គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យ៉ូហាន 4:18-33 ព្រះគម្ពីរបរិសុទ្ធ (KHOV)

18. ដ្បិត​នាង​បាន​មាន​ប្ដី​៥​មក​ហើយ ឯ​អ្នក​ដែល​នៅ​ជា​មួយ​សព្វ​ថ្ងៃ​នេះ មិន​មែន​ជា​ប្ដី​នាង​ទេ ពាក្យ​នោះ​នាង​និយាយ​ត្រូវ​ប្រាកដ

19. ស្ត្រី​នោះ​ទូល​ទ្រង់​ថា លោក​ម្ចាស់​អើយ ខ្ញុំ​យល់​ឃើញ​ថា លោក​ជា​ហោរា

20. ឯ​ពួក​ឰយុកោ​យើង​ខ្ញុំ បាន​ថ្វាយ‌បង្គំ​នៅ​លើ​ភ្នំ​នេះ តែ​ពួក​លោក​ថា ក្រុង​យេរូ‌សាឡិម​ជា​កន្លែង​ដែល​ត្រូវ​ថ្វាយ‌បង្គំ​វិញ

21. ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ថា នាង​ស្រី​អើយ ចូរ​ជឿ​ខ្ញុំ​ថា នឹង​មាន​ពេល​វេលា​មក ដែល​អ្នក​រាល់​គ្នា​នឹង​មិន​ថ្វាយ‌បង្គំ​ព្រះ‌វរ‌បិតា នៅ​លើ​ភ្នំ​នេះ ឬ​នៅ​ក្រុង​យេរូ‌សាឡិម​ទេ

22. អ្នក​រាល់​គ្នា​មិន​ដឹង​ជា​ខ្លួន​ថ្វាយ‌បង្គំ​អ្វី​ទេ ឯ​យើង​វិញ យើង​ស្គាល់​ព្រះ​ដែល​យើង​ថ្វាយ‌បង្គំ ដ្បិត​សេចក្តី​សង្គ្រោះ​កើត​មក​ពី​សាសន៍​យូដា

23. តែ​នឹង​មាន​ពេល​វេលា​មក ក៏​នៅ​ឥឡូវ​នេះ​ហើយ នោះ​ពួក​អ្នក​ដែល​ថ្វាយ‌បង្គំ​ដោយ​ពិត​ត្រង់ គេ​នឹង​ថ្វាយ‌បង្គំ​ព្រះ‌វរ‌បិតា​ដោយ​វិញ្ញាណ និង​សេចក្តី​ពិត ពី​ព្រោះ​ព្រះ‌វរ‌បិតា ទ្រង់​រក​ពួក​អ្នក​យ៉ាង​នោះ ឲ្យ​បាន​ថ្វាយ‌បង្គំ​ទ្រង់

24. ឯ​ព្រះ ទ្រង់​ជា​វិញ្ញាណ ហើយ​អ្នក​ណា​ដែល​ថ្វាយ‌បង្គំ​ទ្រង់ នោះ​ត្រូវ​តែ​ថ្វាយ‌បង្គំ ដោយ​វិញ្ញាណ និង​សេចក្តី​ពិត​ដែរ

25. ស្ត្រី​នោះ​ទូល​ទ្រង់​ថា ខ្ញុំ​ដឹង​ហើយ​ថា ព្រះ‌មែស្ស៊ី ដែល​ហៅ​ជា​ព្រះ‌គ្រីស្ទ ទ្រង់​នឹង​យាង​មក កាល​ណា​មក​ហើយ នោះ​ទ្រង់​នឹង​ប្រាប់​ឲ្យ​យើង​ខ្ញុំ​ដឹង​គ្រប់​ទាំង​អស់

26. ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ថា នោះ​គឺ​ខ្ញុំ​នេះ​ហើយ ដែល​និយាយ​នឹង​នាង។

27. ខណៈ​នោះ ពួក​សិស្ស​ទ្រង់​មក​ដល់ ក៏​នឹក​ប្លែក​ពី​ទ្រង់​មាន​ព្រះ‌បន្ទូល​នឹង​ស្ត្រី​នោះ ប៉ុន្តែ​គ្មាន​អ្នក​ណា​ទូល​សួរ​ថា ទ្រង់​សួរ​រក​អ្វី ឬ​ថា ទ្រង់​មាន​ព្រះ‌បន្ទូល​នឹង​ស្ត្រី​នេះ​ធ្វើ​អី​នោះ​ទេ

28. ឯ​ស្ត្រី​នោះ នាង​ទុក​ក្អម​ចោល ក៏​ចូល​ក្នុង​ក្រុង​ដំណាល​ប្រាប់​គេ​ថា

29. ចូរ​មក​មើល មាន​មនុស្ស​ម្នាក់ ដែល​ប្រាប់​ខ្ញុំ​ពី​គ្រប់​អំពើ​ទាំង​អស់ ដែល​ខ្ញុំ​បាន​ប្រព្រឹត្ត តើ​អ្នក​នោះ​មិន​មែន​ជា​ព្រះ‌គ្រីស្ទ​ទេ​ឬ​អី

30. គេ​ក៏​ចេញ​ពី​ទី​ក្រុង​ទៅ​ឯ​ទ្រង់។

31. ក្នុង​រវាង​នោះ ពួក​សិស្ស​ទូល​ទ្រង់​ថា លោក​គ្រូ អញ្ជើញ​ពិសា

32. តែ​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា ខ្ញុំ​មាន​អាហារ​សំរាប់​ទទួល​ទាន​ហើយ គឺ​ជា​អាហារ​ដែល​អ្នក​រាល់​គ្នា​មិន​ស្គាល់

33. ដូច្នេះ ពួក​សិស្ស​សួរ​គ្នា​ទៅ​វិញ​ទៅ​មក​ថា មាន​អ្នក​ណា​យក​អ្វី​មក​ជូន​លោក​ពិសា​ដែរ​ឬ​អី

សូមអានជំពូកពេញលេញ យ៉ូហាន 4