ជំពូក

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13
  14. 14
  15. 15
  16. 16

គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

រ៉ូម 12 ព្រះគម្ពីរបរិសុទ្ធ (KHOV)

ជីវិត​ថ្មី​ស្រប​តាម​ព្រះ‌ហឫ‌ទ័យ​ព្រះ

1. ដូច្នេះ បង​ប្អូន​អើយ ខ្ញុំ​ទូន្មាន​អ្នក​រាល់​គ្នា ដោយ​សេចក្តី​មេត្តា‌ករុណា​នៃ​ព្រះ ឲ្យ​បាន​ថ្វាយ​រូប‌កាយ​ទុក​ជា​យញ្ញ‌បូជា​រស់ ហើយ​បរិសុទ្ធ ដែល​គាប់​ព្រះ‌ហឫ‌ទ័យ​ដល់​ព្រះ ជា​ការ​គោរព​នៃ​អ្នក​រាល់​គ្នា ដែល​មាន​ទំនង

2. កុំ​ឲ្យ​ត្រាប់​តាម​សម័យ​នេះ​ឡើយ ចូរ​ឲ្យ​អ្នក​រាល់​គ្នា​បាន​ផ្លាស់​ប្រែ​វិញ ដោយ​គំនិត​បាន​កែ​ជា​ថ្មី​ឡើង ដើម្បី​នឹង​អាច​ល​មើល​ឲ្យ​បាន​ស្គាល់​បំណង​ព្រះ‌ហឫ‌ទ័យ​នៃ​ព្រះ ដែល​ល្អ ស្រួល​ទទួល ហើយ​គ្រប់​លក្ខណ៍​ផង

3. ដ្បិត​ខ្ញុំ​និយាយ​នឹង​មនុស្ស​ទាំង​អស់​ក្នុង​ពួក​អ្នក​រាល់​គ្នា ដោយ​ព្រះ‌គុណ​ដែល​ទ្រង់​បាន​ផ្តល់​មក​ខ្ញុំ​ថា ចូរ​គិត​បែប​ឲ្យ​មាន​គំនិត​នឹង‌ធឹង តាម​ខ្នាត​នៃ​សេចក្តី​ជំនឿ ដែល​ព្រះ​បាន​ចែក​មក​អ្នក​រាល់​គ្នា​នីមួយៗ កុំ​ឲ្យ​មាន​គំនិត​ខ្ពស់ លើស​ជាង​គំនិត ដែល​គួរ​គប្បី​ឲ្យ​គិត​នោះ​ឡើយ

4. ដ្បិត​ដែល​យើង​រាល់​គ្នា​មាន​អវយវៈ​ជា​ច្រើន រួម​គ្នា​ជា​រូប‌កាយ​តែ​មួយ តែ​អវយវៈ​ទាំង​នោះ​មាន​ការ‌ងារ​ផ្សេងៗ ពី​គ្នា​ជា​យ៉ាង​ណា

5. នោះ​យើង​ដែល​មាន​គ្នា​ច្រើន ក៏​ជា​រូប‌កាយ​តែ​មួយ​ក្នុង​ព្រះ‌គ្រីស្ទ ហើយ​ជា​អវយវៈ​ដល់​គ្នា​នឹង​គ្នា​បែប​យ៉ាង​នោះ​ដែរ

6. ដូច្នេះ ដែល​មាន​អំណោយ​ទាន​ផ្សេង​ពី​គ្នា តាម​ព្រះ‌គុណ​ដែល​ផ្តល់​មក​យើង ទោះ​បើ​ជា​សេចក្តី​ទំនាយ នោះ​ក៏​ត្រូវ​ទាយ​តាម​ខ្នាត​នៃ​សេចក្តី​ជំនឿ

7. ឬ​បើ​ជា​ការ​បំរើ នោះ​ចូរ​បំរើ​ចុះ ឬ​ជា​ការ​បង្រៀន ចូរ​បង្រៀន​ទៅ

8. ឬ​ជា​ការ​ទូន្មាន ចូរ​ទូន្មាន​ទៅ ឬ​ជា​ការ​ចែក​ទាន ចូរ​ចែក​ដោយ​ចិត្ត​ស្មោះ ឬ​ជា​ការ​នាំ​មុខ ចូរ​ធ្វើ​ដោយ​ឧស្សាហ៍ ឬ​ការ​មេត្តា‌ករុណា ក៏​ចូរ​ធ្វើ​ដោយ​រីក‌រាយ​ចុះ។

9. ចូរ​ឲ្យ​មាន​សេចក្តី​ស្រឡាញ់​ឥត​ពុត​មាយា ទាំង​ខ្ពើម​សេចក្តី​អាក្រក់ ហើយ​កាន់​ខ្ជាប់​ខាង​សេចក្តី​ល្អ​វិញ

10. ខាង​ឯ​សេចក្តី​ស្រឡាញ់​ជា​បង​ជា​ប្អូន នោះ​ចូរ​មាន​ចិត្ត​ថ្នម​គ្នា​ទៅ​វិញ​ទៅ​មក​ចុះ ខាង​ឯ​សេចក្តី​រាប់​អាន នោះ​ឲ្យ​ខំ​រាប់​អាន​គេ​ជា​មុន

11. ខាង​ឯ​សេចក្តី​ឧស្សាហ៍ នោះ​កុំ​ឲ្យ​ខ្ជិល​ឡើយ ខាង​ឯ​វិញ្ញាណ នោះ​ក៏​ចូរ​ព្យាយាម​ចុះ ដោយ​ខំ​ប្រឹង​បំរើ​ព្រះ‌អម្ចាស់

12. ចូរ​អរ​សប្បាយ ដោយ​មាន​សង្ឃឹម ចូរ​អត់​ធន់​ក្នុង​សេចក្តី​ទុក្ខ​លំបាក ចូរ​ឲ្យ​ខ្ជាប់‌ខ្ជួន​ក្នុង​សេចក្តី​អធិស្ឋាន

13. ខាង​សេចក្តី​ខ្វះ​ខាត​របស់​ពួក​បរិសុទ្ធ នោះ​ក៏​ចូរ​ផ្គត់‌ផ្គង់​ឲ្យ ទាំង​ខំ​ប្រឹង​ឲ្យ​មាន​សេចក្តី​ចៅរ៉ៅ​ផង​ចុះ

14. ចូរ​សូម​ពរ​ឲ្យ​ដល់​អ្នក​ណា​ដែល​បៀត​បៀន​អ្នក ចូរ​សូម​ពរ​ចុះ កុំ​ឲ្យ​ប្រទេច​ផ្តាសា​ឡើយ

15. ចូរ​អរ​សប្បាយ ជា​មួយ​នឹង​អ្នក​ណា​ដែល​អរ​សប្បាយ ហើយ​យំ​ជា​មួយ​នឹង​អ្នក​ណា​ដែល​យំ​ផង

16. ចូរ​ឲ្យ​មាន​គំនិត​ព្រម​ព្រៀង​គ្នា​ទៅ​វិញ​ទៅ​មក កុំ​ឲ្យ​មាន​គំនិត​ឆ្មើង‌ឆ្មៃ​សោះ​ឡើយ គឺ​ត្រូវ​ភប់‌ប្រសព្វ​នឹង​មនុស្ស​រាប​សា​វិញ កុំ​ឲ្យ​ទុក​ចិត្ត​នឹង​ខ្លួន ថា​មាន​ប្រាជ្ញា​ឲ្យ​សោះ។

17. កុំ​ឲ្យ​ធ្វើ​ការ​អាក្រក់​ស្នង​នឹង​ការ​អាក្រក់​ឡើយ ត្រូវ​តែ​ខំ​សំដែង​កិរិយា​ល្អ នៅ​ចំពោះ​មុខ​មនុស្ស​ទាំង​អស់​វិញ

18. ខាង​ឯ​ពួក​អ្នក​រាល់​គ្នា នោះ​ឲ្យ​ខំ​នៅ​ជា​មេត្រី​នឹង​មនុស្ស​ទាំង​អស់​ចុះ បើ​សិន​ជា​បាន

19. ឱ​ពួក​ស្ងួនភ្ងា​អើយ កុំ​ឲ្យ​សង‌សឹក​ឡើយ ចូរ​ថយ​ចេញ​ពី​សេចក្តី​កំហឹង​ទៅ ដ្បិត​មាន​សេចក្តី​ចែង​ទុក​មក​ថា «ព្រះ‌អម្ចាស់ ទ្រង់​មាន​ព្រះ‌បន្ទូល​ថា ការ​សង‌សឹក នោះ​ស្រេច​នឹង​អញ អញ​នឹង​សង​ដល់​គេ»

20. ដូច្នេះ បើ​សិន​ណា​ជា​ខ្មាំង​សត្រូវ​អ្នក​ឃ្លាន នោះ​ចូរ​ឲ្យ​គេ​បរិភោគ​ចុះ បើ​គេ​ស្រេក ចូរ​ឲ្យ​ផឹក​ទៅ បើ​ប្រព្រឹត្ត​ដូច្នោះ នោះ​ដូច​ជា​អ្នក​បាន​ប្រមូល​រងើក​ភ្លើង ដាក់​លើ​ក្បាល​គេ​វិញ

21. កុំ​ឲ្យ​សេចក្តី​អាក្រក់​ឈ្នះ​អ្នក​ឡើយ ត្រូវ​ឲ្យ​អ្នក​ឈ្នះ​សេចក្តី​អាក្រក់ ដោយ‌សារ​សេចក្តី​ល្អ​វិញ។