គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

រ៉ូម 15:13-23 ព្រះគម្ពីរបរិសុទ្ធ (KHOV)

13. ឥឡូវ​នេះ សូម​ព្រះ​នៃ​សេចក្តី​សង្ឃឹម​ប្រទាន​ឲ្យ​អ្នក​រាល់​គ្នា​បាន​គ្រប់​អស់​ទាំង​សេចក្តី​អំណរ និង​សេចក្តី​សុខ​សាន្ត​ដ៏​ពោរ‌ពេញ ដោយ‌សារ​សេចក្តី​ជំនឿ ប្រយោជន៍​ឲ្យ​បាន​សេចក្តី​សង្ឃឹម​ជា​បរិបូរ ដោយ​ព្រះ‌ចេស្តា​នៃ​ព្រះ‌វិញ្ញាណ​បរិសុទ្ធ។

14. ឱ​បង​ប្អូន​អើយ ខ្ញុំ​ជឿ‌ជាក់​ខាង​ឯ​អ្នក​រាល់​គ្នា​ថា អ្នក​រាល់​គ្នា​មាន​សេចក្តី​ល្អ​ពេញ‌លេញ​ហើយ ក៏​បាន​ពេញ​ជា​ចំណេះ​គ្រប់​មុខ​ផង អាច​នឹង​ទូន្មាន​គ្នា​ទៅ​វិញ​ទៅ​មក​បាន​ហើយ

15. ហេតុ​ដូច្នេះ បង​ប្អូន​អើយ ខ្ញុំ​ធ្វើ​សំបុត្រ​នេះ​ផ្ញើ​មក​អ្នក​រាល់​គ្នា ដោយ​មាន​ចិត្ត​ក្លៀវ‌ក្លា​លើស​ទៅ​ទៀត ដែល​មាន​១​ផ្នែក សំរាប់​នឹង​រំឭក​ដល់​អ្នក​រាល់​គ្នា ដោយ‌សារ​ព្រះ‌គុណដែល​ព្រះ​ទ្រង់​បាន​ផ្តល់​មក​ខ្ញុំ

16. ឲ្យ​ខ្ញុំ​បាន​ធ្វើ​ជា​ភ្នាក់‌ងារ​នៃ​ព្រះ‌យេស៊ូវ​គ្រីស្ទ ដល់​ពួក​សាសន៍​ដទៃ ព្រម​ទាំង​ធ្វើ​ការ‌ងារ​បរិសុទ្ធ គឺ​ជា​ការ​ផ្សាយ​ដំណឹង​ល្អ​របស់​ព្រះ ដើម្បី​ឲ្យ​ការ​ប្រមូល​ពួក​សាសន៍​ដទៃ បាន​ទុក​ជា​ដង្វាយ​ថ្វាយ​ព្រះ ដែល​ទ្រង់​សព្វ​ព្រះ‌ហឫ‌ទ័យ​ទទួល បាន​ទាំង​ញែក​ចេញ​ជា​បរិសុទ្ធ ដោយ​ព្រះ‌វិញ្ញាណ​បរិសុទ្ធ​ផង។

17. ដូច្នេះ ខ្ញុំ​មាន​ហេតុ​នឹង​អួត​ក្នុង​ព្រះ‌គ្រីស្ទ​យេស៊ូវ ពី​សេចក្តី​ទាំង​ប៉ុន្មាន​ខាង​ឯ​ព្រះ

18. ព្រោះ​ខ្ញុំ​មិន​ហ៊ាន​និយាយ​ពី​ការ​អ្វី លើក​តែ​ពី​ការ​ដែល​ព្រះ‌គ្រីស្ទ​បាន​ធ្វើ​ដោយ‌សារ​ខ្ញុំ​ប៉ុណ្ណោះ​ទេ គឺ​ជា​ការ​នាំ​សាសន៍​ដទៃ​ឲ្យ​ស្តាប់​បង្គាប់ ទោះ​ដោយ​ពាក្យ​សំដី ឬ​ការ​ធ្វើ​ក្តី

19. ទោះ​ដោយ​អំណាច​នៃ​ទី​សំគាល់ ឬ​ការ​អស្ចារ្យ ឬ​ដោយ​ព្រះ‌ចេស្តា​ព្រះ‌វិញ្ញាណ​នៃ​ព្រះ​ក្តី ដល់​ម៉្លេះ​បាន​ជា​ខ្ញុំ​បាន​ផ្សាយ​ដំណឹង​ល្អ​ពី​ព្រះ‌គ្រីស្ទ​ពេញ‌ពាស​ទួទៅ តាំង​ពី​ក្រុង​យេរូ‌សាឡិម ដើរ​វាង​រហូត​ទៅ​ដល់​ស្រុក​អ៊ីលី‌រីកុន

20. គឺ​យ៉ាង​ដូច្នោះ​ឯង ដែល​ខ្ញុំ​ខំ​សង្វាត​នឹង​ផ្សាយ​ដំណឹង​ល្អ មិន​មែន​នៅ​កន្លែង​ដែល​គេ​បាន​ឮ​ពី​ព្រះ‌នាម​ព្រះ‌គ្រីស្ទ​រួច​ហើយ​នោះ​ទេ ដើម្បី​កុំ​ឲ្យ​ខ្ញុំ​សង់​លើ​ជើង​ជញ្ជាំង​របស់​គេ

21. ដូច​ជា​មាន​សេចក្តី​ចែង​ទុក​មក​ថា «ពួក​អ្នក​ដែល​គ្មាន​អ្នក​ណា​ទៅ​ផ្សាយ​ដំណឹង​ពី​ទ្រង់​ឲ្យ​គេ​ស្តាប់ នោះ​នឹង​ឃើញ ហើយ​ពួក​ដែល​មិន​បាន​ឮ​សោះ នោះ​នឹង​បាន​យល់​វិញ»។

22. គឺ​ដោយ​ហេតុ​នោះ​បាន​ជា​ខ្ញុំ​មាន​សេចក្តី​ឃាត់‌ឃាំង​ជា​ច្រើន​ដង មិន​ឲ្យ​ខ្ញុំ​មក​ឯ​អ្នក​រាល់​គ្នា

23. ប៉ុន្តែ​ឥឡូវ​នេះ ដោយ​គ្មាន​កន្លែង​ណា​សល់ នៅ​ស្រុក​ទាំង​នេះ​ទៀត ហើយ​ដោយ​ខ្ញុំ​មាន​ចិត្ត​រឭក​ចង់​មក​ឯ​អ្នក​រាល់​គ្នា​ជា​យូរ​ឆ្នាំ​មក​ហើយ​ផង

សូមអានជំពូកពេញលេញ រ៉ូម 15