គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យ៉ូហាន 16:4-23 ព្រះគម្ពីរបរិសុទ្ធ (KHOV)

4. តែ​ខ្ញុំ​និយាយ​សេចក្តី​ទាំង​នេះ ប្រាប់​ដល់​អ្នក​រាល់​គ្នា ដើម្បី​កាល​ណា​ពេល​វេលា​នោះ​មក​ដល់ នោះ​ឲ្យ​អ្នក​រាល់​គ្នា​បាន​នឹក​ឃើញ​ថា ខ្ញុំ​ប្រាប់​ហើយ ខ្ញុំ​មិន​បាន​ប្រាប់​កាល​ពី​ដើម​ទេ ពី​ព្រោះ​ខ្ញុំ​កំពុង​នៅ​ជា​មួយ​នឹង​អ្នក​រាល់​គ្នា​នៅ​ឡើយ។

5. តែ​ឥឡូវ​នេះ ខ្ញុំ​ទៅ​ឯ​ព្រះ‌អង្គ​ដែល​ចាត់​ឲ្យ​ខ្ញុំ​មក ហើយ​ក្នុង​ពួក​អ្នក​រាល់​គ្នា គ្មាន​អ្នក​ណា​សួរ​ខ្ញុំ​ថា លោក​អញ្ជើញ​ទៅ​ឯ​ណា នោះ​ទេ

6. ប៉ុន្តែ អ្នក​រាល់​គ្នា​មាន​ចិត្ត​ពេញ​ដោយ​សេចក្តី​ព្រួយ ដោយ​ព្រោះ​ខ្ញុំ​បាន​ប្រាប់​សេចក្តី​ទាំង​នេះ

7. ខ្ញុំ​ប្រាប់​តាម​ត្រង់​ថា ដែល​ខ្ញុំ​ទៅ នោះ​មាន​ប្រយោជន៍​ដល់​អ្នក​រាល់​គ្នា​វិញ ដ្បិត​បើ​ខ្ញុំ​មិន​ទៅ​ទេ នោះ​ព្រះ​ដ៏​ជា​ជំនួយក៏​មិន​មក​ឯ​អ្នក​រាល់​គ្នា​ដែរ តែ​បើ​ខ្ញុំ​ទៅ នោះ​ខ្ញុំ​នឹង​ចាត់​ទ្រង់​ឲ្យ​មក

8. កាល​ណា​ទ្រង់​បាន​យាង​មក​ហើយ នោះ​ទ្រង់​នឹង​សំដែង ឲ្យ​មនុស្ស​លោក​ដឹង​ច្បាស់ ពី​អំពើ​បាប ពី​សេចក្តី​សុចរិត ហើយ​ពី​សេចក្តី​ជំនុំ‌ជំរះ

9. គឺ​ពី​អំពើ​បាប​ដោយ​ព្រោះ​គេ​មិន​ជឿ​ដល់​ខ្ញុំ

10. ពី​សេចក្តី​សុចរិត ដោយ​ព្រោះ​ខ្ញុំ​ទៅ​ឯ​ព្រះ‌វរ‌បិតា​ខ្ញុំ ហើយ​អ្នក​រាល់​គ្នា​មិន​ឃើញ​ខ្ញុំ​ទៀត​ទេ

11. និង​ពី​សេចក្តី​ជំនុំ‌ជំរះ ដោយ​ព្រោះ​ចៅ‌ហ្វាយ​របស់​លោកីយ៍​នេះ​ត្រូវ​ទោស​ហើយ។

12. ខ្ញុំ​នៅ​មាន​សេចក្តី​ជា​ច្រើន​ទៀត នឹង​ប្រាប់​ដល់​អ្នក​រាល់​គ្នា តែ​ឥឡូវ​នេះ អ្នក​រាល់​គ្នា​ពុំ​អាច​នឹង​ទទួល​បាន​ទេ

13. កាល​ណា​ព្រះ‌អង្គ​នោះ គឺ​ជា​ព្រះ‌វិញ្ញាណ​នៃ​សេចក្តី​ពិត​បាន​មក​ដល់ នោះ​ទ្រង់​នឹង​នាំ​អ្នក​រាល់​គ្នា​ចូល​ក្នុង​គ្រប់​ទាំង​សេចក្តី​ពិត ដ្បិត​ទ្រង់​នឹង​មាន​ព្រះ‌បន្ទូល មិន​មែន​ដោយ​អាង​ព្រះ‌អង្គ​ទ្រង់​ទេ គឺ​នឹង​មាន​ព្រះ‌បន្ទូល ចំពោះ​តែ​សេចក្តី​ណា​ដែល​ទ្រង់​ឮ ហើយ​នឹង​សំដែង ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ការ​ដែល​ត្រូវ​មក

14. ទ្រង់​នឹង​ដំកើង​ខ្ញុំ ដ្បិត​ទ្រង់​នឹង​យក​សេចក្តី​ដែល​ដំរូវ​ពី​ខ្ញុំ មក​ប្រាប់​ដល់​អ្នក​រាល់​គ្នា

15. គ្រប់​ទាំង​អស់​ដែល​ព្រះ‌វរ‌បិតា​មាន នោះ​ជា​របស់​ផង​ខ្ញុំ​ដែរ ហេតុ​នោះ​បាន​ជា​ខ្ញុំ​ប្រាប់​ថា ទ្រង់​នឹង​យក​សេចក្តី​ដែល​ដំរូវ​ពី​ខ្ញុំ មក​ប្រាប់​អ្នក​រាល់​គ្នា។

16. នៅ​បន្តិច​ទៀត អ្នក​រាល់​គ្នា​នឹង​លែង​ឃើញ​ខ្ញុំ រួច​បន្តិច​ទៀត នឹង​ឃើញ​ខ្ញុំ​វិញ ដ្បិត​ខ្ញុំ​ទៅ​ឯ​ព្រះ‌វរ‌បិតា

17. ដូច្នេះ មាន​ពួក​សិស្ស​ទ្រង់​ខ្លះ​និយាយ​គ្នា​ថា ពាក្យ​នេះ​ដែល​ទ្រង់​មាន​ព្រះ‌បន្ទូល​មក​យើង​ថា «នៅ​បន្តិច​ទៀត អ្នក​រាល់​គ្នា​នឹង​លែង​ឃើញ​ខ្ញុំ រួច​បន្តិច​ទៅ​ទៀត នឹង​ឃើញ​ខ្ញុំ​វិញ» ហើយ​ដែល​ថា «ដ្បិត​ខ្ញុំ​ទៅ​ឯ​ព្រះ‌វរ‌បិតា» នេះ​តើ​មាន​ន័យ​ដូច​ម្តេច

18. ហេតុ​នោះ​បាន​ជា​គេ​និយាយ​ថា ពាក្យ​នេះ​ដែល​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា «នៅ​បន្តិច​ទៀត» ដូច្នេះ នោះ​ចង់​ថា​ដូច​ម្តេច យើង​ស្តាប់​មិន​បាន​ទេ

19. ព្រះ‌យេស៊ូវ​ក៏​ជ្រាប​ថា គេ​ចង់​សួរ​ទ្រង់ បាន​ជា​ទ្រង់​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា តើ​អ្នក​អ្នក​រាល់​គ្នា​សាក​សួរ​គ្នា​ពី​ពាក្យ​ដែល​ខ្ញុំ​ថា នៅ​បន្តិច​ទៀត នឹង​លែង​ឃើញ​ខ្ញុំ រួច​បន្តិច​ទៅ​ទៀត នឹង​ឃើញ​ខ្ញុំ​វិញ ឬ​អី

20. ប្រាកដ​មែន ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា អ្នក​រាល់​គ្នា​នឹង​យំ ហើយ​សោក​សង្រេង តែ​លោកីយ៍​នឹង​អរ​សប្បាយ​ឡើង អ្នក​រាល់​គ្នា​នឹង​ព្រួយ​ចិត្ត តែ​សេចក្តី​ព្រួយ​របស់​អ្នក​រាល់​គ្នា នឹង​ប្រែ​ទៅ​ជា​សេចក្តី​អំណរ​វិញ

21. ឯ​ស្ត្រី កាល​ណា​ហៀប​នឹង​សំរាល​កូន នោះ​តែង​ព្រួយ​ចិត្ត ព្រោះ​ដល់​កំណត់​ហើយ តែ​កាល​ណា​សំរាល​រួច​មក នោះ​លែង​នឹក​ពី​សេចក្តី​វេទនា​នោះ​ហើយ ពី​ព្រោះ​មាន​សេចក្តី​អំណរ ដោយ​ព្រោះ​មាន​កូន​មួយ​កើត​មក​ក្នុង​លោក

22. ឥឡូវ​នេះ អ្នក​រាល់​គ្នា​មាន​សេចក្តី​ព្រួយ​ដូច្នោះ​មែន ប៉ុន្តែ​ខ្ញុំ​នឹង​ឃើញ​អ្នក​រាល់​គ្នា​ម្តង​ទៀត នោះ​អ្នក​រាល់​គ្នា​នឹង​មាន​ចិត្ត​អរ​សប្បាយ​វិញ ក៏​នឹង​ឥត​មាន​អ្នក​ណា​ដក​យក​សេចក្តី​អំណរ​នោះ ចេញ​ពី​អ្នក​រាល់​គ្នា​បាន​ឡើយ

23. នៅ​ថ្ងៃ​នោះ អ្នក​រាល់​គ្នា​នឹង​មិន​សូម​អ្វី​ពី​ខ្ញុំ​ទៀត ប្រាកដ​មែន ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា អ្វីៗ ដែល​អ្នក​រាល់​គ្នា​នឹង​សូម​ដល់​ព្រះ‌វរ‌បិតា ដោយ​នូវ​ឈ្មោះ​ខ្ញុំ នោះ​ទ្រង់​នឹង​ប្រទាន​ឲ្យ

សូមអានជំពូកពេញលេញ យ៉ូហាន 16