គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យ៉ូហាន 19:1-15 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. ខណៈ​នោះ លោក​ពីឡាត់​នាំ​យក​ព្រះ‌យេស៊ូវ​ទៅ​វាយ​នឹង​រំពាត់

2. ពួក​ទាហាន​ក៏​ក្រង​ភួង​បន្លា​បំពាក់​លើ​ព្រះ‌សិរ ហើយ​យក​អាវ​ពណ៌​ស្វាយ​មក​បំពាក់​ទ្រង់

3. ទាំង​ទូល​ថា សូម​ថ្វាយ‌បង្គំ​ស្តេច​សាសន៍​យូដា រួច​គេ​ទះ​ទ្រង់

4. លោក​ពីឡាត់​ក៏​ចេញ​ទៅ មាន​ប្រសាសន៍​នឹង​គេ​ម្តង​ទៀត​ថា មើល ខ្ញុំ​នាំ​អ្នក​នេះ​ចេញ​មក​ឯ​អ្នក​រាល់​គ្នា ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ថា ខ្ញុំ​មិន​ឃើញ​ជា​គាត់​មាន​ទោស​យ៉ាង​ណា​សោះ

5. ដូច្នេះ ព្រះ‌យេស៊ូវ​ក៏​យាង​ចេញ​ទៅ​ក្រៅ ទាំង​ពាក់​ភួង​បន្លា និង​អាវ​ពណ៌​ស្វាយ​នោះ រួច​លោក​ពីឡាត់​មាន​ប្រសាសន៍​ទៅ​គេ​ថា មើល​ចុះ មនុស្ស​នេះ​ហើយ

6. កាល​ពួក​សង្គ្រាជ និង​ពួក​អាជ្ញា​បាន​ឃើញ​ទ្រង់ នោះ​ក៏​ស្រែក​ឡើង​ថា ឆ្កាង​វា ឆ្កាង​វា​ទៅ លោក​ពីឡាត់​មាន​ប្រសាសន៍​ទៅ​គេ​ថា ត្រូវ​ឲ្យ​អ្នក​រាល់​គ្នា​យក​គាត់​ទៅ​ឆ្កាង​វិញ ដ្បិត​ខ្ញុំ​មិន​ឃើញ​ជា​មាន​ទោស​អ្វី​ទេ

7. ពួក​សាសន៍​យូដា​ឆ្លើយ​ថា យើង​ខ្ញុំ​មាន​ក្រឹត្យ‌វិន័យ ហើយ​តាម​ក្រឹត្យ‌វិន័យ​នោះ វា​ត្រូវ​ស្លាប់ ពី​ព្រោះ​វា​បាន​តាំង​ខ្លួន​ឡើង​ជា​ព្រះ‌រាជ‌បុត្រា​នៃ​ព្រះ។

8. កាល​លោក​ពីឡាត់​បាន​ឮ​ពាក្យ​នោះ ក៏​ភ័យ​រឹត​តែ​ខ្លាំង​ឡើង

9. លោក​ត្រឡប់​ទៅ​ក្នុង​សាលា​ជំនុំ ទូល​សួរ​ព្រះ‌យេស៊ូវ​ថា តើ​អ្នក​មក​ពី​ណា តែ​ព្រះ‌យេស៊ូវ​ទ្រង់​មិន​ឆ្លើយ​សោះ

10. ដូច្នេះ លោក​ពីឡាត់​សួរ​ទ្រង់​ថា តើ​អ្នក​មិន​ឆ្លើយ​ទេ​ឬ​អី អ្នក​មិន​ដឹង​ទេ​ឬ​អី​ថា ខ្ញុំ​មាន​អំណាច​នឹង​ឆ្កាង​អ្នក ឬ​លែង​អ្នក​ក៏​បាន

11. ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ថា បើ​មិន​បាន​ប្រទាន​មក​ពី​ស្ថាន​លើ នោះ​លោក​ឥត​មាន​អំណាច​លើ​ខ្ញុំ​សោះ ហេតុ​នោះ​បាន​ជា​អ្នក​ដែល​បញ្ជូន​ខ្ញុំ​មក​លោក អ្នក​នោះ​មាន​បាប​ធ្ងន់​ជាង

12. តាំង​ពី​នោះ​មក​លោក​ពីឡាត់​រក​ទំនង​នឹង​លែង​ទ្រង់​ដែរ តែ​ពួក​សាសន៍​យូដា​ស្រែក​កង​ឡើង​ថា បើ​លោក​លែង​អ្នក​នេះ​ទៅ នោះ​លោក​មិន​មែន​ជា​ទី​ស្រឡាញ់​នឹង​សេសារ​ទេ ព្រោះ​អ្នក​ណា​ដែល​តាំង​ខ្លួន​ធ្វើ​ជា​ស្តេច នោះ​ក្បត់​នឹង​សេសារ​ហើយ

13. កាល​លោក​ពីឡាត់​បាន​ឮ​ពាក្យ​នោះ ក៏​នាំ​ព្រះ‌យេស៊ូវ​ចេញ​ទៅ​ឯ​កន្លែង​ហៅ​ថា ទី​ក្រាល​ថ្ម ដែល​ភាសា​ហេព្រើរ​ហៅ​ថា កាបាថា រួច​លោក​អង្គុយ​នៅ​ទី​ជំនុំ‌ជំរះ

14. (រីឯ​ថ្ងៃ​នោះ ជា​ថ្ងៃ​រៀប‌ចំ​បុណ្យ​រំលង ប្រហែល​ជា​ថ្ងៃ​ត្រង់​ហើយ) លោក​ក៏​មាន​ប្រសាសន៍​ទៅ​ពួក​សាសន៍​យូដា​ថា មើល នេះ​ស្តេច​នៃ​អ្នក​រាល់​គ្នា

15. តែ​គេ​ស្រែក​ឡើង​ថា យក​វា​ចេញ យក​វា​ចេញ ឲ្យ​ឆ្កាង​វា​ទៅ លោក​ពីឡាត់​សួរ​គេ​ថា តើ​ឲ្យ​ខ្ញុំ​ឆ្កាង​ស្តេច​នៃ​អ្នក​រាល់​គ្នា​ឬ​អី ពួក​សង្គ្រាជ​ឆ្លើយ​ថា យើង​ខ្ញុំ​មាន​ស្តេច​តែ​សេសារ​ទេ

សូមអានជំពូកពេញលេញ យ៉ូហាន 19