គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

រ៉ូម 15:1-10 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. គួរ​តែ​ឲ្យ​យើង​រាល់​គ្នា ដែល​មាន​កំឡាំង បាន​ទ្រាំទ្រ​នឹង​សេចក្តី​កំសោយ របស់​ពួក​អ្នក​ដែល​គ្មាន​កំឡាំង​វិញ ឥត​បំពេញ​ចិត្ត​ខ្លួន​យើង​ឡើយ

2. ត្រូវ​ឲ្យ​យើង​ទាំង​អស់​គ្នា​បំពេញ​ចិត្ត​អ្នក​ជិត​ខាង​ខ្លួន សំរាប់​ជា​សេចក្តី​ល្អ ឲ្យ​បាន​ស្អាង​ចិត្ត​ឡើង

3. ដ្បិត​ព្រះ‌គ្រីស្ទ ទ្រង់​មិន​បាន​បំពេញ​ព្រះ‌ហឫ‌ទ័យ​ទ្រង់​ដែរ ដូច​ជា​មាន​សេចក្តី​ចែង​ទុក​មក​ថា «សេចក្តី​ដំនៀល​ដែល​គេ​ត្មះ‌តិះដៀល​ទ្រង់ នោះ​បាន​ធ្លាក់​មក​លើ​ទូល‌បង្គំ​វិញ»

4. ដ្បិត​អស់​ទាំង​សេចក្តី​ដែល​បាន​ចែង​ទុក​មក​ជា​មុន នោះ​បាន​ចែង​សំរាប់​នឹង​បង្រៀន​ដល់​យើង​រាល់​គ្នា ដើម្បី​ឲ្យ​យើង​បាន​សេចក្តី​សង្ឃឹម ដោយ​សេចក្តី​អត់​ធន់ និង​សេចក្តី​កំសាន្ត​ចិត្ត ដោយ‌សារ​គម្ពីរ

5. ឥឡូវ​នេះ សូម​ព្រះ​នៃ​សេចក្តី​អត់‌ធ្មត់ និង​សេចក្តី​កំសាន្ត​ចិត្ត ទ្រង់​ប្រទាន​ឲ្យ​អ្នក​រាល់​គ្នា​មាន​គំនិត​តែ​១ តាម​ព្រះ‌គ្រីស្ទ​យេស៊ូវ

6. ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​ព្រម​ព្រៀង​មូល​មាត់​តែ​មួយ​នឹង​សរសើរ‌ដំកើង ដល់​ព្រះ​ដ៏​ជា​ព្រះ‌វរ‌បិតា​នៃ​ព្រះ‌យេស៊ូវ​គ្រីស្ទ ជា​ព្រះ‌អម្ចាស់​នៃ​យើង​រាល់​គ្នា។

7. ដូច្នេះ ចូរ​ទទួល​គ្នា​ទៅ​វិញ​ទៅ​មក ដូច​ជា​ព្រះ‌គ្រីស្ទ​បាន​ទទួល​យើង​ដែរ សំរាប់​នឹង​សរសើរ​ដល់​ព្រះ​ចុះ។

8. ឥឡូវ​ខ្ញុំ​ថា ព្រះ‌យេស៊ូវ​គ្រីស្ទ​ទ្រង់​បាន​ត្រឡប់​ជា​អ្នក​បំរើ ដល់​ពួក​អ្នក​កាត់​ស្បែក ដើម្បី​នឹង​សំដែង​សេចក្តី​ស្មោះ‌ត្រង់​នៃ​ព្រះ ប្រយោជន៍​នឹង​បញ្ជាក់​សេចក្តី​សន្យា ដែល​បាន​តាំង​នឹង​ពួក​ឰយុកោ

9. ហើយ​ឲ្យ​ពួក​សាសន៍​ដទៃ បាន​សរសើរ‌ដំកើង​ព្រះ​ដែរ ដោយ​ព្រោះ​សេចក្តី​មេត្តា‌ករុណា​របស់​ទ្រង់ តាម​សេចក្តី​ដែល​ចែង​ទុក​មក​ថា «ហេតុ​នោះ​បាន​ជា​ទូល‌បង្គំ​នឹង​សរសើរ‌ដំកើង​ទ្រង់​ក្នុង​ពួក​សាសន៍​ដទៃ ហើយ​ទូល‌បង្គំ​នឹង​ច្រៀង​ទំនុក​បរិសុទ្ធ ថ្វាយ​ព្រះ‌នាម​ទ្រង់»

10. ហើយ​មាន​សេចក្តី​មួយ​ទៀត​ថា «ឱ​សាសន៍​ទាំង​ប៉ុន្មាន​អើយ ចូរ​អរ​សប្បាយ​ជា​មួយ​នឹង​រាស្ត្រ​ទ្រង់»

សូមអានជំពូកពេញលេញ រ៉ូម 15