គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យ៉ូហាន 4:1-18 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. ដូច្នេះ កាល​ព្រះ‌អម្ចាស់​ទ្រង់​ជ្រាប​ពី​ពួក​ផារិ‌ស៊ី ដែល​គេ​បាន​ឮ​និយាយ​ថា ទ្រង់​បាន​សិស្ស ហើយ​ក៏​ធ្វើ​បុណ្យ​ជ្រមុជ‌ទឹក​ឲ្យ ជា​ច្រើន​លើស​ជាង​យ៉ូហាន​ទៅ​ទៀត

2. (តែ​មិន​មែន​ព្រះ‌យេស៊ូវ​ដែល​ធ្វើ​បុណ្យ​ជ្រមុជ​ព្រះ‌អង្គ​ទ្រង់​ទេ គឺ​ជា​ពួក​សិស្ស​ទ្រង់​វិញ)

3. នោះ​ទ្រង់​យាង​ក៏​ចេញ​ពី​ស្រុក​យូដា ត្រឡប់​ទៅ​ឯ​ស្រុក​កាលី‌ឡេ​វិញ

4. ហើយ​ទ្រង់​ត្រូវ​តែ​យាង​កាត់​ស្រុក​សាម៉ារី

5. ដូច្នេះ ទ្រង់​យាង​ទៅ​ដល់​ក្រុង​១ នៅ​ស្រុក​សាម៉ារី​ហៅ​ថា ស៊ូខារ ជិត​ដី​ដែល​លោក​យ៉ាកុប​បាន​ឲ្យ​ដល់​យ៉ូសែប ជា​កូន

6. នៅ​ទី​នោះ ក៏​មាន​អណ្តូង​យ៉ាកុប ដូច្នេះ ព្រះ‌យេស៊ូវ​ទ្រង់​អស់​កំឡាំង​ដោយ​យាង​មក ក៏​គង់​នៅ​មាត់​អណ្តូង​នោះ ពេល​នោះ​ប្រហែល​ជា​ថ្ងៃ​ត្រង់​ហើយ

7. មាន​ស្ត្រី​សាសន៍​សាម៉ារី​ម្នាក់​មក​ដង​ទឹក ហើយ​ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ទៅ​នាង​ថា សូម​ឲ្យ​ខ្ញុំ​ផឹក​ផង

8. ព្រោះ​ពួក​សិស្ស​ទ្រង់​បាន​ទៅ​ផ្សារ​អស់ ដើម្បី​នឹង​រក​ទិញ​ស្បៀង​អាហារ

9. ស្ត្រី​សាសន៍​សាម៉ារី​នោះ​ក៏​ទូល​ថា លោក​ជា​សាសន៍​យូដា ម្តេច​ឡើយ​ក៏​លោក​សូម​ទឹក​ខ្ញុំ​ពិសា ដែល​ខ្ញុំ​ជា​ស្រី​សាសន៍​សាម៉ារី​ដូច្នេះ (នេះ​ដ្បិត​សាសន៍​យូដា​មិន​ដែល​ប្រកប​នឹង​សាសន៍​សាម៉ារី​ទេ)

10. ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ឆ្លើយ​ថា បើ​សិន​ជា​នាង​បាន​ស្គាល់​អំណោយ​ទាន​នៃ​ព្រះ និង​អ្នក​ដែល​និយាយ​នឹង​នាង​ថា សូម​ឲ្យ​ខ្ញុំ​ផឹក​ផង នោះ​នាង​នឹង​បាន​សូម​ពី​អ្នក​នោះ​វិញ រួច​អ្នក​នោះ​នឹង​ឲ្យ​ទឹក​រស់ដល់​នាង

11. ស្ត្រី​នោះ​ក៏​ទូល​ទ្រង់​ថា លោក​ម្ចាស់ លោក​គ្មាន​អ្វី​នឹង​ដង​ទេ ហើយ​អណ្តូង​ក៏​ជ្រៅ​ផង ដូច្នេះ លោក​បាន​ទឹក​រស់​នោះ​ពី​ណា​មក

12. តើ​លោក​ធំ​ជាង​យ៉ាកុប ជា​ឰយុកោ​យើង​ខ្ញុំ ដែល​ឲ្យ​អណ្តូង​នេះ​មក​យើង​ខ្ញុំ ហើយ​ទាំង​ខ្លួន​លោក កូន​ចៅ និង​ហ្វូង​សត្វ​របស់​លោក ក៏​បាន​ផឹក​ផង​ឬ​អី

13. ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ឆ្លើយ​ថា អស់​អ្នក​ណា​ដែល​ផឹក​ទឹក​នេះ នឹង​ត្រូវ​ស្រេក​ទៀត

14. តែ​អ្នក​ណា​ដែល​ផឹក​ទឹក​ខ្ញុំ​ឲ្យ នោះ​នឹង​មិន​ស្រេក​ទៀត​ឡើយ ទឹក​ដែល​ខ្ញុំ​ឲ្យ នឹង​ត្រឡប់​ជា​រន្ធ​ទឹក​នៅ​ក្នុង​អ្នក​នោះ ដែល​ផុស​ឡើង​ដល់​ទៅ​បាន​ជីវិត​អស់​កល្ប‌ជានិច្ច

15. ស្ត្រី​នោះ​ក៏​ទូល​ទ្រង់​ថា លោក​ម្ចាស់​អើយ សូម​ឲ្យ​ទឹក​នោះ​មក​ខ្ញុំ​ផង ដើម្បី​កុំ​ឲ្យ​ខ្ញុំ​ស្រេក ឬ​មក​ដង​នៅ​ទី​នេះ​ទៀត

16. ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ថា ចូរ​ទៅ​ហៅ​ប្ដី​នាង​មក​ឯ​ណេះ

17. ស្ត្រី​នោះ​ទូល​ឆ្លើយ​ថា ខ្ញុំ​គ្មាន​ប្ដី​ទេ រួច​ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ថា ដែល​នាង​ថា គ្មាន​ប្ដី នោះ​ថា​ត្រូវ​ហើយ

18. ដ្បិត​នាង​បាន​មាន​ប្ដី​៥​មក​ហើយ ឯ​អ្នក​ដែល​នៅ​ជា​មួយ​សព្វ​ថ្ងៃ​នេះ មិន​មែន​ជា​ប្ដី​នាង​ទេ ពាក្យ​នោះ​នាង​និយាយ​ត្រូវ​ប្រាកដ

សូមអានជំពូកពេញលេញ យ៉ូហាន 4