គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យ៉ូហាន 3:18-31 ព្រះគម្ពីរបរិសុទ្ធ (KHOV)

18. ឯ​អ្នក​ណា​ដែល​ជឿ​ដល់​ទ្រង់ នោះ​មិន​ជាប់​មាន​ទោស​ទេ តែ​អ្នក​ណា​ដែល​មិន​ជឿ​វិញ នោះ​ត្រូវ​មាន​ទោស​ហើយ ពី​ព្រោះ​មិន​បាន​ជឿ​ដល់​ព្រះ‌នាម​នៃ​ព្រះ‌រាជ‌បុត្រា​តែ​១​របស់​ព្រះ

19. ហើយ​ទោស​នេះ គឺ​ថា ពន្លឺ​បាន​មក​ក្នុង​លោកីយ៍ តែ​មនុស្ស​លោក​ចូល​ចិត្ត​នឹង​សេចក្តី​ងងឹត​ជា​ជាង​ពន្លឺ ពី​ព្រោះ​អំពើ​ដែល​គេ​ធ្វើ​ទាំង​ប៉ុន្មាន សុទ្ធ​តែ​អាក្រក់

20. ដ្បិត​អ្នក​ណា​ដែល​ប្រព្រឹត្ត​អាក្រក់ នោះ​តែង​ស្អប់​ដល់​ពន្លឺ ហើយ​មិន​មក​ឯ​ពន្លឺ​ទេ ក្រែង​អំពើ​ដែល​ខ្លួន​ប្រព្រឹត្ត​ទាំង​ប៉ុន្មាន បាន​បើក​ឲ្យ​ឃើញ

21. តែ​អ្នក​ណា​ដែល​ប្រព្រឹត្ត​តាម​សេចក្តី​ពិត​វិញ នោះ​តែង​មក​ឯ​ពន្លឺ ដើម្បី​ឲ្យ​អំពើ​ដែល​ខ្លួន​ប្រព្រឹត្ត បាន​សំដែង​មក​ឲ្យ​ដឹង​ថា បាន​ធ្វើ​ដោយ​នូវ​ព្រះ។

22. ក្រោយ​នោះ​មក ព្រះ‌យេស៊ូវ និង​ពួក​សិស្ស​ទ្រង់​ក៏​មក​ក្នុង​ស្រុក​យូដា ទ្រង់​គង់​នៅ​ទី​នោះ​ជា​មួយ​នឹង​គេ ព្រម​ទាំង​ធ្វើ​បុណ្យ​ជ្រមុជ‌ទឹក​ផង

23. ឯ​យ៉ូហាន គាត់​កំពុង​តែ​ធ្វើ​បុណ្យ​ជ្រមុជ‌ទឹក នៅ​ស្រុក​អេណូន ជិត​ភូមិ​សាលិម ព្រោះ​នៅ​ទី​នោះ​មាន​ទឹក​ច្រើន ហើយ​ចេះ​តែ​មាន​គេ​មក ដើម្បី​ទទួល​បុណ្យ​ជ្រមុជ‌ទឹក​ផង

24. ដ្បិត​យ៉ូហាន​មិន​ទាន់​ជាប់​គុក​នៅ​ឡើយ

25. វេលា​នោះ ពួក​សិស្ស​យ៉ូហាន និង​សាសន៍​យូដា​ម្នាក់ កើត​ជជែក​គ្នា ពី​ដំណើរ​លាង​សំអាត

26. រួច​គេ​មក​ឯ​យ៉ូហាន​ជំរាប​ថា លោក​គ្រូ លោក​នោះ​ដែល​នៅ​ជា​មួយ​នឹង​លោក ខាង​នាយ​ទន្លេ​យ័រដាន់ ដែល​លោក​បាន​ធ្វើ​បន្ទាល់​ឲ្យ មើល លោក​ក៏​ធ្វើ​បុណ្យ​ជ្រមុជ​ដែរ ហើយ​បណ្តា​មនុស្ស​ទាំង​ប៉ុន្មាន គេ​ទៅ​ឯ​លោក​វិញ

27. យ៉ូហាន​ឆ្លើយ​ថា គ្មាន​មនុស្ស​ណា​អាច​នឹង​ទទួល​អ្វី​បាន​ទេ លើក​តែ​បាន​ប្រទាន​ពី​ស្ថាន‌សួគ៌​មក​ឲ្យ​ប៉ុណ្ណោះ

28. ខ្លួន​អ្នក​រាល់​គ្នា​ជា​ទី​បន្ទាល់​ពី​ខ្ញុំ ដែល​ខ្ញុំ​ថា ខ្ញុំ​មិន​មែន​ជា​ព្រះ‌គ្រីស្ទ​ទេ គឺ​គ្រាន់​តែ​ទទួល​បង្គាប់​នឹង​មក​នាំ​មុខ​ទ្រង់​ប៉ុណ្ណោះ

29. អ្នក​ណា​ដែល​យក​ប្រពន្ធ នោះ​ឈ្មោះ​ថា​ជា​ប្ដី​ហើយ ឯ​ពួក​មិត្រ​សំឡាញ់ ដែល​ឈរ​ស្តាប់​គាត់ កំពុង​ដែល​រៀប‌ការ នោះ​ក៏​មាន​សេចក្តី​អំណរ​អរ​ឡើង ដោយ‌សារ​សំឡេង​ប្ដី គឺ​យ៉ាង​នោះ​ឯង ដែល​សេចក្តី​អំណរ​របស់​ខ្ញុំ​បាន​ពោរ‌ពេញ​ហើយ

30. ត្រូវ​ឲ្យ​ព្រះ‌អង្គ​នោះ​បាន​ចំរើន​ឡើង ហើយ​ខ្ញុំ​ត្រូវ​ថយ​វិញ​ចុះ

31. ព្រះ‌អង្គ​ដែល​មក​ពី​ស្ថាន​លើ នោះ​ខ្ពស់​លើស​ទាំង​អស់ ឯ​មនុស្ស​ដែល​នៅ​ផែនដី នោះ​កើត​ពី​ផែនដី​មក ហើយ​ក៏​និយាយ​តាម​របៀប​ផែនដី តែ​ព្រះ‌អង្គ​ដែល​យាង​មក​ពី​ស្ថាន‌សួគ៌ នោះ​ខ្ពស់​លើស​ជាង​ទាំង​អស់

សូមអានជំពូកពេញលេញ យ៉ូហាន 3