គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

រ៉ូម 11:13-24 ព្រះគម្ពីរបរិសុទ្ធ (KHOV)

13. ខ្ញុំ​និយាយ​នឹង​អ្នក​រាល់​គ្នា​ដែល​ជា​សាសន៍​ដទៃ ហើយ​ពី​ព្រោះ​ខ្ញុំ​ជា​សាវក​ដល់​សាសន៍​ដទៃ បាន​ជា​ខ្ញុំ​ដំកើង​ដល់​ការ‌ងារ​ខ្ញុំ

14. ដើម្បី​នឹង​បណ្តាល​សាច់‌ញាតិ​ខ្ញុំ ឲ្យ​មាន​សេចក្តី​ច្រណែន ហើយ​នឹង​ជួយ​សង្គ្រោះ​អ្នក​ខ្លះ​ក្នុង​ពួក​គេ បើ​សិន​ជា​បាន

15. ដ្បិត​បើ​សិន​ជា​ការ​បោះ​បង់​ចោល​គេ​នោះ ជា​សេចក្តី​មេត្រី​ដល់​លោកីយ៍​ដូច្នេះ នោះ​តើ​ការ​ទទួល​គេ​នឹង​បាន​ជា​អ្វី បើ​មិន​មែន​ជា​ជីវិត​រស់​ពី​ស្លាប់​ឡើង​វិញ។

16. បើ​ម្សៅ​១​ក្តាប់​មុន​ដំបូង​ជា​បរិសុទ្ធ នោះ​ដុំ​ទាំង​មូល​ក៏​បរិសុទ្ធ ហើយ​បើ​ឫស​បរិសុទ្ធ នោះ​មែក​ក៏​បរិសុទ្ធ​ដែរ

17. ប៉ុន្តែ បើ​មែក​ខ្លះ​ត្រូវ​កាច់​ចេញ ហើយ​អ្នក​ឯង​ដែល​ជា​ដើម​អូលីវ​ព្រៃ បាន​ត្រូវ​បំបៅ​កណ្តាលមែក​ទាំង​នោះ ទាំង​ត្រឡប់​ទៅ​ជា​ស្រូប​ជាតិ​ឫស​នៃ​ដើម​អូលីវ​ស្រុក ជា​មួយ​នឹង​មែក​ឯ​ទៀត

18. នោះ​កុំ​ឲ្យ​អួត​នឹង​មែក​នោះ​ឡើយ តែ​បើ​អ្នក​អួត​នឹង​គេ នោះ​ត្រូវ​ដឹង​ថា មិន​មែន​អ្នក​ដែល​ចិញ្ចឹម​ឫស​ទេ គឺ​ឫស​ទេ​តើ ដែល​ចិញ្ចឹម​អ្នក​វិញ

19. ដូច្នេះ អ្នក​នឹង​ប្រកែក​ថា មែក​ទាំង​នោះ​ត្រូវ​កាច់​ចេញ ដើម្បី​នឹង​បំបៅ​ខ្ញុំ​វិញ

20. ត្រូវ​ហើយ គេ​ត្រូវ​កាច់​ចេញ ដោយ​ព្រោះ​មិន​ជឿ ហើយ​ដែល​អ្នក​ជាប់​នៅ គឺ​ដោយ‌សារ​សេចក្តី​ជំនឿ ដូច្នេះ កុំ​ឲ្យ​ឆ្មើង‌ឆ្មៃ​ឡើយ ចូរ​ភ័យ​ខ្លាច​វិញ

21. ពី​ព្រោះ បើ​ព្រះ​ទ្រង់​មិន​បាន​សំចៃ​ទុក​មែក​កំណើត នោះ​ក្រែង​មិន​សំចៃ​ទុក​អ្នក​ដែរ

22. ដូច្នេះ ចូរ​មើល​សេចក្តី​សប្បុរស និង​សេចក្តី​ប្រិត​ប្រៀប​នៃ​ព្រះ គឺ​ទ្រង់​ប្រិត​នឹង​ពួក​អ្នក​ដែល​ដួល តែ​សប្បុរស​នឹង​អ្នក​វិញ បើ​អ្នក​នៅ​ជាប់​នឹង​សេចក្តី​សប្បុរស​នោះ ពុំ​នោះ អ្នក​នឹង​ត្រូវ​កាត់​ចេញ​ដែរ

23. ហើយ​មែក​កំណើត​ទាំង​នោះ​ដែរ បើ​គេ​លះ​សេចក្តី​មិន​ជឿ​ចោល​ចេញ នោះ​នឹង​បំបៅ​គេ​វិញ ដ្បិត​ព្រះ​ទ្រង់​អាច​នឹង​ភ្ជាប់​ជាតិ​វិញ​បាន

24. ពី​ព្រោះ បើ​សិន​ជា​អ្នក​ត្រូវ​កាត់​ចេញ​ពី​ដើម​អូលីវ​ព្រៃ​ពី​កំណើត ហើយ​បាន​បំបៅ​ជាប់​នឹង​ដើម​អូលីវ​ស្រុក​ខុស​ពី​ធម្មតា នោះ​តើ​មែក​កំណើត​ទាំង​នោះ នឹង​បាន​បំបៅ​ជាប់​នឹង​គល់​កំណើត​របស់​វា លើស​ជាង​អម្បាលម៉ាន​ទៅ​ទៀត។

សូមអានជំពូកពេញលេញ រ៉ូម 11