គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

រ៉ូម 2:15-29 ព្រះគម្ពីរបរិសុទ្ធ (KHOV)

15. ដោយ​សំដែង​ថា របៀប​ក្រឹត្យ‌វិន័យ​បាន​កត់​ទុក​ក្នុង​ចិត្ត​គេ​ហើយ បញ្ញា​ចិត្ត​គេ​ក៏​ធ្វើ​បន្ទាល់​ឲ្យ ហើយ​គំនិត​គេ​ជួន‌កាល​ប្រកាន់​ទោស ជួន‌កាល​ដោះ​សា​គ្នា​ទៅ​វិញ​ទៅ​មក)

16. គឺ​ក្នុង​ថ្ងៃ ដែល​ព្រះ​ទ្រង់​នឹង​ជំនុំ‌ជំរះ​អស់​ទាំង​ការ​លាក់​កំបាំង​របស់​មនុស្ស តាម​ដំណឹង​ល្អ​ខ្ញុំ ដោយ‌សារ​ព្រះ‌យេស៊ូវ​គ្រីស្ទ។

17. បើ​អ្នក​មាន​ឈ្មោះ​ជា​សាសន៍​យូដា ទាំង​ទុក​ចិត្ត​នឹង​ក្រឹត្យ‌វិន័យ ហើយ​អួត​សរសើរ​ពី​ព្រះ

18. ក៏​ស្គាល់​ព្រះ‌ហឫ‌ទ័យ​ទ្រង់ ហើយ​ចេះ​សំគាល់​រើស​សេចក្តី​ល្អ ដោយ​បាន​រៀន​តាម​ក្រឹត្យ‌វិន័យ

19. ទាំង​ជឿ​ប្រាកដ​ថា ខ្លួន​ជា​អ្នក​ដឹក‌នាំ​មនុស្ស​ខ្វាក់ ជា​ពន្លឺ​ដល់​ពួក​អ្នក​ងងឹត

20. ជា​អ្នក​ទូន្មាន​ប្រដៅ​ដល់​ពួក​ខ្លៅ​ល្ងង់ ជា​គ្រូ​បង្រៀន​ដល់​កូន​ក្មេង ក៏​មាន​គំរូ​ពី​សេចក្តី​ចេះ​ដឹង និង​សេចក្តី​ពិត​នៅ​ក្នុង​ក្រឹត្យ‌វិន័យ

21. ដូច្នេះ អ្នក​ឯង ដែល​បង្រៀន​គេ តើ​មិន​បង្រៀន​ដល់​ខ្លួន​ឯង​ទេ​ឬ​អី អ្នក​ឯង​ដែល​ប្រដៅ​ថា កុំ​ឲ្យ​លួច​គេ តើ​អ្នក​លួច​ឬ​ទេ

22. អ្នក​ឯង​ដែល​ថា កុំ​ឲ្យ​ផិត​គ្នា តើ​អ្នក​ផិត​ឬ​ទេ អ្នក​ឯង​ដែល​ស្អប់​ខ្ពើម​រូប​ព្រះ តើ​អ្នក​ប្លន់​វិហារ​ឬ​ទេ

23. អ្នក​ឯង​ដែល​អួត​ពី​ក្រឹត្យ‌វិន័យ តើ​អ្នក​បង្អាប់​ព្រះ ដោយ​ប្រព្រឹត្ត​រំលង​នឹង​ក្រឹត្យ‌វិន័យ​ឬ​ទេ

24. ដ្បិត​ពួក​សាសន៍​ដទៃ គេ​ប្រមាថ​ដល់​ព្រះ‌នាម​ព្រះ ដោយ​ព្រោះ​តែ​អ្នក​រាល់​គ្នា ដូច​ជា​មាន​សេចក្តី​ចែង​ទុក​មក​ហើយ។

25. រីឯ​ការ​កាត់​ស្បែក នោះ​មាន​ប្រយោជន៍​មែន បើ​អ្នក​ប្រព្រឹត្ត​តាម​ក្រឹត្យ‌វិន័យ តែ​បើ​អ្នក​ប្រព្រឹត្ត​រំលង​ក្រឹត្យ‌វិន័យ​វិញ នោះ​ការ​ដែល​ទទួល​កាត់​ស្បែក បាន​ត្រឡប់​ដូច​ជា​មិន​កាត់​វិញ

26. ដូច្នេះ បើ​សិន​ជា​ពួក​ដែល​មិន​កាត់​ស្បែក គេ​កាន់​តាម​បញ្ញត្ត​ក្រឹត្យ‌វិន័យ​ទៅ នោះ​ការ​ដែល​មិន​បាន​កាត់​ស្បែក តើ​មិន​រាប់​ដូច​ជា​បាន​កាត់​វិញ​ទេ​ឬ​អី

27. ហើយ​ពួក​អ្នក​ដែល​មិន​កាត់​ស្បែក​តាម​បវេណី បើ​គេ​ប្រព្រឹត្ត​តាម​ក្រឹត្យ‌វិន័យ​សព្វ​គ្រប់ តើ​គេ​មិន​ជំនុំ‌ជំរះ​អ្នក​ទេ​ឬ​អី ដែល​អ្នក​មាន​ទាំង​គម្ពីរ និង​ការ​កាត់​ស្បែក​ផង តែ​ចេះ​តែ​ប្រព្រឹត្ត​រំលង​ក្រឹត្យ‌វិន័យ​វិញ

28. ឯ​ដំណើរ​ដែល​ហៅ​ថា​សាសន៍​យូដា នោះ​មិន​មែន​ចំពោះ​តែ​អ្នក​ណា​ដែល​មាន​ទី​សំគាល់​ខាង​ក្រៅ​ប៉ុណ្ណោះ​ទេ ហើយ​ការ​កាត់​ស្បែក​សោត ក៏​មិន​មែន​ចំពោះ​តែ​សាច់​ខាង​ក្រៅ​ប៉ុណ្ណោះ​ដែរ

29. រីឯ​សាសន៍​យូដា​ដ៏​ពិត​ប្រាកដ នោះ​គឺ​ខាង​ក្នុង​វិញ ហើយ​ការ​កាត់​ស្បែក​ក៏​នៅ​ក្នុង​ចិត្ត ខាង​ព្រលឹង​វិញ្ញាណ​ដែរ មិន​មែន​តាម​តែ​ន័យ​ពាក្យ​ប៉ុណ្ណោះ​ទេ មនុស្ស​យ៉ាង​នោះ​តែង​មាន​សេចក្តី​សរសើរ មិន​មែន​មក​ពី​មនុស្ស គឺ​ពី​ព្រះ​វិញ។

សូមអានជំពូកពេញលេញ រ៉ូម 2