គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

រ៉ូម 1:13-24 ព្រះគម្ពីរបរិសុទ្ធ (KHOV)

13. តែ​បង​ប្អូន​អើយ ខ្ញុំ​ចង់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ថា ខ្ញុំ​បាន​គិត​មក​ឯ​អ្នក​រាល់​គ្នា​ជា​រឿយៗ ដើម្បី​ឲ្យ​បាន​ផល​ខ្លះ ក្នុង​ពួក​អ្នក​រាល់​គ្នា ដូច​ជា​ក្នុង​ពួក​សាសន៍​ឯ​ទៀត​ដែរ តែ​ខ្ញុំ​មាន​សេចក្តី​ឃាត់‌ឃាំង ដរាប​មក​ដល់​ឥឡូវ​នេះ

14. ខ្ញុំ​មាន​សេចក្តី​ជំពាក់​ទាំង​សាសន៍​ក្រេក និង​សាសន៍​ដទៃ ទាំង​អ្នក​ប្រាជ្ញ និង​អ្នក​ខ្លៅ​ផង

15. ដូច្នេះ ឯ​ខ្ញុំៗ ប្រុង​ប្រៀប​តែ​នឹង​ប្រាប់​ដំណឹង​ល្អ​មក​អ្នក​រាល់​គ្នា ដែល​នៅ​ក្រុង​រ៉ូម​ដែរ

16. ដ្បិត​ខ្ញុំ​គ្មាន​សេចក្តី​ខ្មាស ចំពោះ​ដំណឹង​ល្អ​នៃ​ព្រះ‌គ្រីស្ទ​ទេ ពី​ព្រោះ​ជា​ព្រះ‌ចេស្តា​នៃ​ព្រះ សំរាប់​នឹង​ជួយ​សង្គ្រោះ​ដល់​អស់​អ្នក​ណា​ដែល​ជឿ គឺ​ដល់​ទាំង​សាសន៍​យូដា​ជា​ដើម និង​សាសន៍​ក្រេក​ផង

17. ដ្បិត​សេចក្តី​សុចរិត​នៃ​ព្រះ បាន​សំដែង​មក​ក្នុង​ដំណឹង​ល្អ​នោះ ដោយ‌សារ​សេចក្តី​ជំនឿ។

18. ពី​ព្រោះ​សេចក្តី​ក្រោធរបស់​ព្រះ បាន​សំដែង​មក​ពី​ស្ថាន‌សួគ៌ ទាស់​នឹង​គ្រប់​ទាំង​សេចក្តី​ទមិល​ល្មើស និង​សេចក្តី​ទុច្ចរិត​របស់​មនុស្ស ដែល​គេ​បង្ខាំង​សេចក្តី​ពិត ដោយ​សេចក្តី​ទុច្ចរិត

19. ព្រោះ​ការ​អ្វី​ដែល​អាច​នឹង​ស្គាល់​ពី​ព្រះ​បាន នោះ​បាន​សំដែង​មក​ក្នុង​ពួក​គេ​ហើយ ដោយ​ព្រះ​ទ្រង់​សំដែង​ការ​នោះ​ឲ្យ​គេ​ឃើញ​ជាក់

20. ដ្បិត​អ្វីៗ​របស់​ទ្រង់​ដែល​រក​មើល​មិន​ឃើញ តាំង​ពី​កំណើត​លោកីយ៍​មក ទោះ​ទាំង​ព្រះ‌ចេស្តា​ដ៏​នៅ​អស់​កល្ប‌ជានិច្ច និង​និស្ស័យ​ជា​ព្រះ​របស់​ទ្រង់ នោះ​ឃើញ​ច្បាស់​វិញ ដោយ​ពិចារណា​យល់​របស់​ទាំង​ប៉ុន្មាន ដែល​ទ្រង់​បាន​បង្កើត​មក

21. ព្រោះ​កាល​គេ​បាន​ស្គាល់​ព្រះ នោះ​គេ​មិន​បាន​ដំកើង​ទ្រង់ ទុក​ជា​ព្រះ​ទេ ក៏​មិន​ដឹង​គុណ​ទ្រង់​ដែរ គេ​កើត​មាន​គំនិត​ឥត​ប្រយោជន៍​វិញ ហើយ​ចិត្ត​គេ ដែល​ឥត​យោបល់ ក៏​បាន​ត្រឡប់​ជា​ងងឹត​ទៅ

22. គេ​អួត​ខ្លួន​ថា មាន​ប្រាជ្ញា បាន​ជា​គេ​ត្រឡប់​ទៅ​ជា​ល្ងង់‌ល្ងើ​វិញ

23. គឺ​គេ​បំផ្លាស់​សិរី‌ល្អ​នៃ​ព្រះ​ដែល​មិន​ចេះ​ខូច ឲ្យ​ទៅ​ជា​រូប មើល​ទៅ​ដូច​ជា​មនុស្ស ដែល​តែង​តែ​ខូច​វិញ ហើយ​ដូច​ជា​សត្វ​ស្លាប សត្វ​ជើង​៤ និង​សត្វ​លូន​វារ​ដែរ

24. ហេតុ​នោះ​បាន​ជា​ព្រះ​ទ្រង់​ប្រគល់​គេ​ទៅ​ឯ​សេចក្តី​ស្មោក‌គ្រោក តាម​ចិត្ត​គេ​ប្រាថ្នា​ចង់​បាន ឲ្យ​បាន​បង្អាប់​ដល់​រូប‌កាយ​គេ​ទៅ​វិញ​ទៅ​មក

សូមអានជំពូកពេញលេញ រ៉ូម 1