គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យ៉ូហាន 18:1-13 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. កាល​ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​សេចក្តី​ទាំង​នោះ​រួច​ហើយ នោះ​ទ្រង់​យាង​ទៅ​ខាង​នាយ​ជ្រោះ​កេដ្រុន បាន​នាំ​ទាំង​ពួក​សិស្ស​ទៅ​ផង ហើយ​ទ្រង់ និង​ពួក​សិស្ស​ក៏​ចូល​ទៅ​ក្នុង​ច្បារ​១​ដែល​នៅ​ទី​នោះ

2. ឯ​យូដាស ដែល​ជា​អ្នក​បញ្ជូន​ទ្រង់ ក៏​ស្គាល់​កន្លែង​នោះ​ដែរ ពី​ព្រោះ​ព្រះ‌យេស៊ូវ និង​ពួក​សិស្ស តែង​ប្រជុំ​នៅ​ទី​នោះ​ជា​ញឹក‌ញយ

3. ដូច្នេះ កាល​យូដាស​បាន​ទទួល​ពួក​ទាហាន និង​ពួក​អាជ្ញា​ខ្លះ ពី​ពួក​សង្គ្រាជ និង​ពួក​ផារិ‌ស៊ី​ហើយ នោះ​ក៏​នាំ​គ្នា​ទៅ​ឯ​ទី​នោះ មាន​ទាំង​កាន់​គោម ចន្លុះ និង​គ្រឿង​សស្ត្រា‌វុធ​ផង

4. ព្រះ‌យេស៊ូវ​ទ្រង់​ជ្រាប​ការ​ទាំង​អស់ ដែល​ត្រូវ​មក​ដល់​ទ្រង់ បាន​ជា​ទ្រង់​យាង​ចេញ​ទៅ​សួរ​គេ​ថា តើ​មក​រក​អ្នក​ណា

5. គេ​ទូល​ឆ្លើយ​ថា រក​យេស៊ូវ ជា​អ្នក​ស្រុក​ណា‌សារ៉ែត ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា គឺ​ខ្ញុំ​នេះ​ហើយ ឯ​យូដាស​ដែល​បញ្ជូន​ទ្រង់ ក៏​ឈរ​នៅ​ជា​មួយ​នឹង​គេ​ដែរ

6. កាល​ទ្រង់​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា គឺ​ខ្ញុំ​នេះ​ហើយ នោះ​គេ​ក៏​ថយ​ក្រោយ ដួល​ផ្ងារ​ទាំង​អស់​គ្នា

7. ដូច្នេះ ទ្រង់​មាន​ព្រះ‌បន្ទូល​សួរ​គេ​ម្តង​ទៀត​ថា តើ​រក​អ្នក​ណា គេ​ទូល​ឆ្លើយ​ថា រក​យេស៊ូវ ជា​អ្នក​ស្រុក​ណា‌សារ៉ែត

8. ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ឆ្លើយ​ថា ខ្ញុំ​បាន​ប្រាប់​អ្នក​រាល់​គ្នា​ថា គឺ​ខ្ញុំ​នេះ​ហើយ ដូច្នេះ បើ​អ្នក​រាល់​គ្នា​រក​ខ្ញុំ នោះ​ចូរ​បើក​ឲ្យ​អ្នក​ទាំង​នេះ​ទៅ​ចុះ

9. នោះ​គឺ​ដើម្បី​ឲ្យ​បាន​សំរេច​ពាក្យ ដែល​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា ក្នុង​ពួក​អ្នក​ដែល​ទ្រង់​បាន​ប្រទាន​មក​ទូល‌បង្គំ នោះ​សូម្បី​ម្នាក់ ក៏​មិន​បាត់‌ផង

10. រីឯ​ស៊ីម៉ូន-ពេត្រុស គាត់​មាន​ដាវ ហើយ​ក៏​ហូត​មក កាប់​ដាច់​ត្រចៀក​ស្តាំ​របស់​បាវ​សំដេច​សង្ឃ​ម្នាក់ បាវ​នោះ​ឈ្មោះ​ម៉ាល‌កុស

11. នោះ​ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ទៅ​ពេត្រុស​ថា ចូរ​ស៊ក​ដាវ​ទៅ​ក្នុង​ស្រោម​វិញ​ទៅ តើ​មិន​ត្រូវ​ឲ្យ​ខ្ញុំ​ទទួល​ពែង ដែល​ព្រះ‌វរ‌បិតា​បាន​ប្រទាន​មក​ខ្ញុំ​ទេ​ឬ​អី។

12. នោះ​ពួក​ទាហាន និង​មេ‌ទ័ព ហើយ​ពួក​អាជ្ញា​របស់​សាសន៍​យូដា ក៏​ចាប់​ព្រះ‌យេស៊ូវ​ចង

13. រួច​នាំ​ទៅ​ឯ​លោក​អាណ ជា​មុន​ដំបូង ដ្បិត​លោក​ជា​ឪពុក​ក្មេក​របស់​កៃផា ដែល​ធ្វើ​ជា​សំដេច​សង្ឃ​ក្នុង​ឆ្នាំ​នោះ

សូមអានជំពូកពេញលេញ យ៉ូហាន 18