គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យ៉ូហាន 20:21-31 ព្រះគម្ពីរបរិសុទ្ធ (KHOV)

21. រួច​ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ម្តង​ទៀត​ថា សូម​ឲ្យ​អ្នក​រាល់​គ្នា​បាន​ប្រកប ដោយ​សេចក្តី​សុខ​សាន្ត ខ្ញុំ​ចាត់​អ្នក​រាល់​គ្នា​ឲ្យ​ទៅ ដូច​ជា​ព្រះ‌វរ‌បិតា​បាន​ចាត់​ឲ្យ​ខ្ញុំ​មក​ដែរ

22. ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នោះ រួច​ក៏​ផ្លុំ​លើ​គេ​ទាំង​មាន​ព្រះ‌បន្ទូល​ថា ចូរ​ទទួល​ព្រះ‌វិញ្ញាណ​បរិសុទ្ធ​ចុះ

23. បើ​អ្នក​រាល់​គ្នា​នឹង​អត់​ទោស​បាប​ដល់​អ្នក​ណា នោះ​បាប​គេ​នឹង​បាន​អត់​ទោស​ឲ្យ តែ​បើ​អ្នក​រាល់​គ្នា​នឹង​ប្រកាន់​ទោស​បាប​ចំពោះ​អ្នក​ណា នោះ​បាប​គេ​នឹង​ត្រូវ​ប្រកាន់​ជាប់​វិញ។

24. រីឯ​ថូម៉ាស ជា​ម្នាក់​ក្នុង​ពួក​១២ ដែល​គេ​ហៅ​ថា ឌីឌីម គាត់​មិន​នៅ​ជា​មួយ ក្នុង​កាល​ដែល​ព្រះ‌យេស៊ូវ​យាង​មក​នោះ​ទេ

25. ដូច្នេះ ពួក​សិស្ស​ឯ​ទៀត​ប្រាប់​គាត់​ថា យើង​បាន​ឃើញ​ព្រះ‌អម្ចាស់ តែ​គាត់​ឆ្លើយ​ថា បើ​ខ្ញុំ​មិន​ឃើញ​ស្នាម​ដែក​គោល នៅ​ព្រះ‌ហស្ត​ទ្រង់ ទាំង​លូក​ម្រាម​ទៅ​ក្នុង​ស្នាម​ដែក​គោល​នោះ ហើយ​លូក​ដៃ​ខ្ញុំ​ទៅ​ក្នុង​ចំហៀង​ទ្រង់ នោះ​ខ្ញុំ​មិន​ព្រម​ជឿ​ទេ

26. ដល់​៨​ថ្ងៃ​ក្រោយ​មក ពួក​សិស្ស​ទ្រង់​នៅ​ក្នុង​ផ្ទះ​ម្តង​ទៀត ហើយ​ថូម៉ាស​ក៏​នៅ​ជា​មួយ​ដែរ នោះ​ព្រះ‌យេស៊ូវ​ទ្រង់​យាង​មក ឈរ​កណ្តាល​ពួក​គេ ទាំង​ទ្វារ​នៅ​បិទ ហើយ​មាន​ព្រះ‌បន្ទូល​ថា សូម​ឲ្យ​អ្នក​រាល់​គ្នា​បាន​ប្រកប​ដោយ​សេចក្តី​សុខ​សាន្ត

27. រួច​ទ្រង់​មាន​ព្រះ‌បន្ទូល​ទៅ​ថូម៉ាស​ថា ចូរ​លូក​ម្រាម​ដៃ​អ្នក​មក ស្ទាប​មើល​ដៃ​ខ្ញុំ​ឯ​ណេះ ហើយ​លូក​ដៃ​មក​ក្នុង​ចំហៀង​ខ្ញុំ​ផង កុំ​ឲ្យ​មាន​ចិត្ត​មិន​ជឿ​ឡើយ ត្រូវ​ឲ្យ​ជឿ​ចុះ

28. នោះ​ថូម៉ាស​ទូល​ឆ្លើយ​ថា ឱ​ព្រះ‌អម្ចាស់​ទូល‌បង្គំ ឱ​ព្រះ​នៃ​ទូល‌បង្គំ​អើយ

29. ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា ថូម៉ាស​អើយ អ្នក​ជឿ​ដោយ​ព្រោះ​បាន​ឃើញ​ខ្ញុំ​ទេ​តើ មាន​ពរ​ហើយ អ្នក​ណា​ដែល​ជឿ​ឥត​ឃើញ​សោះ។

30. ព្រះ‌យេស៊ូវ​ក៏​ធ្វើ​ទី​សំគាល់​ជា​ច្រើន​ទៀត នៅ​មុខ​ពួក​សិស្ស​ទ្រង់ ដែល​មិន​បាន​ចែង​ទុក​ក្នុង​សៀវភៅ​នេះ​ទេ

31. បាន​ចែង​ទុក​តែ​ប៉ុណ្ណេះ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​ជឿ​ថា ព្រះ‌យេស៊ូវ​ជា​ព្រះ‌គ្រីស្ទ គឺ​ជា​ព្រះ‌រាជ‌បុត្រា​នៃ​ព្រះ​ពិត ហើយ​ឲ្យ​អ្នក​រាល់​គ្នា​បាន​ជីវិត ដោយ‌សារ​ព្រះ‌នាម​ទ្រង់ ដោយ​មាន​សេចក្តី​ជំនឿ។

សូមអានជំពូកពេញលេញ យ៉ូហាន 20