គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យ៉ូហាន 4:13-28 ព្រះគម្ពីរបរិសុទ្ធ (KHOV)

13. ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ឆ្លើយ​ថា អស់​អ្នក​ណា​ដែល​ផឹក​ទឹក​នេះ នឹង​ត្រូវ​ស្រេក​ទៀត

14. តែ​អ្នក​ណា​ដែល​ផឹក​ទឹក​ខ្ញុំ​ឲ្យ នោះ​នឹង​មិន​ស្រេក​ទៀត​ឡើយ ទឹក​ដែល​ខ្ញុំ​ឲ្យ នឹង​ត្រឡប់​ជា​រន្ធ​ទឹក​នៅ​ក្នុង​អ្នក​នោះ ដែល​ផុស​ឡើង​ដល់​ទៅ​បាន​ជីវិត​អស់​កល្ប‌ជានិច្ច

15. ស្ត្រី​នោះ​ក៏​ទូល​ទ្រង់​ថា លោក​ម្ចាស់​អើយ សូម​ឲ្យ​ទឹក​នោះ​មក​ខ្ញុំ​ផង ដើម្បី​កុំ​ឲ្យ​ខ្ញុំ​ស្រេក ឬ​មក​ដង​នៅ​ទី​នេះ​ទៀត

16. ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ថា ចូរ​ទៅ​ហៅ​ប្ដី​នាង​មក​ឯ​ណេះ

17. ស្ត្រី​នោះ​ទូល​ឆ្លើយ​ថា ខ្ញុំ​គ្មាន​ប្ដី​ទេ រួច​ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ថា ដែល​នាង​ថា គ្មាន​ប្ដី នោះ​ថា​ត្រូវ​ហើយ

18. ដ្បិត​នាង​បាន​មាន​ប្ដី​៥​មក​ហើយ ឯ​អ្នក​ដែល​នៅ​ជា​មួយ​សព្វ​ថ្ងៃ​នេះ មិន​មែន​ជា​ប្ដី​នាង​ទេ ពាក្យ​នោះ​នាង​និយាយ​ត្រូវ​ប្រាកដ

19. ស្ត្រី​នោះ​ទូល​ទ្រង់​ថា លោក​ម្ចាស់​អើយ ខ្ញុំ​យល់​ឃើញ​ថា លោក​ជា​ហោរា

20. ឯ​ពួក​ឰយុកោ​យើង​ខ្ញុំ បាន​ថ្វាយ‌បង្គំ​នៅ​លើ​ភ្នំ​នេះ តែ​ពួក​លោក​ថា ក្រុង​យេរូ‌សាឡិម​ជា​កន្លែង​ដែល​ត្រូវ​ថ្វាយ‌បង្គំ​វិញ

21. ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ថា នាង​ស្រី​អើយ ចូរ​ជឿ​ខ្ញុំ​ថា នឹង​មាន​ពេល​វេលា​មក ដែល​អ្នក​រាល់​គ្នា​នឹង​មិន​ថ្វាយ‌បង្គំ​ព្រះ‌វរ‌បិតា នៅ​លើ​ភ្នំ​នេះ ឬ​នៅ​ក្រុង​យេរូ‌សាឡិម​ទេ

22. អ្នក​រាល់​គ្នា​មិន​ដឹង​ជា​ខ្លួន​ថ្វាយ‌បង្គំ​អ្វី​ទេ ឯ​យើង​វិញ យើង​ស្គាល់​ព្រះ​ដែល​យើង​ថ្វាយ‌បង្គំ ដ្បិត​សេចក្តី​សង្គ្រោះ​កើត​មក​ពី​សាសន៍​យូដា

23. តែ​នឹង​មាន​ពេល​វេលា​មក ក៏​នៅ​ឥឡូវ​នេះ​ហើយ នោះ​ពួក​អ្នក​ដែល​ថ្វាយ‌បង្គំ​ដោយ​ពិត​ត្រង់ គេ​នឹង​ថ្វាយ‌បង្គំ​ព្រះ‌វរ‌បិតា​ដោយ​វិញ្ញាណ និង​សេចក្តី​ពិត ពី​ព្រោះ​ព្រះ‌វរ‌បិតា ទ្រង់​រក​ពួក​អ្នក​យ៉ាង​នោះ ឲ្យ​បាន​ថ្វាយ‌បង្គំ​ទ្រង់

24. ឯ​ព្រះ ទ្រង់​ជា​វិញ្ញាណ ហើយ​អ្នក​ណា​ដែល​ថ្វាយ‌បង្គំ​ទ្រង់ នោះ​ត្រូវ​តែ​ថ្វាយ‌បង្គំ ដោយ​វិញ្ញាណ និង​សេចក្តី​ពិត​ដែរ

25. ស្ត្រី​នោះ​ទូល​ទ្រង់​ថា ខ្ញុំ​ដឹង​ហើយ​ថា ព្រះ‌មែស្ស៊ី ដែល​ហៅ​ជា​ព្រះ‌គ្រីស្ទ ទ្រង់​នឹង​យាង​មក កាល​ណា​មក​ហើយ នោះ​ទ្រង់​នឹង​ប្រាប់​ឲ្យ​យើង​ខ្ញុំ​ដឹង​គ្រប់​ទាំង​អស់

26. ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ថា នោះ​គឺ​ខ្ញុំ​នេះ​ហើយ ដែល​និយាយ​នឹង​នាង។

27. ខណៈ​នោះ ពួក​សិស្ស​ទ្រង់​មក​ដល់ ក៏​នឹក​ប្លែក​ពី​ទ្រង់​មាន​ព្រះ‌បន្ទូល​នឹង​ស្ត្រី​នោះ ប៉ុន្តែ​គ្មាន​អ្នក​ណា​ទូល​សួរ​ថា ទ្រង់​សួរ​រក​អ្វី ឬ​ថា ទ្រង់​មាន​ព្រះ‌បន្ទូល​នឹង​ស្ត្រី​នេះ​ធ្វើ​អី​នោះ​ទេ

28. ឯ​ស្ត្រី​នោះ នាង​ទុក​ក្អម​ចោល ក៏​ចូល​ក្នុង​ក្រុង​ដំណាល​ប្រាប់​គេ​ថា

សូមអានជំពូកពេញលេញ យ៉ូហាន 4