គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យ៉ូហាន 19:15-34 ព្រះគម្ពីរបរិសុទ្ធ (KHOV)

15. តែ​គេ​ស្រែក​ឡើង​ថា យក​វា​ចេញ យក​វា​ចេញ ឲ្យ​ឆ្កាង​វា​ទៅ លោក​ពីឡាត់​សួរ​គេ​ថា តើ​ឲ្យ​ខ្ញុំ​ឆ្កាង​ស្តេច​នៃ​អ្នក​រាល់​គ្នា​ឬ​អី ពួក​សង្គ្រាជ​ឆ្លើយ​ថា យើង​ខ្ញុំ​មាន​ស្តេច​តែ​សេសារ​ទេ

16. ដូច្នេះ លោក​ក៏​បញ្ជូន​ទ្រង់​ទៅ​ឲ្យ​គេ​ឆ្កាង ហើយ​គេ​នាំ​ទ្រង់​យក​ទៅ។

17. ព្រះ‌យេស៊ូវ ទ្រង់​យាង​ចេញ​ទៅ ទាំង​លី​ឈើ​ឆ្កាង​ទៅ​ដល់​កន្លែង​ហៅ​ថា ភ្នំ​លលាដ៏​ក្បាល ដែល​ភាសា​ហេព្រើរ​ហៅ​ថា គាល់‌កូថា

18. គេ​ក៏​ឆ្កាង​ទ្រង់​នៅ​ទី​នោះ ព្រម​ទាំង​២​នាក់​ទៀត​ជា​មួយ​នឹង​ទ្រង់​ដែរ ម្នាក់​ម្ខាងៗ ហើយ​ព្រះ‌យេស៊ូវ​នៅ​ជា​កណ្តាល

19. លោក​ពីឡាត់​ធ្វើ​ប្រកាស​១​បិទ​នៅ​លើ​ឈើ​ឆ្កាង មាន​សេចក្តី​ថា «នេះ​ឈ្មោះ​យេស៊ូវ​ជា​អ្នក​ស្រុក​ណា‌សារ៉ែត ស្តេច​នៃ​សាសន៍​យូដា»

20. មាន​សាសន៍​យូដា​ជា​ច្រើន​បាន​មើល​ប្រកាស​នោះ ដ្បិត​កន្លែង​ដែល​គេ​ឆ្កាង​ព្រះ‌យេស៊ូវ​នោះ​នៅ​ជិត​ទី​ក្រុង ហើយ​ប្រកាស​នោះ គេ​បាន​សរសេរ​ជា​ភាសា​ហេព្រើរ ក្រេក និង​ឡាតាំង

21. ដូច្នេះ ពួក​សង្គ្រាជ​របស់​សាសន៍​យូដា គេ​ជំរាប​លោក​ពីឡាត់​ថា សូម​លោក​កុំ​សរសេរ​ថា នេះ​ជា​ស្តេច​នៃ​សាសន៍​យូដា​ឡើយ សូម​សរសេរ​តាម​វា​និយាយ​វិញ​ថា ខ្ញុំ​ជា​ស្តេច​នៃ​សាសន៍​យូដា

22. លោក​ពីឡាត់​ឆ្លើយ​ថា ឯ​សេចក្តី​ដែល​ខ្ញុំ​សរសេរ នោះ​បាន​សរសេរ​ស្រេច​ទៅ​ហើយ

23. ឯ​ពួក​ទាហាន កាល​បាន​ឆ្កាង​ព្រះ‌យេស៊ូវ​រួច​ហើយ នោះ​គេ​យក​ព្រះ‌ពស្ត្រ​ទ្រង់​ចែក​ជា​៤​ចំណែក ឲ្យ​ម្នាក់ៗ​បាន​១​ចំណែក ក៏​យក​អាវ​វែង​ទ្រង់​ដែរ តែ​អាវ​នោះ​បាន​ត្បាញ​ពី​លើ​ជា​សំពត់​តែ​១ គ្មាន​ថ្នេរ​សោះ

24. ដូច្នេះ គេ​និយាយ​គ្នា​ថា កុំ​ហែក​អាវ​នេះ​ឡើយ ចូរ​យើង​ចាប់​ឆ្នោត​វិញ ឲ្យ​បាន​ដឹង​ជា​អាវ​នេះ​នឹង​ទៅ​ជា​របស់​អ្នក​ណា នោះ​ដើម្បី​ឲ្យ​បាន​សំរេច​បទ​គម្ពីរ​ដែល​ថា «គេ​បាន​យក​សំលៀក‌បំពាក់​ទូល‌បង្គំ​ចែក​គ្នា ឯ​អាវ​វែង​របស់​ទូល‌បង្គំ គេ​យក​ដោយ​ចាប់​ជា​ឆ្នោត» ពួក​ទាហាន​ក៏​ធ្វើ​ដូច្នោះ។

25. ឯ​មាតា​ព្រះ‌យេស៊ូវ ប្អូន​ស្រី​មាតា​ទ្រង់ ម៉ារា ជា​ប្រពន្ធ​ក្លូប៉ាស និង​ម៉ារា ជា​អ្នក​ស្រុក​ម៉ាក់‌ដាឡា គេ​ឈរ​នៅ​ជិត​ឈើ​ឆ្កាង​ទ្រង់

26. ព្រះ‌យេស៊ូវ​ក៏​ឃើញ​មាតា​ទ្រង់ និង​សិស្ស​ម្នាក់​ដែល​ទ្រង់​ស្រឡាញ់ កំពុង​ឈរ​នៅ​ទី​នោះ រួច​ទ្រង់​មាន​ព្រះ‌បន្ទូល​ទៅ​មាតា​ថា មាតា​អើយ នុ៎ះ​ន៏ កូន​របស់​មាតា

27. រួច​ទ្រង់​មាន​ព្រះ‌បន្ទូល​ទៅ​សិស្ស​នោះ​ថា នុ៎ះ​ន៏ ម្តាយ​អ្នក តាំង​ពី​នោះ​មក សិស្ស​នោះ​ក៏​នាំ​យក​គាត់​ទៅ​នៅ​ផ្ទះ​ខ្លួន។

28. ក្រោយ​នោះ​ព្រះ‌យេស៊ូវ​ទ្រង់​ជ្រាប​ថា ការ​ទាំង​អស់​បាន​សំរេច​ហើយ តែ​ដើម្បី​ឲ្យ​បាន​សំរេច​តាម​បទ​គម្ពីរ នោះ​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា ខ្ញុំ​ស្រេក​ទឹក​ណាស់

29. រីឯ​នៅ​ទី​នោះ មាន​ក្រឡ​ដាក់​ទឹក‌ខ្មេះ​ពេញ គេ​ក៏​យក​សារាយ‌រំហួត​ជ្រលក់​ទឹក‌ខ្មេះ​ជោក រួច​ចង​ភ្ជាប់​នឹង​មែក​ហ៊ីសុប ហុច​ទៅ​ដល់​ព្រះ‌ឱស្ឋ​ទ្រង់

30. កាល​ព្រះ‌យេស៊ូវ​បាន​ទទួល​ទឹក‌ខ្មេះ​រួច​ហើយ ក៏​មាន​ព្រះ‌បន្ទូល​ថា ការ​ស្រេច​ហើយ នោះ​ទ្រង់​ឱន​ព្រះ‌សិរ​ប្រគល់​វិញ្ញាណ​ទ្រង់​ទៅ។

31. ពួក​សាសន៍​យូដា​ក៏​សូម​លោក​ពីឡាត់ ឲ្យ​បាន​បំបាក់​ជើង​ពួក​ជាប់​ឆ្កាង ហើយ​យក​ចេញ​ទៅ ដើម្បី​កុំ​ឲ្យ​ខ្មោច​នៅ​ជាប់​លើ​ឈើ​ឆ្កាង ក្នុង​ថ្ងៃ​ឈប់​សំរាក ពី​ព្រោះ​ជា​ថ្ងៃ​រៀប‌ចំ​ហើយ ឯ​ថ្ងៃ​ឈប់​សំរាក​នោះ គឺ​ជា​ថ្ងៃ​បុណ្យ​ធំ

32. ដូច្នេះ ពួក​ទាហាន​ក៏​មក​បំបាក់​ជើង​អ្នក​១ រួច​អ្នក​១​ទៀត​ដែល​ជាប់​ឆ្កាង​ជា​មួយ​នឹង​ទ្រង់

33. តែ​កាល​គេ​មក​ដល់​ព្រះ‌យេស៊ូវ ក៏​ឃើញ​ថា ទ្រង់​សុគត​ផុត​ហើយ បាន​ជា​គេ​មិន​បំបាក់​ព្រះ‌បាទ​ទ្រង់​ទេ

34. ប៉ុន្តែ ទាហាន​ម្នាក់​យក​លំពែង​ចាក់​ត្រង់​ចំហៀង​ទ្រង់ នោះ​ក៏​ចេញ​ឈាម ហើយ​នឹង​ទឹក​មក

សូមអានជំពូកពេញលេញ យ៉ូហាន 19