គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យ៉ូហាន 19:28-42 ព្រះគម្ពីរបរិសុទ្ធ (KHOV)

28. ក្រោយ​នោះ​ព្រះ‌យេស៊ូវ​ទ្រង់​ជ្រាប​ថា ការ​ទាំង​អស់​បាន​សំរេច​ហើយ តែ​ដើម្បី​ឲ្យ​បាន​សំរេច​តាម​បទ​គម្ពីរ នោះ​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា ខ្ញុំ​ស្រេក​ទឹក​ណាស់

29. រីឯ​នៅ​ទី​នោះ មាន​ក្រឡ​ដាក់​ទឹក‌ខ្មេះ​ពេញ គេ​ក៏​យក​សារាយ‌រំហួត​ជ្រលក់​ទឹក‌ខ្មេះ​ជោក រួច​ចង​ភ្ជាប់​នឹង​មែក​ហ៊ីសុប ហុច​ទៅ​ដល់​ព្រះ‌ឱស្ឋ​ទ្រង់

30. កាល​ព្រះ‌យេស៊ូវ​បាន​ទទួល​ទឹក‌ខ្មេះ​រួច​ហើយ ក៏​មាន​ព្រះ‌បន្ទូល​ថា ការ​ស្រេច​ហើយ នោះ​ទ្រង់​ឱន​ព្រះ‌សិរ​ប្រគល់​វិញ្ញាណ​ទ្រង់​ទៅ។

31. ពួក​សាសន៍​យូដា​ក៏​សូម​លោក​ពីឡាត់ ឲ្យ​បាន​បំបាក់​ជើង​ពួក​ជាប់​ឆ្កាង ហើយ​យក​ចេញ​ទៅ ដើម្បី​កុំ​ឲ្យ​ខ្មោច​នៅ​ជាប់​លើ​ឈើ​ឆ្កាង ក្នុង​ថ្ងៃ​ឈប់​សំរាក ពី​ព្រោះ​ជា​ថ្ងៃ​រៀប‌ចំ​ហើយ ឯ​ថ្ងៃ​ឈប់​សំរាក​នោះ គឺ​ជា​ថ្ងៃ​បុណ្យ​ធំ

32. ដូច្នេះ ពួក​ទាហាន​ក៏​មក​បំបាក់​ជើង​អ្នក​១ រួច​អ្នក​១​ទៀត​ដែល​ជាប់​ឆ្កាង​ជា​មួយ​នឹង​ទ្រង់

33. តែ​កាល​គេ​មក​ដល់​ព្រះ‌យេស៊ូវ ក៏​ឃើញ​ថា ទ្រង់​សុគត​ផុត​ហើយ បាន​ជា​គេ​មិន​បំបាក់​ព្រះ‌បាទ​ទ្រង់​ទេ

34. ប៉ុន្តែ ទាហាន​ម្នាក់​យក​លំពែង​ចាក់​ត្រង់​ចំហៀង​ទ្រង់ នោះ​ក៏​ចេញ​ឈាម ហើយ​នឹង​ទឹក​មក

35. អ្នក​ដែល​ឃើញ​បាន​ធ្វើ​បន្ទាល់ ហើយ​សេចក្តី​បន្ទាល់​របស់​អ្នក​នោះ​ក៏​ពិត​ប្រាកដ អ្នក​នោះ​ដឹង​ថា ខ្លួន​និយាយ​ត្រូវ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​ជឿ

36. ដ្បិត​ការ​ទាំង​នោះ​បាន​កើត​មក ដើម្បី​ឲ្យ​បទ​គម្ពីរ​បាន​សំរេច ដែល​ថា «គ្មាន​ឆ្អឹង​ទ្រង់​ណា​មួយ​ត្រូវ​បាក់​សោះ»

37. ក៏​មាន​បទ​១​ទៀត​ថា «គេ​នឹង​មើល​ព្រះ‌អង្គ​ដែល​គេ​បាន​ចាក់»។

38. ក្រោយ​នោះ​មក យ៉ូសែប ជា​អ្នក​ស្រុក​អើរី‌ម៉ាថេ ដែល​ជា​សិស្ស​របស់​ព្រះ‌យេស៊ូវ​ដោយ​សំងាត់ ព្រោះ​ខ្លាច​ពួក​យូដា លោក​បាន​សូម​ដល់​លោក​ពីឡាត់ ឲ្យ​មាន​ច្បាប់​នឹង​យក​ព្រះ‌សព​ព្រះ‌យេស៊ូវ​ចុះ​មក លោក​ពីឡាត់​ក៏​បើក​ឲ្យ ដូច្នេះ លោក​បាន​មក​យក​ព្រះ‌សព​ព្រះ‌យេស៊ូវ​ទៅ

39. ហើយ​លោក​នីកូដេម ដែល​ពី​មុន​បាន​ទៅ​ឯ​ព្រះ‌យេស៊ូវ​ទាំង​យប់ ក៏​មក​ដែរ លោក​យក​ជ័រ​ល្វីង‌ទេស​លាយ​នឹង​ក្រឹស្នា បាន​ប្រហែល​ជា​១​រយ​នាលិ​មក

40. លោក​ទាំង​២​នោះ​ក៏​យក​ព្រះ‌សព​ព្រះ‌យេស៊ូវ​មក រុំ​នឹង​សំពត់​ទេស‌ឯក ជា​មួយ​នឹង​គ្រឿង​ក្រអូប​ទាំង​នោះ តាម​ទំលាប់​របស់​សាសន៍​យូដា ដែល​គេ​ធ្លាប់​រៀប‌ចំ​កប់​ខ្មោច

41. មាន​ច្បារ​១​នៅ​ត្រង់​កន្លែង​ដែល​គេ​ឆ្កាង​ទ្រង់ ហើយ​ក្នុង​ច្បារ​នោះ មាន​ផ្នូរ​១​ថ្មី ដែល​មិន​ទាន់​ដាក់​ខ្មោច​ណា​នៅ​ឡើយ

42. ដូច្នេះ លោក​ក៏​បញ្ចុះ​ព្រះ‌សព​ព្រះ‌យេស៊ូវ​នៅ​ទី​នោះ ពី​ព្រោះ​ជា​ថ្ងៃ​រៀប‌ចំ​បុណ្យ​របស់​សាសន៍​យូដា ហើយ​ផ្នូរ​នោះ​ក៏​នៅ​ជិត​ស្រាប់។

សូមអានជំពូកពេញលេញ យ៉ូហាន 19