គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យ៉ូហាន 2:2-16 ព្រះគម្ពីរបរិសុទ្ធ (KHOV)

2. គេ​បាន​អញ្ជើញ​ព្រះ‌យេស៊ូវ ព្រម​ទាំង​ពួក​សិស្ស​ទ្រង់​ទៅ​ឯ​ការ​នោះ​ដែរ

3. កាល​ស្រា​ទំពាំង‌បាយ‌ជូរ​អស់​ហើយ នោះ​មាតា​ព្រះ‌យេស៊ូវ​ទូល​ទ្រង់​ថា គេ​អស់​ស្រា​ទំពាំង‌បាយ‌ជូរ​ហើយ

4. តែ​ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​តប​ថា មាតា​អើយ ពេល​វេលា​ខ្ញុំ​មិន​ទាន់​មក​ដល់​នៅ​ឡើយ

5. មាតា​ទ្រង់​ក៏​ប្រាប់​ដល់​ពួក​បាវ​ថា ការ​អ្វី​ដែល​លោក​ប្រាប់​ឲ្យ​ធ្វើ នោះ​ត្រូវ​ធ្វើ​ចុះ

6. រីឯ​នៅ​ទី​នោះ មាន​ពាង​ថ្ម​៦ តាម​ទំនៀម​ការ​លាង​សំអាត​របស់​សាសន៍​យូដា ពាង​មួយៗ​នោះ​ចំណុះ​ទឹក​បាន​២ឬ៣​អម្រែក

7. ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា ចូរ​ចាក់​ទឹក​ឲ្យ​ពេញ​ពាង​ទាំង​នេះ​ទៅ គេ​ក៏​ចាក់​ទឹក​ពេញ​ដល់​មាត់​ពាង

8. រួច​ទ្រង់​មាន​ព្រះ‌បន្ទូល​ប្រាប់​គេ​ថា ឥឡូវ​នេះ ចូរ​ដង​យក​ទៅ​ជូន​ដល់​លោក​ជា​មង្គល‌ការ​ចុះ គេ​ក៏​ដង​យក​ទៅ

9. កាល​អ្នក​មង្គល‌ការ​បាន​ភ្លក់​ទឹក ដែល​បាន​ប្រែ​ទៅ​ជា​ស្រា​ទំពាំង‌បាយ‌ជូរ​ហើយ ឥត​មាន​ដឹង​ជា​មក​ពី​ណា (តែ​ពួក​បាវ​បំរើ​ដែល​ដង​ទឹក​នោះ គេ​ដឹង) នោះ​អ្នក​មង្គល‌ការ​ក៏​ហៅ​ប្ដី​ថ្មោង‌ថ្មី​មក​និយាយ​ថា

10. មនុស្ស​ទាំង‌ឡាយ គេ​តែង​តែ​លើក​ស្រា​ទំពាំង‌បាយ‌ជូរ​ល្អ​មក​ជា​មុន លុះ​កាល​បាន​ផឹក​ជា​ច្រើន​ហើយ នោះ​ទើប​លើក​ស្រា​ទំពាំង‌បាយ‌ជូរ ដែល​មិន‌សូវ​ល្អ​មក​ជា​ក្រោយ តែ​នេះ អ្នក​បាន​ទុក​ស្រា​ទំពាំង‌បាយ‌ជូរ​យ៉ាង​ល្អ ដរាប​ដល់​ឥឡូវ​នេះ​វិញ

11. ព្រះ‌យេស៊ូវ ទ្រង់​ធ្វើ​ទី​សំគាល់​មុន​ដំបូង​នេះ នៅ​ភូមិ​កាណា ក្នុង​ស្រុក​កាលី‌ឡេ ទាំង​សំដែង​សិរី‌ល្អ​របស់​ទ្រង់ ហើយ​ពួក​សិស្ស​ក៏​ជឿ​ដល់​ទ្រង់។

12. លុះ​ក្រោយ​មក ទ្រង់​យាង​ចុះ​ទៅ​ឯ​ក្រុង​កាពើ‌ណិម មាន​ទាំង​មាតា បង​ប្អូន និង​ពួក​សិស្ស​ទ្រង់​ទៅ​ជា​មួយ​ផង តែ​នៅ​ឯ​ណោះ​មិន​យូរ​ប៉ុន្មាន​ទេ។

13. រីឯ​បុណ្យ​រំលង​របស់​សាសន៍​យូដា​ក៏​ជិត​ដល់ នោះ​ព្រះ‌យេស៊ូវ​ទ្រង់​យាង​ឡើង​ទៅ​ឯ​ក្រុង​យេរូ‌សាឡិម

14. កាល​ទ្រង់​ឃើញ​ពួក​អ្នក​លក់​គោ លក់​ចៀម លក់​ព្រាប និង​ពួក​អ្នក​ដូរ​ប្រាក់ អង្គុយ​នៅ​ក្នុង​ព្រះ‌វិហារ

15. នោះ​ទ្រង់​ក៏​យក​ខ្សែ​ធ្វើ​ជា​រំពាត់ ដេញ​គេ​ចេញ​ពី​ព្រះ‌វិហារ​ទាំង​អស់​ទៅ គឺ​ដេញ​ទាំង​ចៀម ទាំង​គោ ហើយ​ក៏​ចាក់​ប្រាក់​របស់​ពួក​អ្នក​ដូរ​ចេញ​ដែរ ព្រម​ទាំង​ផ្កាប់​តុ​គេ​ផង

16. រួច​មាន​ព្រះ‌បន្ទូល​ទៅ​ពួក​អ្នក​លក់​ព្រាប​ថា ចូរ​យក​របស់​ទាំង​នេះ​ចេញ​ទៅ កុំ​ឲ្យ​យក​ដំណាក់​នៃ​ព្រះ‌វរ‌បិតា​ខ្ញុំ ធ្វើ​ជា​ផ្ទះ​ជំនួញ​ឡើយ

សូមអានជំពូកពេញលេញ យ៉ូហាន 2