គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

រ៉ូម 11:1-18 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. ដូច្នេះ ខ្ញុំ​សួរ​ថា តើ​ព្រះ​បាន​បោះ​បង់​ចោល​រាស្ត្រ​ទ្រង់​ឬ​អី ទេ មិន​មែន​ទេ ដ្បិត​ខ្លួន​ខ្ញុំ​ជា​សាសន៍​អ៊ីស្រា‌អែល​ដែរ គឺ​ជា​ពូជ​លោក​អ័ប្រា‌ហាំ កើត​ក្នុង​ពូជ​អំបូរ​បេន‌យ៉ា‌មីន

2. ព្រះ​ទ្រង់​មិន​បាន​បោះ​បង់​ចោល​រាស្ត្រ​ទ្រង់ ដែល​ទ្រង់​ស្គាល់​ជា​មុន​នោះ​ទេ តើ​អ្នក​រាល់​គ្នា​មិន​ដឹង​រឿង​ពី​លោក​អេលីយ៉ា ដែល​គម្ពីរ​ថា​ដូច​ម្តេច​ទេ​ឬ​អី គឺ​ដែល​លោក​អង្វរ​ដល់​ព្រះ ទាស់​នឹង​សាសន៍​អ៊ីស្រា‌អែល​ថា

3. «ឱ​ព្រះ‌អម្ចាស់​អើយ គេ​បាន​សំឡាប់​ពួក​ហោរា​ទ្រង់ ហើយ​រំលំ​អាសនា​ទាំង​ប៉ុន្មាន​របស់​ទ្រង់ មាន​សល់​តែ​ទូល‌បង្គំ​១ ហើយ​គេ​រក​សំឡាប់​ទូល‌បង្គំ​ទៀត»

4. ប៉ុន្តែ ព្រះ​ទ្រង់​ឆ្លើយ​នឹង​លោក​យ៉ាង​ដូច​ម្តេច គឺ​ឆ្លើយ​ថា «អញ​បាន​ទុក​មនុស្ស​៧​ពាន់​នាក់​សំរាប់​អញ ដែល​មិន​បាន​លុត​ជង្គង់​នៅ​មុខ​ព្រះ‌បាល​សោះ»

5. ដូច្នេះ សព្វ​ថ្ងៃ​នេះ ក៏​មាន​សំណល់​សល់​ដែល​ទ្រង់​បាន​រើស​តាំង ដោយ​ព្រះ‌គុណ​ដែរ

6. ហើយ​បើ​សិន​ជា​ដោយ‌សារ​ព្រះ‌គុណ​ពិត នោះ​មិន​មែន​ដោយ​អាង​ការ​ប្រព្រឹត្ត​ទៀត​ទេ ពុំ​នោះ ព្រះ‌គុណ​មិន​មែន​ជា​ព្រះ‌គុណ​ទៀត តែ​បើ​អាង​ដោយ​ការ​ប្រព្រឹត្ត​មែន នោះ​មិន​មែន​ដោយ​ព្រះ‌គុណ​ទៀត ពុំ​នោះ ការ​ប្រព្រឹត្ត​មិន​មែន​ការ​ប្រព្រឹត្ត​ទៀត​ទេ

7. ដូច្នេះ តើ​ដូច​ម្តេច គឺ​ថា សេចក្តី​ដែល​សាសន៍​អ៊ីស្រា‌អែល​ស្វែង​រក នោះ​គេ​រក​មិន​បាន​ទេ តែ​ពួក​រើស​តាំង​រក​បាន​សេចក្តី​នោះ​វិញ ហើយ​ពួក​អ្នក​ឯ​ទៀត​ត្រូវ​មាន​ចិត្ត​រឹង‌រូស

8. ដូច​មាន​សេចក្តី​ចែង​ទុក​មក​ថា «ព្រះ​ទ្រង់​បាន​ប្រទាន​ឲ្យ​គេ​មាន​វិញ្ញាណ​រលីវ ភ្នែក​ដែល​មើល​មិន​ឃើញ និង​ត្រចៀក​ដែល​ស្តាប់​មិន​ឮ ដរាប​មក​ដល់​សព្វ​ថ្ងៃ​នេះ»

9. ហ្លួង​ដាវីឌ​ក៏​មាន​ព្រះ‌បន្ទូល​ថា «ឲ្យ​តុគេ​ត្រឡប់​ទៅ​ជា​អង្គប់ ហើយ​ជា​អន្ទាក់​ដល់​គេ​ចុះ គឺ​ជា​ហេតុ​ឲ្យ​វិនាស រវាត​ចិត្ត ហើយ​ជា​សំណង​ដល់​គេ​ដែរ

10. ឲ្យ​ភ្នែក​គេ​ត្រូវ​ងងឹត មិន​ឲ្យ​ឃើញ​ឡើយ ហើយ​ឲ្យ​ខ្នង​គេ​ត្រូវ​បង្កោង​ជានិច្ច​ផង»។

11. ដូច្នេះ ខ្ញុំ​សួរ​ថា តើ​គេ​បាន​ជំពប់ ឲ្យ​គ្រាន់​តែ​ដួល​ប៉ុណ្ណោះ​ឬ​អី ទេ មិន​មែន​ឡើយ គឺ​ដោយ‌សារ​ការ​ដួល​របស់​គេ បាន​ជា​មាន​សេចក្តី​សង្គ្រោះ ផ្សាយ​ទៅ​ដល់​ពួក​សាសន៍​ដទៃ​វិញ ដើម្បី​បណ្តាល​ឲ្យ​គេ​ច្រណែន

12. ដូច្នេះ បើ​ការ​ដួល​របស់​គេ ជា​សេចក្តី​ចំរើន​ដល់​លោកីយ៍ ហើយ​សេចក្តី​ខ្វះ​មិន​ពេញ​ខ្នាត​របស់​គេ ជា​សេចក្តី​ចំរើន​ដល់​ពួក​សាសន៍​ដទៃ​វិញ នោះ​តើ​សេចក្តី​ពេញ​ខ្នាត​របស់​គេ នឹង​បាន​លើស​ជាង​យ៉ាង​ណា​ទៅ។

13. ខ្ញុំ​និយាយ​នឹង​អ្នក​រាល់​គ្នា​ដែល​ជា​សាសន៍​ដទៃ ហើយ​ពី​ព្រោះ​ខ្ញុំ​ជា​សាវក​ដល់​សាសន៍​ដទៃ បាន​ជា​ខ្ញុំ​ដំកើង​ដល់​ការ‌ងារ​ខ្ញុំ

14. ដើម្បី​នឹង​បណ្តាល​សាច់‌ញាតិ​ខ្ញុំ ឲ្យ​មាន​សេចក្តី​ច្រណែន ហើយ​នឹង​ជួយ​សង្គ្រោះ​អ្នក​ខ្លះ​ក្នុង​ពួក​គេ បើ​សិន​ជា​បាន

15. ដ្បិត​បើ​សិន​ជា​ការ​បោះ​បង់​ចោល​គេ​នោះ ជា​សេចក្តី​មេត្រី​ដល់​លោកីយ៍​ដូច្នេះ នោះ​តើ​ការ​ទទួល​គេ​នឹង​បាន​ជា​អ្វី បើ​មិន​មែន​ជា​ជីវិត​រស់​ពី​ស្លាប់​ឡើង​វិញ។

16. បើ​ម្សៅ​១​ក្តាប់​មុន​ដំបូង​ជា​បរិសុទ្ធ នោះ​ដុំ​ទាំង​មូល​ក៏​បរិសុទ្ធ ហើយ​បើ​ឫស​បរិសុទ្ធ នោះ​មែក​ក៏​បរិសុទ្ធ​ដែរ

17. ប៉ុន្តែ បើ​មែក​ខ្លះ​ត្រូវ​កាច់​ចេញ ហើយ​អ្នក​ឯង​ដែល​ជា​ដើម​អូលីវ​ព្រៃ បាន​ត្រូវ​បំបៅ​កណ្តាលមែក​ទាំង​នោះ ទាំង​ត្រឡប់​ទៅ​ជា​ស្រូប​ជាតិ​ឫស​នៃ​ដើម​អូលីវ​ស្រុក ជា​មួយ​នឹង​មែក​ឯ​ទៀត

18. នោះ​កុំ​ឲ្យ​អួត​នឹង​មែក​នោះ​ឡើយ តែ​បើ​អ្នក​អួត​នឹង​គេ នោះ​ត្រូវ​ដឹង​ថា មិន​មែន​អ្នក​ដែល​ចិញ្ចឹម​ឫស​ទេ គឺ​ឫស​ទេ​តើ ដែល​ចិញ្ចឹម​អ្នក​វិញ

សូមអានជំពូកពេញលេញ រ៉ូម 11