គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យ៉ូហាន 5:19-31 ព្រះគម្ពីរបរិសុទ្ធ (KHOV)

19. ដូច្នេះ ព្រះ‌យេស៊ូវ ទ្រង់​មាន​ព្រះ‌បន្ទូល​ឆ្លើយ​ទៅ​គេ​ថា ប្រាកដ​មែន ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា ព្រះ‌រាជ‌បុត្រា​ពុំ​អាច​នឹង​ធ្វើ​ការ​អ្វី ដោយ​ព្រះ‌អង្គ​ទ្រង់​បាន​ទេ ធ្វើ​បាន​តែ​ការ​អ្វី​ដែល​ឃើញ​ព្រះ‌វរ‌បិតា​ធ្វើ ដ្បិត​ការ​អ្វី​ដែល​ព្រះ‌វរ‌បិតា​ធ្វើ នោះ​ព្រះ‌រាជ‌បុត្រា​ក៏​ធ្វើ​ដូច្នោះ​ដែរ

20. ពី​ព្រោះ​ព្រះ‌វរ‌បិតា​ទ្រង់​ស្រឡាញ់​ព្រះ‌រាជ‌បុត្រា ហើយ​ក៏​បង្ហាញ ឲ្យ​ព្រះ‌រាជ‌បុត្រា​ឃើញ​អស់​ទាំង​ការ​ដែល​ទ្រង់​ធ្វើ​ដែរ ទ្រង់​នឹង​បង្ហាញ​ឲ្យ​ឃើញ​ការ​ធំ លើស​ជាង​ការ​ទាំង​នេះ​ទៅ​ទៀត ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​មាន​សេចក្តី​អស្ចារ្យ

21. ដ្បិត​ដែល​ព្រះ‌វរ‌បិតា​ទ្រង់​ប្រោស​មនុស្ស​ស្លាប់ ឲ្យ​មាន​ជីវិត​រស់​ឡើង​វិញ​យ៉ាង​ណា នោះ​ព្រះ‌រាជ‌បុត្រា​នឹង​ប្រោស​ដល់​អ្នក​ណា ដែល​ទ្រង់​សព្វ​ព្រះ‌ហឫ‌ទ័យ​ក៏​យ៉ាង​ដូច្នោះ​ដែរ

22. ព្រះ‌វរ‌បិតា​ទ្រង់​មិន​ជំនុំ‌ជំរះ​អ្នក​ណា​ទេ ទ្រង់​បាន​ប្រគល់​គ្រប់​ការ​ជំនុំ‌ជំរះ ដល់​ព្រះ‌រាជ‌បុត្រា​វិញ

23. ដើម្បី​ឲ្យ​មនុស្ស​ទាំង​អស់​បាន​គោរព​ប្រតិ‌បត្តិ​ដល់​ព្រះ‌រាជ‌បុត្រា ដូច​ជា​គោរព​ប្រតិ‌បត្តិ​ដល់​ព្រះ‌វរ‌បិតា​ដែរ អ្នក​ណា​ដែល​មិន​គោរព​ប្រតិ‌បត្តិ​ដល់​ព្រះ‌រាជ‌បុត្រា នោះ​ក៏​មិន​គោរព​ប្រតិ‌បត្តិ​ដល់​ព្រះ‌វរ‌បិតា ដែល​ចាត់​ឲ្យ​ទ្រង់​មក​ដែរ។

24. ប្រាកដ​មែន ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា អ្នក​ណា​ដែល​ស្តាប់​ពាក្យ​ខ្ញុំ ហើយ​ជឿ​ដល់​ព្រះ‌អង្គ ដែល​ចាត់​ឲ្យ​ខ្ញុំ​មក អ្នក​នោះ​មាន​ជីវិត​ដ៏​នៅ​អស់​កល្ប‌ជានិច្ច ហើយ​មិន​ដែល​ត្រូវ​ជំនុំ‌ជំរះ​ឡើយ គឺ​បាន​កន្លង​ហួស​ពី​សេចក្តី​ស្លាប់ ទៅ​ដល់​ជីវិត​វិញ

25. ប្រាកដ​មែន ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា នឹង​មាន​ពេល​វេលា​មក ក៏​មក​ដល់​ហើយ ដែល​មនុស្ស​ស្លាប់​នឹង​ឮ​សំឡេង​ព្រះ‌រាជ‌បុត្រា​នៃ​ព្រះ ហើយ​អស់​អ្នក​ណា​ដែល​ឮ​នឹង​បាន​រស់​វិញ

26. ពី​ព្រោះ​ដែល​ព្រះ‌វរ‌បិតា​មាន​ជីវិត​ក្នុង​ព្រះ‌អង្គ​ទ្រង់​យ៉ាង​ណា នោះ​ទ្រង់​ក៏​បាន​ប្រទាន​ឲ្យ​ព្រះ‌រាជ‌បុត្រា​មាន​ជីវិត ក្នុង​ព្រះ‌អង្គ​ទ្រង់​យ៉ាង​នោះ​ដែរ

27. ហើយ​បាន​ប្រទាន​អំណាច​មក​ទ្រង់ ឲ្យ​ជំនុំ‌ជំរះ​ផង ពី​ព្រោះ​ទ្រង់​ជា​កូន​មនុស្ស

28. កុំ​ឲ្យ​ឆ្ងល់​ពី​សេចក្តី​នេះ​ឡើយ ដ្បិត​មាន​ពេល​វេលា​មក ដែល​អស់​ទាំង​ខ្មោច​នៅ​ក្នុង​ផ្នូរ​នឹង​ឮ​សំឡេង​ទ្រង់ ហើយ​នឹង​ចេញ​មក

29. គឺ​ពួក​អ្នក​ដែល​បាន​ប្រព្រឹត្ត​ល្អ គេ​នឹង​រស់​ឡើង​វិញ​ឲ្យ​បាន​ជីវិត ឯ​ពួក​អ្នក​ដែល​បាន​ប្រព្រឹត្ត​អាក្រក់​វិញ គេ​នឹង​រស់​ឡើង ឲ្យ​ជាប់​មាន​ទោស។

30. ខ្ញុំ​ពុំ​អាច​នឹង​ធ្វើ​ការ​អ្វី ដោយ​ខ្លួន​ខ្ញុំ​បាន​ទេ ខ្ញុំ​ជំនុំ‌ជំរះ​តាម​ដែល​ខ្ញុំ​ឮ ហើយ​សេចក្តី​ជំនុំ‌ជំរះ​របស់​ខ្ញុំ​ក៏​សុចរិត ពី​ព្រោះ​ខ្ញុំ​មិន​រក​តាម​តែ​ចិត្ត​ខ្ញុំ​ទេ គឺ​តាម​ព្រះ‌ហឫ‌ទ័យ​នៃ​ព្រះ​វិញ ដែល​ទ្រង់​ចាត់​ឲ្យ​ខ្ញុំ​មក។

31. បើ​សិន​ជា​ខ្ញុំ​ធ្វើ​បន្ទាល់​ពី​ខ្លួន​ខ្ញុំ នោះ​សេចក្តី​បន្ទាល់​របស់​ខ្ញុំ​មិន​ពិត​ទេ

សូមអានជំពូកពេញលេញ យ៉ូហាន 5