គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យ៉ូហាន 6:46-61 ព្រះគម្ពីរបរិសុទ្ធ (KHOV)

46. នេះ​មិន​មែន​ថា មាន​អ្នក​ណា​ដែល​ឃើញ​ព្រះ‌វរ‌បិតា​នោះ​ឡើយ មាន​តែ​ព្រះ‌អង្គ ដែល​យាង​មក​ពី​ព្រះ​ប៉ុណ្ណោះ ព្រះ‌អង្គ​នោះ​ទើប​ទ្រង់​បាន​ឃើញ​ព្រះ‌វរ‌បិតា​មែន

47. ប្រាកដ​មែន ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា អ្នក​ណា​ដែល​ជឿ​ដល់​ខ្ញុំ នោះ​មាន​ជីវិត​អស់​កល្ប‌ជានិច្ច

48. ខ្ញុំ​ជា​នំបុ័ង​ជីវិត

49. ពួក​ឰយុកោ​អ្នក​រាល់​គ្នា​បាន​បរិភោគ​នំ​ម៉ាន៉ា នៅ​ទី​រហោ‌ស្ថាន ហើយ​ក៏​ស្លាប់​អស់​ទៅ

50. ឯ​នំបុ័ង​ដែល​ខ្ញុំ​និយាយ​នេះ គឺ​ជា​នំបុ័ង​ដែល​ចុះ​ពី​ស្ថាន‌សួគ៌​មក ដើម្បី​ឲ្យ​អ្នក​ណា ដែល​បរិភោគ​មិន​ត្រូវ​ស្លាប់​ឡើយ

51. ខ្ញុំ​ជា​នំបុ័ង​ដ៏​រស់ ដែល​ចុះ​ពី​ស្ថាន‌សួគ៌​មក បើ​អ្នក​ណា​បរិភោគ​នំបុ័ង​នេះ នោះ​នឹង​រស់​នៅ​អស់​កល្ប‌ជានិច្ច ឯ​នំបុ័ង​ដែល​ខ្ញុំ​ឲ្យ គឺ​ជា​រូប​សាច់​ខ្ញុំ ដែល​ខ្ញុំ​នឹង​ឲ្យ​ជំនួស​ជីវិត​មនុស្ស​លោក

52. ដូច្នេះ ពួក​សាសន៍​យូដា​គេ​ជជែក​គ្នា​ថា ធ្វើ​ដូច​ម្តេច​ឲ្យ​អ្នក​នេះ​អាច​នឹង​ឲ្យ​សាច់​ខ្លួនមក​យើង​បរិភោគ​បាន។

53. នោះ​ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា ប្រាកដ​មែន​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា បើ​អ្នក​រាល់​គ្នា​មិន​ពិសា​សាច់ ហើយ​មិន​ផឹក​ឈាម​របស់​កូន​មនុស្ស នោះ​អ្នក​រាល់​គ្នា​គ្មាន​ជីវិត​នៅ​ក្នុង​ខ្លួន​ទេ

54. អ្នក​ណា​ដែល​បរិភោគ​សាច់ និង​ឈាម​របស់​ខ្ញុំ នោះ​មាន​ជីវិត​ដ៏​នៅ​អស់​កល្ប‌ជានិច្ច ហើយ​ខ្ញុំ​នឹង​ឲ្យ​អ្នក​នោះ​រស់​ឡើង​វិញ នៅ​ថ្ងៃ​ចុង​បំផុត

55. ពី​ព្រោះ​សាច់​ខ្ញុំ​ជា​អាហារ​ពិត ហើយ​ឈាម​ខ្ញុំ​ក៏​ជា​គ្រឿង​ផឹក​ពិត​ប្រាកដ

56. អ្នក​ណា​ដែល​បរិភោគ​សាច់ និង​ឈាម​របស់​ខ្ញុំ នោះ​នៅ​ក្នុង​ខ្ញុំ ហើយ​ខ្ញុំ​ក៏​នៅ​ក្នុង​អ្នក​នោះ​ដែរ

57. អ្នក​ណា​ដែល​បរិភោគ​ខ្ញុំ អ្នក​នោះ​នឹង​រស់​ដោយ‌សារ​ខ្ញុំ ដូច​ជា​ព្រះ‌វរ‌បិតា​ដ៏​មាន​ព្រះ‌ជន្ម​រស់ ទ្រង់​បាន​ចាត់​ឲ្យ​ខ្ញុំ​មក ហើយ​ខ្ញុំ​ក៏​រស់​នៅ ដោយ‌សារ​ទ្រង់​ដែរ

58. នំបុ័ង​នេះ​ជា​នំបុ័ង ដែល​ចុះ​ពី​ស្ថាន‌សួគ៌​មក​ជា​ពិត មិន​មែន​ដូច​ជា​ពួក​ឰយុកោ​អ្នក​រាល់​គ្នា បាន​បរិភោគ​នំ​ម៉ាន៉ា ហើយ​ក៏​ស្លាប់​ទៅ​នោះ​ទេ គឺ​អ្នក​ណា​ដែល​បរិភោគ​នំបុ័ង​នេះ នឹង​រស់​នៅ​អស់​កល្ប‌ជានិច្ច​វិញ

59. ទ្រង់​មាន​ព្រះ‌បន្ទូល​សេចក្តី​ទាំង​នេះ ក្នុង​សាលា​ប្រជុំ នៅ​កាពើ‌ណិម កំពុង​ដែល​ទ្រង់​បង្រៀន​គេ។

60. ពួក​សិស្ស​ទ្រង់​ជា​ច្រើន ដែល​ឮ​សេចក្តី​នោះ ក៏​និយាយ​ថា ពាក្យ​នេះ​ពិបាក​ស្តាប់​ណាស់ តើ​អ្នក​ណា​យល់​បាន

61. ប៉ុន្តែ ព្រះ‌យេស៊ូវ​ទ្រង់​ជ្រាប​ក្នុង​ព្រះ‌អង្គ​ទ្រង់​ថា ពួក​សិស្ស​រទូ‌រទាំ​ពី​សេចក្តី​នោះ បាន​ជា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា តើ​សេចក្តី​នេះ​នាំ​បង្អាក់​ដល់​ចិត្ត​អ្នក​រាល់​គ្នា​ឬ​អី

សូមអានជំពូកពេញលេញ យ៉ូហាន 6