គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យ៉ូហាន 4:28-45 ព្រះគម្ពីរបរិសុទ្ធ (KHOV)

28. ឯ​ស្ត្រី​នោះ នាង​ទុក​ក្អម​ចោល ក៏​ចូល​ក្នុង​ក្រុង​ដំណាល​ប្រាប់​គេ​ថា

29. ចូរ​មក​មើល មាន​មនុស្ស​ម្នាក់ ដែល​ប្រាប់​ខ្ញុំ​ពី​គ្រប់​អំពើ​ទាំង​អស់ ដែល​ខ្ញុំ​បាន​ប្រព្រឹត្ត តើ​អ្នក​នោះ​មិន​មែន​ជា​ព្រះ‌គ្រីស្ទ​ទេ​ឬ​អី

30. គេ​ក៏​ចេញ​ពី​ទី​ក្រុង​ទៅ​ឯ​ទ្រង់។

31. ក្នុង​រវាង​នោះ ពួក​សិស្ស​ទូល​ទ្រង់​ថា លោក​គ្រូ អញ្ជើញ​ពិសា

32. តែ​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា ខ្ញុំ​មាន​អាហារ​សំរាប់​ទទួល​ទាន​ហើយ គឺ​ជា​អាហារ​ដែល​អ្នក​រាល់​គ្នា​មិន​ស្គាល់

33. ដូច្នេះ ពួក​សិស្ស​សួរ​គ្នា​ទៅ​វិញ​ទៅ​មក​ថា មាន​អ្នក​ណា​យក​អ្វី​មក​ជូន​លោក​ពិសា​ដែរ​ឬ​អី

34. នោះ​ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា ឯ​អាហារ​ខ្ញុំ គឺ​ត្រង់​ដែល​ខ្ញុំ​ធ្វើ​តាម​ព្រះ‌ហឫ‌ទ័យ​នៃ​ព្រះ ដែល​ចាត់​ឲ្យ​ខ្ញុំ​មក ព្រម​ទាំង​បង្ហើយ​ការ​របស់​ទ្រង់​នោះ​ឯង

35. តើ​អ្នក​រាល់​គ្នា​មិន​ថា នៅ​៤​ខែ​ទៀត ទើប​ដល់​រដូវ​ចំរូត​ទេ​ឬ​អី ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា ចូរ​ងើប​ឡើង​មើល​ទៅ​ស្រែ​មើល ដ្បិត​បាន​ក្រហម​ល្មម​ច្រូត​ហើយ

36. អ្នក​ណា​ដែល​ច្រូត នោះ​បាន​រង្វាន់ ក៏​ប្រមូល​ផល​សំរាប់​ជីវិត​ដ៏​នៅ​អស់​កល្ប‌ជានិច្ច ដើម្បី​ឲ្យ​អ្នក​ដែល​ព្រោះ និង​អ្នក​ដែល​ច្រូត បាន​អរ​សប្បាយ​ផង​គ្នា

37. ដ្បិត​ចំពោះ​ដំណើរ​នេះ នោះ​ពាក្យ​ទំនៀម​នេះ​ត្រូវ​ណាស់​ថា ម្នាក់​ព្រោះ ម្នាក់​ទៀត​ច្រូត

38. ខ្ញុំ​បាន​ចាត់​អ្នក​រាល់​គ្នា​ទៅ​ច្រូត​ចំរូត ដែល​មិន​បាន​នឿយ​នឹង​ធ្វើ​សោះ មាន​អ្នក​ឯ​ទៀត​បាន​នឿយ​ហត់ ហើយ​អ្នក​រាល់​គ្នា​បាន​ចូល​ទៅ​ក្នុង​ការ​របស់​គេ។

39. នៅ​ក្រុង​នោះ ក៏​មាន​សាសន៍​សាម៉ារី​ជា​ច្រើន បាន​ជឿ​ដល់​ទ្រង់ ដោយ​ព្រោះ​ពាក្យ​ដែល​ស្ត្រី​នោះ​ធ្វើ​បន្ទាល់​ថា លោក​ប្រាប់​ខ្ញុំ​ពី​គ្រប់​អំពើ​ទាំង​អស់​ដែល​ខ្ញុំ​បាន​ប្រព្រឹត្ត

40. ដូច្នេះ កាល​ពួក​សាសន៍​សាម៉ារី​បាន​មក​ដល់​ទ្រង់​ហើយ នោះ​គេ​សូម​ទ្រង់ ឲ្យ​នៅ​ជា​មួយ​នឹង​គេ ទ្រង់​ក៏​គង់​នៅ​ទី​នោះ​អស់​២​ថ្ងៃ

41. ហើយ​មាន​មនុស្ស​ជា​ច្រើន​ទៀត​បាន​ជឿ ដោយ‌សារ​ព្រះ‌បន្ទូល​ទ្រង់

42. រួច​គេ​និយាយ​ទៅ​ស្ត្រី​នោះ​ថា ឥឡូវ​នេះ យើង​ជឿ មិន​មែន​ដោយ​ព្រោះ​ពាក្យ​សំដី​របស់​អ្នក​ទៀត​ទេ គឺ​ជឿ​ដោយ​ព្រោះ​បាន​ឮ​ទ្រង់​ផ្ទាល់​ខ្លួន​យើង​វិញ ហើយ​យើង​ដឹង​ថា ទ្រង់​ជា​ព្រះ‌គ្រីស្ទ ជា​ព្រះ​ដ៏​ជួយ​សង្គ្រោះ​មនុស្ស​លោក​ពិត​ប្រាកដ​មែន។

43. កន្លង​២​ថ្ងៃ​នោះ​មក ព្រះ‌យេស៊ូវ​ក៏​ចេញ​ពី​ទី​នោះ ទៅ​ឯ​ស្រុក​កាលី‌ឡេ​វិញ

44. ដ្បិត​ទ្រង់​ធ្វើ​បន្ទាល់​ដោយ​ព្រះ‌អង្គ​ទ្រង់​ថា គេ​មិន​រាប់​អាន​ហោរា នៅ​ក្នុង​ស្រុក​របស់​ខ្លួន​ទេ

45. ដូច្នេះ កាល​ទ្រង់​បាន​យាង​មក​ដល់​ស្រុក​កាលី‌ឡេ​ហើយ នោះ​ពួក​អ្នក​នៅ​ស្រុក​នោះ​ក៏​ទទួល​ទ្រង់ ដោយ​បាន​ឃើញ​អស់​ទាំង​ការ​ដែល​ទ្រង់​ធ្វើ នៅ​ក្រុង​យេរូ‌សាឡិម ក្នុង​វេលា​បុណ្យ ពី​ព្រោះ​គេ​ក៏​បាន​ទៅ​ឯ​បុណ្យ​នោះ​ដែរ។

សូមអានជំពូកពេញលេញ យ៉ូហាន 4