គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យ៉ូហាន 8:1-17 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. តែ​ព្រះ‌យេស៊ូវ​ទ្រង់​យាង​ទៅ​ឯ​ភ្នំ​ដើម​អូលីវ​វិញ។

2. ដល់​ព្រលឹម​ឡើង ទ្រង់​យាង​ត្រឡប់​ទៅ​ក្នុង​ព្រះ‌វិហារ ហើយ​បណ្តា‌ជន​ក៏​មក​ឯ​ទ្រង់ នោះ​ទ្រង់​គង់​ចុះ​បង្រៀន​គេ

3. រួច​ពួក​អាចារ្យ និង​ពួក​ផារិ‌ស៊ី គេ​នាំ​ស្ត្រី​ម្នាក់ ដែល​បាន​ទាន់​នៅ​ដំណេក​មក​ឯ​ទ្រង់ កាល​គេ​ដាក់​ស្ត្រី​នោះ នៅ​កណ្តាល​ជំនុំ​ហើយ នោះ​ក៏​ទូល​ថា

4. លោក​គ្រូ ស្ត្រី​នេះ​គេ​ចាប់​បាន កំពុង​ដែល​សហាយ‌ស្មន់​នឹង​គ្នា

5. រីឯ​ក្នុង​ក្រឹត្យ‌វិន័យ លោក​ម៉ូសេ​បាន​បង្គាប់ ឲ្យ​យើង​ខ្ញុំ​ចោល​ស្ត្រី​យ៉ាង​នេះ​នឹង​ថ្ម ដូច្នេះ តើ​លោក​គិត​ដូច​ម្តេច

6. គេ​ទូល​ដូច្នោះ ដើម្បី​នឹង​ល្បង​ល​ទ្រង់​ទេ ប្រយោជន៍​ឲ្យ​តែ​បាន​រឿង​ចោទ​ប្រកាន់​ទ្រង់​ប៉ុណ្ណោះ ប៉ុន្តែ​ព្រះ‌យេស៊ូវ​ទ្រង់​ឱន​ទៅ​សរសេរ​នៅ​ដី ដោយ​ព្រះ‌អង្គុលី​វិញ

7. តែ​ដោយ​ព្រោះ​គេ​ចេះ​តែ​សួរ បាន​ជា​ទ្រង់​ងើប​ឡើង មាន​ព្រះ‌បន្ទូល​ថា អ្នក​ណា​ដែល​គ្មាន​បាប​សោះ ចូរ​ឲ្យ​អ្នក​នោះ​ចោល​នាង​នឹង​ថ្ម​ជា​មុន​គេ​ចុះ

8. រួច​ទ្រង់​ក៏​ឱន​សរសេរ​នៅ​ដី​ម្តង​ទៀត

9. កាល​បាន​ឮ​ពាក្យ​ទាំង​នោះ ហើយ​បញ្ញា​ចិត្ត​គេ បាន​ចោទ​ប្រកាន់​ទោស​ខ្លួន នោះ​គេ​ក៏​ថយ​ចេញ​ទៅ​ម្នាក់​ម្តងៗ ចាប់​តាំង​ពី​មនុស្ស​ចាស់​ជាង​គេ ដរាប​ដល់​អ្នក​ក្រោយ​បង្អស់ សល់​នៅ​តែ​ព្រះ‌យេស៊ូវ និង​ស្ត្រី​នោះ ដែល​នៅ​ចំពោះ​ទ្រង់​ប៉ុណ្ណោះ

10. ព្រះ‌យេស៊ូវ​ងើប​ឡើង​វិញ ឃើញ​តែ​ស្ត្រី​នោះ ក៏​មាន​ព្រះ‌បន្ទូល​ទៅ​ថា នាង​អើយ ពួក​ដែល​ចោទ​ប្រកាន់​នាង តើ​នៅ​ឯ​ណា គ្មាន​អ្នក​ណា​កាត់​ទោស​នាង​ទេ​ឬ​អី

11. នាង​ទូល​ឆ្លើយ​ថា គ្មាន​ទេ លោក​ម្ចាស់ រួច​ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ទៅ​ថា ខ្ញុំ​ក៏​មិន​កាត់​ទោស​នាង​ដែរ អញ្ជើញ​ទៅ​ចុះ តែ​កុំ​ធ្វើ​បាប​ទៀត​ឡើយ។

12. ព្រះ‌យេស៊ូវ​ទ្រង់​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ម្តង​ទៀត​ថា ខ្ញុំ​ជា​ពន្លឺ​លោកីយ៍ អ្នក​ណា​ដែល​តាម​ខ្ញុំ នោះ​មិន​ដែល​ដើរ​ក្នុង​សេចក្តី​ងងឹត​ឡើយ គឺ​នឹង​មាន​ពន្លឺ​នៃ​ជីវិត​វិញ

13. នោះ​ពួក​ផារិ‌ស៊ី​ទូល​ថា អ្នក​ធ្វើ​បន្ទាល់​ពី​ខ្លួន​អ្នក ដូច្នេះ សេចក្តី​បន្ទាល់​របស់​អ្នក​មិន​ពិត​ទេ

14. ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ឆ្លើយ​ថា ទោះ‌បី​ខ្ញុំ​ធ្វើ​បន្ទាល់​ពី​ខ្លួន​ខ្ញុំ គង់​តែ​សេចក្តី​បន្ទាល់​នោះ​ក៏​ពិត​ដែរ ព្រោះ​ខ្ញុំ​ដឹង​ជា​ខ្ញុំ​មក​ពី​ណា ហើយ​ទៅ​ឯ​ណា​ផង តែ​អ្នក​រាល់​គ្នា​មិន​ដឹង​ជា​ខ្ញុំ​មក​ពី​ណា ឬ​ទៅ​ឯ​ណា​ទេ

15. អ្នក​រាល់​គ្នា​ជំនុំ‌ជំរះ​តាម​សាច់​ឈាម ឯ​ខ្ញុំ​មិន​ជំនុំ‌ជំរះ​អ្នក​ណា​ទេ

16. តែ​បើ​ខ្ញុំ​ជំនុំ‌ជំរះ​ដែរ នោះ​សេចក្តី​ជំនុំ‌ជំរះ​របស់​ខ្ញុំ​ជា​ពិត​វិញ ពី​ព្រោះ​ខ្ញុំ​មិន​នៅ​តែ​ឯង​ទេ គឺ​មាន​ព្រះ‌វរ‌បិតា ដែល​ចាត់​ឲ្យ​ខ្ញុំ​មក ទ្រង់​គង់​ជា​មួយ​ផង

17. ហើយ​ក្នុង​ក្រឹត្យ‌វិន័យ​របស់​អ្នក​រាល់​គ្នា ក៏​មាន​ពាក្យ​ចែង​ទុក​មក​ថា សេចក្តី​បន្ទាល់​របស់​មនុស្ស​២​នាក់ នោះ​ពិត​ហើយ

សូមអានជំពូកពេញលេញ យ៉ូហាន 8