស់អ្នកដែលជឿ ឥតកាត់ស្បែកផង ប្រយោជន៍ឲ្យបានរាប់សេចក្តីសុចរិតនេះដល់អ្នកទាំងនោះ
12. ហើយឲ្យបានធ្វើជាឪពុក ដល់ពួកដែលមិនគ្រាន់តែកាត់ស្បែកប៉ុណ្ណោះ គឺដែលដើរតាមដាននៃសេចក្តីជំនឿរបស់លោកអ័ប្រាហាំ ជាឰយុកោយើងផង ជាសេចក្តីជំនឿដែលលោកមាន ពីកាលមិនទាន់កាត់ស្បែកនៅឡើយ។