គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យ៉ូហាន 19:10-23 ព្រះគម្ពីរបរិសុទ្ធ (KHOV)

10. ដូច្នេះ លោក​ពីឡាត់​សួរ​ទ្រង់​ថា តើ​អ្នក​មិន​ឆ្លើយ​ទេ​ឬ​អី អ្នក​មិន​ដឹង​ទេ​ឬ​អី​ថា ខ្ញុំ​មាន​អំណាច​នឹង​ឆ្កាង​អ្នក ឬ​លែង​អ្នក​ក៏​បាន

11. ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ថា បើ​មិន​បាន​ប្រទាន​មក​ពី​ស្ថាន​លើ នោះ​លោក​ឥត​មាន​អំណាច​លើ​ខ្ញុំ​សោះ ហេតុ​នោះ​បាន​ជា​អ្នក​ដែល​បញ្ជូន​ខ្ញុំ​មក​លោក អ្នក​នោះ​មាន​បាប​ធ្ងន់​ជាង

12. តាំង​ពី​នោះ​មក​លោក​ពីឡាត់​រក​ទំនង​នឹង​លែង​ទ្រង់​ដែរ តែ​ពួក​សាសន៍​យូដា​ស្រែក​កង​ឡើង​ថា បើ​លោក​លែង​អ្នក​នេះ​ទៅ នោះ​លោក​មិន​មែន​ជា​ទី​ស្រឡាញ់​នឹង​សេសារ​ទេ ព្រោះ​អ្នក​ណា​ដែល​តាំង​ខ្លួន​ធ្វើ​ជា​ស្តេច នោះ​ក្បត់​នឹង​សេសារ​ហើយ

13. កាល​លោក​ពីឡាត់​បាន​ឮ​ពាក្យ​នោះ ក៏​នាំ​ព្រះ‌យេស៊ូវ​ចេញ​ទៅ​ឯ​កន្លែង​ហៅ​ថា ទី​ក្រាល​ថ្ម ដែល​ភាសា​ហេព្រើរ​ហៅ​ថា កាបាថា រួច​លោក​អង្គុយ​នៅ​ទី​ជំនុំ‌ជំរះ

14. (រីឯ​ថ្ងៃ​នោះ ជា​ថ្ងៃ​រៀប‌ចំ​បុណ្យ​រំលង ប្រហែល​ជា​ថ្ងៃ​ត្រង់​ហើយ) លោក​ក៏​មាន​ប្រសាសន៍​ទៅ​ពួក​សាសន៍​យូដា​ថា មើល នេះ​ស្តេច​នៃ​អ្នក​រាល់​គ្នា

15. តែ​គេ​ស្រែក​ឡើង​ថា យក​វា​ចេញ យក​វា​ចេញ ឲ្យ​ឆ្កាង​វា​ទៅ លោក​ពីឡាត់​សួរ​គេ​ថា តើ​ឲ្យ​ខ្ញុំ​ឆ្កាង​ស្តេច​នៃ​អ្នក​រាល់​គ្នា​ឬ​អី ពួក​សង្គ្រាជ​ឆ្លើយ​ថា យើង​ខ្ញុំ​មាន​ស្តេច​តែ​សេសារ​ទេ

16. ដូច្នេះ លោក​ក៏​បញ្ជូន​ទ្រង់​ទៅ​ឲ្យ​គេ​ឆ្កាង ហើយ​គេ​នាំ​ទ្រង់​យក​ទៅ។

17. ព្រះ‌យេស៊ូវ ទ្រង់​យាង​ចេញ​ទៅ ទាំង​លី​ឈើ​ឆ្កាង​ទៅ​ដល់​កន្លែង​ហៅ​ថា ភ្នំ​លលាដ៏​ក្បាល ដែល​ភាសា​ហេព្រើរ​ហៅ​ថា គាល់‌កូថា

18. គេ​ក៏​ឆ្កាង​ទ្រង់​នៅ​ទី​នោះ ព្រម​ទាំង​២​នាក់​ទៀត​ជា​មួយ​នឹង​ទ្រង់​ដែរ ម្នាក់​ម្ខាងៗ ហើយ​ព្រះ‌យេស៊ូវ​នៅ​ជា​កណ្តាល

19. លោក​ពីឡាត់​ធ្វើ​ប្រកាស​១​បិទ​នៅ​លើ​ឈើ​ឆ្កាង មាន​សេចក្តី​ថា «នេះ​ឈ្មោះ​យេស៊ូវ​ជា​អ្នក​ស្រុក​ណា‌សារ៉ែត ស្តេច​នៃ​សាសន៍​យូដា»

20. មាន​សាសន៍​យូដា​ជា​ច្រើន​បាន​មើល​ប្រកាស​នោះ ដ្បិត​កន្លែង​ដែល​គេ​ឆ្កាង​ព្រះ‌យេស៊ូវ​នោះ​នៅ​ជិត​ទី​ក្រុង ហើយ​ប្រកាស​នោះ គេ​បាន​សរសេរ​ជា​ភាសា​ហេព្រើរ ក្រេក និង​ឡាតាំង

21. ដូច្នេះ ពួក​សង្គ្រាជ​របស់​សាសន៍​យូដា គេ​ជំរាប​លោក​ពីឡាត់​ថា សូម​លោក​កុំ​សរសេរ​ថា នេះ​ជា​ស្តេច​នៃ​សាសន៍​យូដា​ឡើយ សូម​សរសេរ​តាម​វា​និយាយ​វិញ​ថា ខ្ញុំ​ជា​ស្តេច​នៃ​សាសន៍​យូដា

22. លោក​ពីឡាត់​ឆ្លើយ​ថា ឯ​សេចក្តី​ដែល​ខ្ញុំ​សរសេរ នោះ​បាន​សរសេរ​ស្រេច​ទៅ​ហើយ

23. ឯ​ពួក​ទាហាន កាល​បាន​ឆ្កាង​ព្រះ‌យេស៊ូវ​រួច​ហើយ នោះ​គេ​យក​ព្រះ‌ពស្ត្រ​ទ្រង់​ចែក​ជា​៤​ចំណែក ឲ្យ​ម្នាក់ៗ​បាន​១​ចំណែក ក៏​យក​អាវ​វែង​ទ្រង់​ដែរ តែ​អាវ​នោះ​បាន​ត្បាញ​ពី​លើ​ជា​សំពត់​តែ​១ គ្មាន​ថ្នេរ​សោះ

សូមអានជំពូកពេញលេញ យ៉ូហាន 19