គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យ៉ូហាន 18:19-35 ព្រះគម្ពីរបរិសុទ្ធ (KHOV)

19. នោះ​សំដេច​សង្ឃ​ក៏​ពិចារណា​សួរ​ព្រះ‌យេស៊ូវ ពី​ដំណើរ​ពួក​សិស្ស និង​សេចក្តី​ដែល​ទ្រង់​បង្រៀន

20. ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ឆ្លើយ​ទៅ​លោក​ថា ខ្ញុំ​បាន​និយាយ​នឹង​បណ្តា​មនុស្ស នៅ​កណ្តាល​ជំនុំ ខ្ញុំ​តែង​តែ​បង្រៀន​ក្នុង​សាលា​ប្រជុំ ហើយ​ក្នុង​ព្រះ‌វិហារ ជា​កន្លែង​ដែល​ពួក​សាសន៍​យូដា​ប្រជុំ​គ្នា ខ្ញុំ​មិន​ដែល​និយាយ​ដោយ​សំងាត់​ទេ

21. ហេតុ​អ្វី​បាន​ជា​លោក​សួរ​ខ្ញុំ ចូរ​សួរ​ដល់​ពួក​អ្នក​ដែល​បាន​ស្តាប់​ខ្ញុំ ពី​សេចក្តី​ដែល​ខ្ញុំ​និយាយ​នោះ​វិញ មើល គេ​ដឹង​សេចក្តី​ដែល​ខ្ញុំ​និយាយ​ដែរ

22. កាល​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ហើយ នោះ​មាន​ពួក​អាជ្ញា​ម្នាក់ ដែល​ឈរ​នៅ​ទី​នោះ បាន​ទះ​កំផ្លៀង​ព្រះ‌យេស៊ូវ ដោយ​ពាក្យ​ថា ឯង​ឆ្លើយ​ទៅ​សំដេច​សង្ឃ​យ៉ាង​ដូច្នេះ​ឬ

23. ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ទៅ​អ្នក​នោះ​ថា បើ​ខ្ញុំ​បាន​និយាយ​អាក្រក់ នោះ​ចូរ​ធ្វើ​បន្ទាល់​ពី​សេចក្តី​អាក្រក់​នោះ​ចុះ តែ​បើ​ខ្ញុំ​បាន​និយាយ​ល្អ​វិញ ហេតុ​អ្វី​បាន​ជា​វាយ​ខ្ញុំ

24. នោះ​លោក​អាណ​ឲ្យ​គេ​នាំ​ទ្រង់​ទាំង​ជាប់​ចំណង ទៅ​ឯ​លោក​កៃផា ជា​សំដេច​សង្ឃ​វិញ។

25. ឯ​ស៊ីម៉ូន-ពេត្រុស គាត់​កំពុង​ឈរ​អាំង​ភ្លើង ដូច្នេះ គេ​សួរ​គាត់​ថា អ្នក​ឯង​ជា​សិស្ស​របស់​អ្នក​នោះ​ដែរ​ឬ តែ​គាត់​ប្រកែក​ថា ខ្ញុំ​មិន​មែន​ទេ

26. មាន​ពួក​បាវ​សំដេច​សង្ឃ​ម្នាក់ គឺ​ជា​សាច់‌ញាតិ​នឹង​អ្នក​ដែល​ពេត្រុស​បាន​កាប់​ដាច់​ត្រចៀក​នោះ ក៏​និយាយ​ថា តើ​អញ​មិន​បាន​ឃើញ​ឯង​នៅ​ក្នុង​ច្បារ​ជា​មួយ​នឹង​អ្នក​នោះ​ទេ​ឬ​អី

27. ពេត្រុស​ក៏​ប្រកែក​ម្តង​ទៀត ស្រាប់​តែ​មាន់​រងាវ​ឡើង។

28. គេ​នាំ​ព្រះ‌យេស៊ូវ ពី​លោក​កៃផា ទៅ​ក្នុង​សាលា​ជំនុំ ពេល​នោះ ព្រលឹម​ស្រាង​ហើយ គេ​មិន​បាន​ចូល​ទៅ​ក្នុង​សាលា​ទេ ក្រែង​គេ​ត្រូវ​សៅ‌ហ្មង និង​បរិភោគ​បុណ្យ​រំលង​មិន​បាន

29. ដូច្នេះ លោក​ពីឡាត់​ចេញ​ទៅ​ឯ​គេ សួរ​ថា តើ​អ្នក​រាល់​គ្នា​ចោទ​ប្រកាន់​មនុស្ស​នេះ​ពី​រឿង​អ្វី

30. គេ​ឆ្លើយ​ទៅ​លោក​ថា បើ​វា​មិន​មែន​ជា​មនុស្ស​អាក្រក់ នោះ​យើង​ខ្ញុំ​មិន​បាន​បញ្ជូន​វា​មក​ទេ

31. ដូច្នេះ លោក​ពីឡាត់​មាន​ប្រសាសន៍​ថា ចូរ​យក​ទៅ​ជំនុំ‌ជំរះ​តាម​ច្បាប់​របស់​អ្នក​រាល់​គ្នា​ចុះ តែ​ពួក​សាសន៍​យូដា​ជំរាប​លោក​ថា យើង​ខ្ញុំ​គ្មាន​ច្បាប់​នឹង​សំឡាប់​អ្នក​ណា​ទេ

32. គេ​និយាយ​ដូច្នោះ ដើម្បី​ឲ្យ​បាន​សំរេច​ពាក្យ ដែល​ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល និង​បង្ហាញ​ពី​ទ្រង់​សុគត​បែប​យ៉ាង​ណា

33. នោះ​លោក​ពីឡាត់​ក៏​ចូល​ទៅ​ក្នុង​សាលា​ជំនុំ​វិញ រួច​ហៅ​ព្រះ‌យេស៊ូវ​មក​ដណ្តឹង​សួរ​ថា តើ​អ្នក​ជា​ស្ដេច​សាសន៍​យូដា​ឬ​អី

34. ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ឆ្លើយ​ថា តើ​លោក​មាន​ប្រសាសន៍​ដូច្នេះ ដោយ​ខ្លួន​លោក ឬ​មាន​អ្នក​ណា​ជំរាប​លោក​ពី​ខ្ញុំ

35. លោក​ពីឡាត់​ឆ្លើយ​ថា តើ​ខ្ញុំ​ជា​សាសន៍​យូដា​ឬ​អី គឺ​សាសន៍​របស់​អ្នក​ឯង និង​ពួក​សង្គ្រាជ​ទេ​តើ ដែល​បញ្ជូន​អ្នក​មក​ខ្ញុំ ចុះ​អ្នក​បាន​ធ្វើ​អ្វី

សូមអានជំពូកពេញលេញ យ៉ូហាន 18