គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យ៉ូហាន 16:3-14 ព្រះគម្ពីរបរិសុទ្ធ (KHOV)

3. គេ​នឹង​ប្រព្រឹត្ត​ការ​ទាំង​នោះ ដល់​អ្នក​រាល់​គ្នា ដោយ​ព្រោះ​គេ​មិន​ស្គាល់​ព្រះ‌វរ‌បិតា​ឬ​ខ្ញុំ​ទេ

4. តែ​ខ្ញុំ​និយាយ​សេចក្តី​ទាំង​នេះ ប្រាប់​ដល់​អ្នក​រាល់​គ្នា ដើម្បី​កាល​ណា​ពេល​វេលា​នោះ​មក​ដល់ នោះ​ឲ្យ​អ្នក​រាល់​គ្នា​បាន​នឹក​ឃើញ​ថា ខ្ញុំ​ប្រាប់​ហើយ ខ្ញុំ​មិន​បាន​ប្រាប់​កាល​ពី​ដើម​ទេ ពី​ព្រោះ​ខ្ញុំ​កំពុង​នៅ​ជា​មួយ​នឹង​អ្នក​រាល់​គ្នា​នៅ​ឡើយ។

5. តែ​ឥឡូវ​នេះ ខ្ញុំ​ទៅ​ឯ​ព្រះ‌អង្គ​ដែល​ចាត់​ឲ្យ​ខ្ញុំ​មក ហើយ​ក្នុង​ពួក​អ្នក​រាល់​គ្នា គ្មាន​អ្នក​ណា​សួរ​ខ្ញុំ​ថា លោក​អញ្ជើញ​ទៅ​ឯ​ណា នោះ​ទេ

6. ប៉ុន្តែ អ្នក​រាល់​គ្នា​មាន​ចិត្ត​ពេញ​ដោយ​សេចក្តី​ព្រួយ ដោយ​ព្រោះ​ខ្ញុំ​បាន​ប្រាប់​សេចក្តី​ទាំង​នេះ

7. ខ្ញុំ​ប្រាប់​តាម​ត្រង់​ថា ដែល​ខ្ញុំ​ទៅ នោះ​មាន​ប្រយោជន៍​ដល់​អ្នក​រាល់​គ្នា​វិញ ដ្បិត​បើ​ខ្ញុំ​មិន​ទៅ​ទេ នោះ​ព្រះ​ដ៏​ជា​ជំនួយក៏​មិន​មក​ឯ​អ្នក​រាល់​គ្នា​ដែរ តែ​បើ​ខ្ញុំ​ទៅ នោះ​ខ្ញុំ​នឹង​ចាត់​ទ្រង់​ឲ្យ​មក

8. កាល​ណា​ទ្រង់​បាន​យាង​មក​ហើយ នោះ​ទ្រង់​នឹង​សំដែង ឲ្យ​មនុស្ស​លោក​ដឹង​ច្បាស់ ពី​អំពើ​បាប ពី​សេចក្តី​សុចរិត ហើយ​ពី​សេចក្តី​ជំនុំ‌ជំរះ

9. គឺ​ពី​អំពើ​បាប​ដោយ​ព្រោះ​គេ​មិន​ជឿ​ដល់​ខ្ញុំ

10. ពី​សេចក្តី​សុចរិត ដោយ​ព្រោះ​ខ្ញុំ​ទៅ​ឯ​ព្រះ‌វរ‌បិតា​ខ្ញុំ ហើយ​អ្នក​រាល់​គ្នា​មិន​ឃើញ​ខ្ញុំ​ទៀត​ទេ

11. និង​ពី​សេចក្តី​ជំនុំ‌ជំរះ ដោយ​ព្រោះ​ចៅ‌ហ្វាយ​របស់​លោកីយ៍​នេះ​ត្រូវ​ទោស​ហើយ។

12. ខ្ញុំ​នៅ​មាន​សេចក្តី​ជា​ច្រើន​ទៀត នឹង​ប្រាប់​ដល់​អ្នក​រាល់​គ្នា តែ​ឥឡូវ​នេះ អ្នក​រាល់​គ្នា​ពុំ​អាច​នឹង​ទទួល​បាន​ទេ

13. កាល​ណា​ព្រះ‌អង្គ​នោះ គឺ​ជា​ព្រះ‌វិញ្ញាណ​នៃ​សេចក្តី​ពិត​បាន​មក​ដល់ នោះ​ទ្រង់​នឹង​នាំ​អ្នក​រាល់​គ្នា​ចូល​ក្នុង​គ្រប់​ទាំង​សេចក្តី​ពិត ដ្បិត​ទ្រង់​នឹង​មាន​ព្រះ‌បន្ទូល មិន​មែន​ដោយ​អាង​ព្រះ‌អង្គ​ទ្រង់​ទេ គឺ​នឹង​មាន​ព្រះ‌បន្ទូល ចំពោះ​តែ​សេចក្តី​ណា​ដែល​ទ្រង់​ឮ ហើយ​នឹង​សំដែង ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ការ​ដែល​ត្រូវ​មក

14. ទ្រង់​នឹង​ដំកើង​ខ្ញុំ ដ្បិត​ទ្រង់​នឹង​យក​សេចក្តី​ដែល​ដំរូវ​ពី​ខ្ញុំ មក​ប្រាប់​ដល់​អ្នក​រាល់​គ្នា

សូមអានជំពូកពេញលេញ យ៉ូហាន 16