គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យ៉ូហាន 7:33-47 ព្រះគម្ពីរបរិសុទ្ធ (KHOV)

33. ដូច្នេះ ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ថា ខ្ញុំ​នៅ​ជា​មួយ​នឹង​អ្នក​រាល់​គ្នា​តែ​បន្តិច​ទៀត​ទេ រួច​ខ្ញុំ​ទៅ​ឯ​ព្រះ ដែល​ចាត់​ឲ្យ​ខ្ញុំ​មក​នោះ​វិញ

34. អ្នក​រាល់​គ្នា​នឹង​រក​ខ្ញុំ តែ​រក​មិន​ឃើញ​ទេ ហើយ​កន្លែង​ដែល​ខ្ញុំ​ទៅ នោះ​អ្នក​រាល់​គ្នា​ពុំ​អាច​នឹង​ទៅ​បាន​ឡើយ

35. នោះ​ពួក​សាសន៍​យូដា​និយាយ​គ្នា​គេ​ថា តើ​អ្នក​នេះ​គិត​ទៅ​ឯ​ណា ដែល​យើង​នឹង​រក​មិន​ឃើញ តើ​គិត​ទៅ​ឯ​ពួក​អ្នក​ខ្ចាត់​ខ្ចាយ នៅ​ក្នុង​សាសន៍​ក្រេក ដើម្បី​នឹង​បង្រៀន​ដល់​សាសន៍​នោះ​ឬ​អី

36. ពាក្យ​ដែល​គាត់​ថា «អ្នក​រាល់​គ្នា​នឹង​រក​ខ្ញុំ តែ​រក​មិន​ឃើញ​ទេ» ហើយ​ថា «កន្លែង​ដែល​ខ្ញុំ​ទៅ អ្នក​រាល់​គ្នា​ពុំ​អាច​នឹង​ទៅ​បាន​ទេ» នេះ​តើ​មាន​ន័យ​ដូច​ម្តេច។

37. នៅ​ថ្ងៃ​ក្រោយ​បង្អស់ ជា​ថ្ងៃ​បុណ្យ​យ៉ាង​សំខាន់ នោះ​ព្រះ‌យេស៊ូវ​ទ្រង់​ឈរ​បន្លឺ‌ឧទាន​ប្រកាស​ឡើង​ថា បើ​អ្នក​ណា​ស្រេក ចូរ​ឲ្យ​អ្នក​នោះ​មក​ឯ​ខ្ញុំ ហើយ​ផឹក​ចុះ

38. អ្នក​ណា​ដែល​ជឿ​ដល់​ខ្ញុំ នោះ​នឹង​មាន​ទន្លេ​ទឹក​រស់​ហូរ​ចេញ​ពី​ពោះ​ខ្លួន​មក ដូច​ជា​គម្ពីរ​សំដែង​ហើយ

39. តែ​សេចក្តី​នេះ គឺ​ទ្រង់​មាន​ព្រះ‌បន្ទូល​ពី​ព្រះ‌វិញ្ញាណ ដែល​អស់​អ្នក​ជឿ​ដល់​ទ្រង់​នឹង​ត្រូវ​ទទួល ដ្បិត​ព្រះ‌វិញ្ញាណ​បរិសុទ្ធ​មិន​ទាន់​យាង​មក ដោយ​ព្រោះ​ព្រះ‌យេស៊ូវ​មិន​ទាន់​បាន​ដំកើង​ឡើងនៅ​ឡើយ។

40. ដូច្នេះ កាល​បណ្តា​មនុស្ស​បាន​ឮ នោះ​មាន​គ្នា​ច្រើន​និយាយ​ថា លោក​នេះ ពិត​ប្រាកដ​ជា​ហោរា​នោះ​ហើយ

41. អ្នក​ខ្លះ​ទៀត​ថា នេះ​ជា​ព្រះ‌គ្រីស្ទ​ហើយ ខ្លះ​ទៀត​ថា ចុះ​ព្រះ‌គ្រីស្ទ​យាង​មក​ពី​ស្រុក​កាលី‌ឡេ​ដែរ​ឬ

42. តើ​គម្ពីរ​មិន​ថា ព្រះ‌គ្រីស្ទ​ត្រូវ​កើត​ពី​ព្រះ‌វង្ស​ហ្លួង​ដាវីឌ ហើយ​ក៏​យាង​មក​ពី​ភូមិ​បេថ្លេ‌ហិម ជា​កន្លែង​ដែល​ហ្លួង​ដាវីឌ​បាន​គង់​នៅ​ទេ​ឬ​អី

43. ដូច្នេះ គេ​ក៏​បាក់​បែក​ទាស់​គ្នា ដោយ​ព្រោះ​ទ្រង់

44. មាន​ខ្លះ​ចង់​ចាប់​ទ្រង់ តែ​គ្មាន​អ្នក​ណា​លូក​ដៃ​ទៅ​ចាប់​ទេ។

45. នោះ​ពួក​អាជ្ញា​ក៏​ត្រឡប់​ទៅ​ឯ​ពួក​សង្គ្រាជ និង​ពួក​ផារិ‌ស៊ី​វិញ លោក​ទាំង​នោះ​សួរ​គេ​ថា ហេតុ​អ្វី​បាន​ជា​មិន​ចាប់​អ្នក​នោះ​មក

46. ពួក​អាជ្ញា​ឆ្លើយ​ថា មិន​ដែល​មាន​អ្នក​ណា​និយាយ​ដូច​អ្នក​នោះ​ទេ

47. ដូច្នេះ ពួក​ផារិ‌ស៊ី​ស្តី​ឲ្យ​ថា អ្នក​រាល់​គ្នា​ត្រូវ​បញ្ឆោត​ដែរ​ឬ

សូមអានជំពូកពេញលេញ យ៉ូហាន 7