គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

រ៉ូម 1:1-12 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. សំបុត្រ​ប៉ុល​ខ្ញុំ ជា​បាវ​បំរើរបស់​ព្រះ‌យេស៊ូវ​គ្រីស្ទ ដែល​ទ្រង់​បាន​ហៅ​មក​ធ្វើ​ជា​សាវក ទាំង​ញែក​ចេញ​ទុក​សំរាប់​ដំណឹង​ល្អ​នៃ​ព្រះ

2. (ជា​ដំណឹង​ល្អ​ដែល​ទ្រង់​បាន​សន្យា​ពី​ដើម ដោយ‌សារ​ពួក​ហោរា​ទ្រង់ ទុក​ក្នុង​គម្ពីរ​បរិសុទ្ធ

3. គឺ​ពី​ព្រះ‌រាជ‌បុត្រា​នៃ​ព្រះ ដែល​ខាង​ឯ​សាច់​ឈាម ទ្រង់​បាន​ចាប់​កំណើត​ក្នុង​ព្រះ‌វង្សា​ហ្លួង​ដាវីឌ

4. តែ​ខាង​ឯ​ព្រះ‌វិញ្ញាណ​នៃ​សេចក្តី​បរិសុទ្ធ នោះ​បាន​សំដែង​មក​ច្បាស់​ថា ទ្រង់​ជា​ព្រះ‌រាជ‌បុត្រា​របស់​ព្រះ​ពិត ទាំង​មាន​ព្រះ‌ចេស្តា​ផង ដោយ​ទ្រង់​បាន​រស់​ពី​ស្លាប់​ឡើង​វិញ គឺ​ជា​ព្រះ‌យេស៊ូវ​គ្រីស្ទ ជា​ព្រះ‌អម្ចាស់​នៃ​យើង​រាល់​គ្នា

5. ដែល​យើង​ខ្ញុំ​បាន​ទទួល​ព្រះ‌គុណ និង​ងារ​ជា​សាវក​ដោយ‌សារ​ទ្រង់ សំរាប់​ឲ្យ​មាន​មនុស្ស​ចុះ​ចូល តាម​សេចក្តី​ជំនឿ នៅ​កណ្តាល​អស់​ទាំង​សាសន៍ ទុក​ជា​ប្រយោជន៍​ដល់​ព្រះ‌នាម​ទ្រង់

6. ដែល​អ្នក​រាល់​គ្នា​ក៏​នៅ​ក្នុង​ពួក​អ្នក​ទាំង​នោះ ជា​ពួក​អ្នក​ដែល​ព្រះ‌យេស៊ូវ​គ្រីស្ទ​ទ្រង់​បាន​ហៅ​ដែរ)

7. ខ្ញុំ​ផ្ញើ​មក​អស់​អ្នក នៅ​ក្រុង​រ៉ូម​ជា​ពួក​ស្ងួនភ្ងា​នៃ​ព្រះ ដែល​ទ្រង់​បាន​ហៅ​មក​ធ្វើ​ជា​ពួក​បរិសុទ្ធ សូម​ឲ្យ​អ្នក​រាល់​គ្នា​បាន​ប្រកប ដោយ​នូវ​ព្រះ‌គុណ និង​សេចក្តី​សុខ​សាន្ត អំពី​ព្រះ​ដ៏​ជា​ព្រះ‌វរ‌បិតា​នៃ​យើង​រាល់​គ្នា ហើយ​អំពី​ព្រះ‌អម្ចាស់​យេស៊ូវ‌គ្រីស្ទ។

8. មុន​ដំបូង ខ្ញុំ​សូម​អរ​ព្រះ‌គុណ​ដល់​ព្រះ​នៃ​ខ្ញុំ ដោយ​នូវ​ព្រះ‌យេស៊ូវ​គ្រីស្ទ ពី​ដំណើរ​អ្នក​រាល់​គ្នា ដោយ​ឮ​គេ​ថ្លែង​ប្រាប់ នៅ​គ្រប់​ក្នុង​លោកីយ៍​ទាំង​មូល ពី​សេចក្តី​ជំនឿ​របស់​អ្នក​រាល់​គ្នា

9. ដ្បិត​ព្រះ​ដែល​ខ្ញុំ​បំរើ​ដោយ​វិញ្ញាណ​ខ្ញុំ ក្នុង​ដំណឹង​ល្អ​ពី​ព្រះ‌រាជ‌បុត្រា​ទ្រង់ នោះ​ជា​ស្មរ​បន្ទាល់​ពី​ខ្ញុំ​ថា ខ្ញុំ​ទូល​ដំណាល​ពី​អ្នក​រាល់​គ្នា ក្នុង​សេចក្តី​អធិស្ឋាន​របស់​ខ្ញុំ​ជានិច្ច

10. ព្រម​ទាំង​សូម​អង្វរ​ជា​ដរាប ឲ្យ​ខ្ញុំ​បាន​ឱកាស​ស្រួល​តាម​ព្រះ‌ហឫ‌ទ័យ​ម្តង​ណេះ ដើម្បី​នឹង​មក​ឯ​អ្នក​រាល់​គ្នា បើ​សិន​ជា​បាន

11. ដោយ​ព្រោះ​ខ្ញុំ​រឭក​ចង់​ឃើញ​អ្នក​រាល់​គ្នា ដើម្បី​នឹង​ចែក​អំណោយ​ទាន​ណា​មួយ ខាង​វិញ្ញាណ​មក​អ្នក​រាល់​គ្នា ប្រយោជន៍​ឲ្យ​អ្នក​រាល់​គ្នា​បាន​តាំង​នៅ​យ៉ាង​ខ្ជាប់‌ខ្ជួន

12. គឺ​ថា ឲ្យ​យើង​បាន​សេចក្តី​កំសាន្ត​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក ក្នុង​ពួក​អ្នក​រាល់​គ្នា ដោយ‌សារ​សេចក្តី​ជំនឿ​របស់​យើង​នីមួយៗ គឺ​របស់​អ្នក​រាល់​គ្នា និង​របស់​ខ្ញុំ​ផង

សូមអានជំពូកពេញលេញ រ៉ូម 1