គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យ៉ូហាន 6:5-19 ព្រះគម្ពីរបរិសុទ្ធ (KHOV)

5. ឯ​ព្រះ‌យេស៊ូវ​ទ្រង់​ងើប​ព្រះ‌នេត្រ​ឡើង ឃើញ​មនុស្ស​កក‌កុញ​មក​ឯ​ទ្រង់ នោះ​ទ្រង់​មាន​ព្រះ‌បន្ទូល​ទៅ​ភីលីព​ថា យើង​នឹង​ទិញ​នំបុ័ង​ពី​ណា​មក ឲ្យ​មនុស្ស​ទាំង​អស់​នេះ​បាន​បរិភោគ

6. ទ្រង់​មាន​ព្រះ‌បន្ទូល​សួរ​ដូច្នេះ ដើម្បី​នឹង​ល្បង​ល​គាត់​ទេ ព្រោះ​ទ្រង់​ជ្រាប​ការ ដែល​ទ្រង់​គិត​ធ្វើ​ហើយ

7. ភីលីព​ទូល​ឆ្លើយ​ថា ទោះ​បើ​ទិញ​នំបុ័ង​អស់​៤០​រៀល ក៏​មិន​គ្រាន់​ឲ្យ​គ្រប់​គ្នា សូម្បី​តែ​បន្តិច​បន្តួច​ផង

8. មាន​សិស្ស​ទ្រង់​ម្នាក់ ឈ្មោះ​អនទ្រេ ជា​ប្អូន​ស៊ីម៉ូន-ពេត្រុស គាត់​ទូល​ទ្រង់​ថា

9. នៅ​ទី​នេះ​មាន​ក្មេង​ម្នាក់ មាន​នំបុ័ង​ម្សៅ​ឱក​៥ និង​ត្រី​តូច​២ ប៉ុន្តែ​ដែល​មាន​ប៉ុណ្ណោះ តើ​មាន​ប្រយោជន៍​អ្វី ដល់​មនុស្ស​ច្រើន​ទាំង​ម៉្លេះ

10. ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ថា ចូរ​ឲ្យ​មនុស្ស​ទាំង​អស់​អង្គុយ​ទៅ រីឯ​នៅ​ទី​នោះ មាន​ស្មៅ​ច្រើន ដូច្នេះ គេ​ក៏​នាំ​គ្នា​អង្គុយ មាន​ចំនួន​ប្រហែល​ជា​៥​ពាន់​នាក់

11. រួច​ព្រះ‌យេស៊ូវ​ទ្រង់​យក​នំបុ័ង​នោះ​អរ​ព្រះ‌គុណ រួច​ចែក​ទៅ​ឲ្យ​ពួក​សិស្ស គេ​ក៏​ចែក​ដល់​ពួក​អ្នក​ដែល​អង្គុយ បាន​ចែក​ទាំង​ត្រី​តូច​នោះ​បែប​ដូច្នោះ​ដែរ តាម​តែ​គេ​ចង់​បាន

12. លុះ​គេ​បាន​ឆ្អែត​គ្រប់​គ្នា​ហើយ នោះ​ទ្រង់​មាន​ព្រះ‌បន្ទូល​ទៅ​ពួក​សិស្ស​ថា ចូរ​ប្រមូល​ចំណិត​ដែល​សល់​នៅ ដើម្បី​កុំ​ឲ្យ​បាត់​អ្វី​ឡើយ

13. ក្រោយ​ដែល​បរិភោគ​រួច​ហើយ នោះ​គេ​ប្រមូល​ចំណិត​នំបុ័ង​ម្សៅ​ឱក ដែល​សល់​ពី​៥​ដុំ​នោះ ដាក់​ពេញ​បាន​១២​កន្ត្រក

14. កាល​មនុស្ស​ទាំង​ប៉ុន្មាន​បាន​ឃើញ​ទី​សំគាល់ ដែល​ព្រះ‌យេស៊ូវ​ធ្វើ​នោះ គេ​ក៏​និយាយ​ថា លោក​នេះ​ប្រាកដ​ជា​ហោរា​នោះ ដែល​ត្រូវ​មក​ក្នុង​លោកីយ៍​មែន

15. ដូច្នេះ ព្រះ‌យេស៊ូវ​ក៏​ថយ​ឡើង​ទៅ​លើ​ភ្នំ តែ​១​អង្គ​ទ្រង់​វិញ​ទៀត ពី​ព្រោះ​ទ្រង់​ជ្រាប​ថា គេ​គិត​មក​ចាប់​ទ្រង់​ដោយ​កំឡាំង ដើម្បី​នឹង​តាំង​ឡើង​ជា​ស្តេច។

16. លុះ​ព្រលប់​ហើយ ពួក​សិស្ស​ទ្រង់​ចុះ​ទៅ​ឯ​សមុទ្រ

17. ក៏​ចុះ​ទូក​ឆ្លង​ទៅ​កាពើ‌ណិម ពេល​នោះ​ងងឹត​ហើយ តែ​ព្រះ‌យេស៊ូវ​មិន​ទាន់​មក​ដល់​នៅ​ឡើយ

18. សមុទ្រ​ក៏​មាន​រលក បោក​ដោយ​ខ្យល់​បក់​ជា​ខ្លាំង

19. កាល​គេ​បាន​ចែវ​ទៅ​ប្រហែល​ជា​៥ ឬ​៦​គីឡូ‌ម៉ែត្រ​ហើយ នោះ​ស្រាប់​តែ​គេ​ឃើញ​ព្រះ‌យេស៊ូវ ទ្រង់​យាង​លើ​សមុទ្រ​មក​ជិត​ទូក ហើយ​គេ​មាន​សេចក្តី​ភ័យ​ខ្លាច

សូមអានជំពូកពេញលេញ យ៉ូហាន 6