គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

រ៉ូម 2:1-11 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. ដូច្នេះ ឱ​មនុស្ស​អើយ អស់​អ្នក​ណា​ដែល​ថ្កោល​ទោស​គេ នោះ​គ្មាន​សេចក្តី​ដោះ​សារ​ចំពោះ​ខ្លួន​ឡើយ ដ្បិត​ដែល​អ្នក​ថ្កោល​ទោស​គេ នោះ​ឈ្មោះ​ថា​កាត់​ទោស​ខ្លួន​ឯង​ហើយ ពី​ព្រោះ​អ្នក​ឯង​ដែល​ថ្កោល​ទោស​គេ ក៏​ប្រព្រឹត្ត​ដូច​គ្នា​ដែរ

2. តែ​យើង​រាល់​គ្នា​ដឹង​ថា ចំណែក​សេចក្តី​ជំនុំ‌ជំរះ​របស់​ព្រះ​វិញ នោះ​ត្រូវ​នឹង​សេចក្តី​ពិត ទាស់​នឹង​ពួក​អ្នក​ដែល​ប្រព្រឹត្ត​យ៉ាង​នោះ

3. មួយ​ទៀត ឱ​មនុស្ស​អើយ ដែល​អ្នក​ថ្កោល​ទោស ដល់​អស់​អ្នក ដែល​ប្រព្រឹត្ត​ការ​យ៉ាង​នោះ តែ​ខ្លួន​អ្នក​ក៏​ប្រព្រឹត្ត​ដូច្នោះ​ដែរ នោះ​តើ​អ្នក​ស្មាន​ថា​ខ្លួន​អ្នក​នឹង​រួច​ពី​សេចក្តី​ជំនុំ‌ជំរះ​របស់​ព្រះ​ឬ​អី

4. ឬ​អ្នក​មើល‌ងាយ​សេចក្តី​សប្បុរស​ដ៏​ឥត​គណនា ព្រម​ទាំង​សេចក្តី​ទ្រាំ​ទ្រ និង​សេចក្តី​អត់​ធន់​របស់​ទ្រង់ ដោយ​មិន​ដឹង​ថា សេចក្តី​សប្បុរស​នៃ​ព្រះ​ទាញ​នាំ​ឲ្យ​អ្នក​បាន​ប្រែ​ចិត្ត​ឬ​អី

5. តែ​ដោយ​អ្នក​រឹង​របឹង ហើយ​មិន​ព្រម​ប្រែ​ចិត្ត​សោះ បាន​ជា​អ្នក​ឈ្មោះ​ថា​កំពុង​តែ​ប្រមូល​សេចក្តី​ក្រោធ ទុក​សំរាប់​ខ្លួន​ដល់​ថ្ងៃ​នៃ​សេចក្តី​ក្រោធវិញ ជា​ថ្ងៃ​ដែល​សេចក្តី​ជំនុំ‌ជំរះ​ដ៏​សុចរិត​របស់​ព្រះ​នឹង​សំដែង​មក

6. ដែល​ទ្រង់​នឹង​សង​ដល់​គ្រប់​គ្នា តាម​អំពើ​ដែល​ខ្លួន​បាន​ប្រព្រឹត្ត

7. គឺ​ជា​ជីវិត​អស់​កល្ប‌ជានិច្ច ដល់​ពួក​អ្នក​ដែល​រក​សិរី‌ល្អ កេរ្តិ៍​ឈ្មោះ និង​សេចក្តី​មិន​ពុក‌រលួយ ដោយ​គេ​កាន់​ខ្ជាប់​ក្នុង​ការ​ល្អ

8. តែ​ពួក​អ្នក​ដែល​ទាស់​ទទឹង មិន​ព្រម​ស្តាប់​តាម​សេចក្តី​ពិត គឺ​ស្តាប់​តាម​តែ​សេចក្តី​ទុច្ចរិត​វិញ នោះ​នឹង​បាន​សេចក្តី​ក្រោធ និង​សេចក្តី​ឃោរ‌ឃៅ

9. ជា​សេចក្តី​វេទនា និង​សេចក្តី​លំបាក​នៅ​លើ​គ្រប់​ទាំង​ព្រលឹង​មនុស្ស​ណា ដែល​ប្រព្រឹត្ត​អាក្រក់ មាន​សាសន៍​យូដា​ជា​ដើម និង​សាសន៍​ក្រេក​ផង

10. តែ​អស់​អ្នក​ដែល​ប្រព្រឹត្ត​ល្អ នោះ​នឹង​បាន​សិរី‌ល្អ កេរ្តិ៍​ឈ្មោះ និង​សេចក្តី​សុខ​វិញ គឺ​មាន​សាសន៍​យូដា​ជា​ដើម និង​សាសន៍​ក្រេក​ផង

11. ដ្បិត​ព្រះ​ទ្រង់​មិន​យោគ‌យល់​ខាង​អ្នក​ណា​សោះ

សូមអានជំពូកពេញលេញ រ៉ូម 2