គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យ៉ូហាន 20:11-18 ព្រះគម្ពីរបរិសុទ្ធ (KHOV)

11. ឯ​ម៉ារា នាង​ឈរ​យំ​ពី​ខាង​ក្រៅ​ផ្នូរ ហើយ​កំពុង​ដែល​នាង​យំ នោះ​ក៏​ឱន​ខ្លួន​មើល​ទៅ​ក្នុង​ផ្នូរ

12. ឃើញ​ទេវតា​២​រូប ស្លៀក‌ពាក់​ស អង្គុយ​១​ខាង​ក្បាល ១​ចុង​ជើង ត្រង់​កន្លែង​ដែល​បាន​ផ្តេក​ព្រះ‌សព​ព្រះ‌យេស៊ូវ

13. ទេវតា​នោះ​សួរ​ថា នាង​អើយ ហេតុ​អ្វី​បាន​ជា​យំ នាង​ឆ្លើយ​ថា ពី​ព្រោះ​គេ​បាន​យក​ព្រះ‌អម្ចាស់​ខ្ញុំ​ទៅ​បាត់ ហើយ​ខ្ញុំ​មិន​ដឹង​ជា​គេ​ទុក​ទ្រង់​នៅ​ឯ​ណា​ទេ

14. នាង​និយាយ​ដូច្នោះ រួច​បែរ​ខ្លួន​ទៅ​ក្រោយ ឃើញ​ព្រះ‌យេស៊ូវ​ទ្រង់​ឈរ តែ​មិន​ដឹង​ជា​ព្រះ‌យេស៊ូវ​ទេ

15. ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ថា នាង​អើយ ហេតុ​អ្វី​បាន​ជា​យំ នាង​រក​អ្នក​ណា ឯ​នាង ក៏​ស្មាន​ថា​ជា​អ្នក​ថែ​ច្បារ ទើប​និយាយ​ទៅ​ថា លោក​នាយ​អើយ បើ​លោក​បាន​យក​ព្រះ‌សព​ចេញ​ទៅ​ឯ​ណា នោះ​សូម​ប្រាប់​ខ្ញុំ ឲ្យ​ដឹង​កន្លែង​ដែល​បាន​ទុក​ផង ខ្ញុំ​នឹង​ទៅ​នាំ​យក​ទៅ

16. ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ទៅ​នាង​ថា ម៉ារា​អើយ នោះ​នាង​បែរ​ខ្លួន​ទៅ​ទូល​ទ្រង់ ជា​ភាសា​ហេព្រើរ​ថា រ៉ាបូនី ដែល​ស្រាយ​ថា លោក​គ្រូ​អើយ

17. ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ទៅ​នាង​ថា កុំ​ពាល់​ខ្ញុំ ព្រោះ​ខ្ញុំ​មិន​ទាន់​ឡើង​ទៅ​ឯ​ព្រះ‌វរ‌បិតា​ខ្ញុំ​នៅ​ឡើយ ចូរ​នាង​ទៅ​ឯ​ពួក​បង​ប្អូន​ខ្ញុំ​ប្រាប់​គេ​ថា ខ្ញុំ​ឡើង​ទៅ​ឯ​ព្រះ‌វរ‌បិតា​ខ្ញុំ ជា​ព្រះ‌វរ‌បិតា​នៃ​អ្នក​រាល់​គ្នា គឺ​ជា​ព្រះ​នៃ​ខ្ញុំ ហើយ​ជា​ព្រះ​នៃ​អ្នក​រាល់​គ្នា​ដែរ

18. នោះ​ម៉ារា-ម៉ាក់‌ដាឡា ក៏​នាំ​ដំណឹង​ទៅ​ប្រាប់​ដល់​ពួក​សិស្ស​ថា នាង​បាន​ឃើញ​ព្រះ‌អម្ចាស់ ហើយ​ទ្រង់​បាន​មាន​ព្រះ‌បន្ទូល​សេចក្តី​ទាំង​នេះ​មក​នាង។

សូមអានជំពូកពេញលេញ យ៉ូហាន 20