គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យ៉ូហាន 3:1-11 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. រីឯ​នៅ​ក្នុង​ពួក​ផារិ‌ស៊ី មាន​ចៅ‌ហ្វាយ​សាសន៍​យូដា​ម្នាក់ ឈ្មោះ​នីកូដេម

2. លោក​ក៏​មក​ឯ​ព្រះ‌យេស៊ូវ​ទាំង​យប់ ទូល​ថា លោក​គ្រូ យើង​ខ្ញុំ​ដឹង​ថា លោក​ជា​គ្រូ​មក​ពី​ព្រះ​ពិត ដ្បិត​គ្មាន​អ្នក​ណា​អាច​នឹង​ធ្វើ​ទី​សំគាល់ ដែល​លោក​ធ្វើ​ទាំង​នេះ​បាន​ទេ លើក​តែ​ព្រះ​គង់​នៅ​ជា​មួយ​ប៉ុណ្ណោះ

3. ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ឆ្លើយ​ថា ប្រាកដ​មែន ខ្ញុំ​ប្រាប់​អ្នក​ជា​ប្រាកដ​ថា បើ​មិន​បាន​កើត​ជា​ថ្មី នោះ​គ្មាន​អ្នក​ណា​អាច​នឹង​ឃើញ​នគរ​ព្រះ​បាន​ទេ

4. លោក​នីកូដេម​ទូល​សួរ​ថា ធ្វើ​ដូច​ម្តេច​នឹង​កើត​ឡើង​បាន ក្នុង​កាល​ដែល​ចាស់​ហើយ តើ​អាច​នឹង​ចូល​ទៅ​ក្នុង​ពោះ​ម្តាយ​ម្តង​ទៀត ហើយ​កើត​ឡើង​វិញ​បាន​ឬ

5. ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ឆ្លើយ​ថា ប្រាកដ​មែន ខ្ញុំ​ប្រាប់​អ្នក​ជា​ប្រាកដ​ថា បើ​មិន​បាន​កើត​អំពី​ទឹក ហើយ​អំពី​ព្រះ‌វិញ្ញាណ នោះ​គ្មាន​អ្នក​ណា​អាច​នឹង​ចូល​ទៅ​ក្នុង​នគរ​ព្រះ​បាន​ទេ

6. របស់​អ្វី​ដែល​កើត​ពី​សាច់ នោះ​ជា​សាច់​ទេ ហើយ​ដែល​កើត​ពី​ព្រះ‌វិញ្ញាណ នោះ​ជា​វិញ្ញាណ​វិញ

7. កុំ​ឲ្យ​ឆ្ងល់ ពី​ពាក្យ​ដែល​ខ្ញុំ​ប្រាប់​ថា ត្រូវ​តែ​កើត​ជា​ថ្មី​នោះ​ឡើយ

8. ឯ​ខ្យល់ ចង់​បក់​ទៅ​ឯ​ណា ក៏​ចេះ​តែ​បាន ហើយ​អ្នក​ឮ​សូរ​សព្ទ តែ​មិន​ដឹង​ជា​មក​ពី​ណា ឬ​ទៅ​ឯ​ណា​ទេ អស់​អ្នក​ណា​ដែល​កើត​មក​ពី​ព្រះ‌វិញ្ញាណ នោះ​ក៏​ដូច្នោះ​ដែរ

9. លោក​នីកូដេម​ទូល​សួរ​ថា ធ្វើ​ដូច​ម្តេច​ឲ្យ​ការ​ទាំង​នេះ​កើត​បាន

10. ព្រះ‌យេស៊ូវ​ទ្រង់​ឆ្លើយ​ថា អ្នក​ជា​គ្រូ​នៃ​សាសន៍​អ៊ីស្រា‌អែល តែ​មិន​ដឹង​ការ​ទាំង​នេះ​ទេ​ឬ

11. ប្រាកដ​មែន ខ្ញុំ​ប្រាប់​អ្នក​ជា​ប្រាកដ​ថា យើង​ប្រាប់​ពី​ការ​ដែល​យើង​ដឹង ហើយ​ធ្វើ​បន្ទាល់​ពី​ការ​ដែល​យើង​បាន​ឃើញ តែ​អ្នក​រាល់​គ្នា​មិន​ទទួល​សេចក្តី​បន្ទាល់​របស់​យើង​ទេ

សូមអានជំពូកពេញលេញ យ៉ូហាន 3