គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យ៉ូហាន 17:14-26 ព្រះគម្ពីរបរិសុទ្ធ (KHOV)

14. ទូល‌បង្គំ​បាន​ឲ្យ​ព្រះ‌បន្ទូល​ទ្រង់​ដល់​គេ ហើយ​លោកីយ៍​បាន​ស្អប់​គេ ពី​ព្រោះ​គេ​មិន​មែន​ជា​របស់​លោកីយ៍​ទេ ដូច​ជា​ទូល‌បង្គំ​ក៏​មិន​មែន​ជា​របស់​លោកីយ៍​ដែរ

15. ទូល‌បង្គំ​មិន​សូម​ឲ្យ​យក​គេ​ចេញ​ពី​លោកីយ៍​ទេ គឺ​សូម​ឲ្យ​ទ្រង់​រក្សា​គេ ឲ្យ​រួច​ពី​សេចក្តី​អាក្រក់​វិញ

16. គេ​មិន​មែន​ជា​របស់​ផង​លោកីយ៍ ដូច​ជា​ទូល‌បង្គំ​ក៏​មិន​មែន​ជា​របស់​លោកីយ៍​ដែរ

17. សូម​ញែក​គេ​ចេញ​ជា​បរិសុទ្ធ ដោយ‌សារ​សេចក្តី​ពិត​របស់​ទ្រង់ ឯ​សេចក្តី​ពិត គឺ​ជា​ព្រះ‌បន្ទូល​របស់​ទ្រង់

18. ទូល‌បង្គំ​បាន​ចាត់​គេ​ឲ្យ​ទៅ​ក្នុង​លោកីយ៍ ដូច​ជា​ទ្រង់​ចាត់​ទូល‌បង្គំ ឲ្យ​មក​ក្នុង​លោកីយ៍​ដែរ

19. ឯ​ទូល‌បង្គំ​ក៏​ញែក​ខ្លួន​ចេញ​ជា​បរិសុទ្ធដោយ​យល់​ដល់​គេ ដើម្បី​ឲ្យ​គេ​បាន​ញែក​ចេញ​ជា​បរិសុទ្ធ ដោយ‌សារ​សេចក្តី​ពិត​ដែរ។

20. ទូល‌បង្គំ​មិន​អធិស្ឋាន ឲ្យ​អ្នក​ទាំង​នេះ​តែ​ប៉ុណ្ណោះ គឺ​ឲ្យ​ដល់​ទាំង​អ្នក​ណា ដែល​នឹង​ជឿ​ដល់​ទូល‌បង្គំ ដោយ‌សារ​ពាក្យ​របស់​គេ​ថែម​ទៀត​ដែរ

21. ដើម្បី​ឲ្យ​ទាំង​អស់​បាន​រួម​មក​តែ​មួយ ឱ​ព្រះ‌វរ‌បិតា​អើយ ដូច​ជា​ទ្រង់​គង់​ក្នុង​ទូល‌បង្គំ ហើយ​ទូល‌បង្គំ​នៅ​ក្នុង​ទ្រង់​ដែរ គឺ​ឲ្យ​អ្នក​ទាំង​នោះ​បាន​រួម​គ្នា​តែ​មួយ នៅ​ក្នុង​យើង ប្រយោជន៍​ឲ្យ​លោកីយ៍​បាន​ជឿ​ថា ទ្រង់​ចាត់​ឲ្យ​ទូល‌បង្គំ​មក​ពិត

22. ឯ​សិរី‌ល្អ​ដែល​ទ្រង់​បាន​ប្រទាន​មក​ទូល‌បង្គំ នោះ​ទូល‌បង្គំ​បាន​ឲ្យ​ដល់​គេ​ហើយ ដើម្បី​ឲ្យ​គេ​បាន​រួម​គ្នា​តែ​មួយ ដូច​ជា​យើង​ក៏​រួម​តែ​មួយ​ដែរ

23. គឺ​ទូល‌បង្គំ​នៅ​ក្នុង​គេ ហើយ​ទ្រង់​គង់​ក្នុង​ទូល‌បង្គំ ដើម្បី​ឲ្យ​គេ​បាន​គ្រប់​លក្ខណ៍​ឡើង ដរាប​ដល់​រួម​គ្នា​តែ​មួយ​ជា​ស្រេច ប្រយោជន៍​ឲ្យ​លោកីយ៍​បាន​ដឹង​ថា គឺ​ទ្រង់​ដែល​ចាត់​ឲ្យ​ទូល‌បង្គំ​មក​មែន ហើយ​ថា ទ្រង់​ស្រឡាញ់​គេ ដូច​ជា​ស្រឡាញ់​ទូល‌បង្គំ​ដែរ។

24. ឱ​ព្រះ‌វរ‌បិតា​អើយ ឯ​ពួក​អ្នក​ដែល​ទ្រង់​ប្រទាន​មក​ទូល‌បង្គំ នោះ​ទូល‌បង្គំ​ចង់​ឲ្យ​គេ​នៅ​ជា​មួយ​នឹង​ទូល‌បង្គំ ក្នុង​កន្លែង​ដែល​ទូល‌បង្គំ​នៅ​ដែរ ដើម្បី​ឲ្យ​បាន​ឃើញ​សិរី‌ល្អ ដែល​ទ្រង់​បាន​ប្រទាន​មក​ទូល‌បង្គំ ដ្បិត​ទ្រង់​បាន​ស្រឡាញ់​ទូល‌បង្គំ តាំង​តែ​ពី​មុន​កំណើត​លោកីយ៍​រៀង​មក

25. ឱ​ព្រះ‌វរ‌បិតា​ដ៏​សុចរិត​អើយ លោកីយ៍​មិន​ស្គាល់​ទ្រង់​ទេ តែ​ទូល‌បង្គំ​ស្គាល់​ទ្រង់ ហើយ​ពួក​អ្នក​នេះ​ក៏​ដឹង​ថា ទ្រង់​បាន​ចាត់​ឲ្យ​ទូល‌បង្គំ​មក​ដែរ

26. ទូល‌បង្គំ​បាន​ឲ្យ​គេ​ស្គាល់​ព្រះ‌នាម​ទ្រង់ ក៏​នឹង​សំដែង​ឲ្យ​គេ​ស្គាល់​ត​ទៅ​ទៀត ដើម្បី​ឲ្យ​សេចក្តី​ស្រឡាញ់ ដែល​ទ្រង់​ស្រឡាញ់​ដល់​ទូល‌បង្គំ បាន​នៅ​ក្នុង​គេ ហើយ​ឲ្យ​ទូល‌បង្គំ​នៅ​ក្នុង​គេ​ដែរ។

សូមអានជំពូកពេញលេញ យ៉ូហាន 17