គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យ៉ូហាន 15:15-27 ព្រះគម្ពីរបរិសុទ្ធ (KHOV)

15. ខ្ញុំ​មិន​ហៅ​ជា​អ្នក​បំរើ​ទៀត ពី​ព្រោះ​អ្នក​បំរើ​គេ​មិន​ដឹង​ថា​ជា​ចៅ‌ហ្វាយ​ធ្វើ​អ្វី​ទេ គឺ​ខ្ញុំ​ហៅ​អ្នក​រាល់​គ្នា​ថា​ជា​សំឡាញ់​វិញ ពី​ព្រោះ​ខ្ញុំ​បាន​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​គ្រប់​ការ​ទាំង​អស់ ដែល​ខ្ញុំ​ឮ​ពី​ព្រះ‌វរ‌បិតា​ខ្ញុំ​មក

16. មិន​មែន​អ្នក​រាល់​គ្នា​ដែល​បាន​រើស​ខ្ញុំ​ទេ គឺ​ខ្ញុំ​ទេ​តើ ដែល​រើស​អ្នក​រាល់​គ្នា​វិញ ទាំង​តាំង​អ្នក​រាល់​គ្នា​ឲ្យ​ទៅ​បង្កើត​ផល ហើយ​ឲ្យ​ផល​អ្នក​រាល់​គ្នា​បាន​នៅ​ជាប់​ផង ដើម្បី​ឲ្យ​ព្រះ‌វរ‌បិតា​បាន​ប្រោស​ប្រទាន​ឲ្យ​អ្នក​រាល់​គ្នា​បាន​អ្វីៗ ដែល​នឹង​សូម​ពី​ទ្រង់ ដោយ​នូវ​ឈ្មោះ​ខ្ញុំ

17. ខ្ញុំ​បង្គាប់​សេចក្តី​នេះ​ដល់​អ្នក​រាល់​គ្នា គឺ​ឲ្យ​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក​ចុះ។

18. បើ​សិន​ជា​លោកីយ៍​ស្អប់​អ្នក​រាល់​គ្នា នោះ​អ្នក​រាល់​គ្នា​ដឹង​ហើយ ថា​គេ​បាន​ស្អប់​ខ្ញុំ​ជា​មុន

19. បើ​អ្នក​រាល់​គ្នា​ជា​របស់​ផង​លោកីយ៍ នោះ​លោកីយ៍​នឹង​ស្រឡាញ់​អ្នក​រាល់​គ្នា តែ​ដោយ​ព្រោះ​ខ្ញុំ​បាន​រើស​ចេញ​ពី​លោកីយ៍​មក ហើយ​អ្នក​រាល់​គ្នា​មិន​មែន​ជា​របស់​ផង​លោកីយ៍​ទៀត នោះ​បាន​ជា​លោកីយ៍​ស្អប់​អ្នក​រាល់​គ្នា​វិញ

20. ចូរ​នឹក​ចាំ​ពី​ពាក្យ​ដែល​ខ្ញុំ​បាន​ប្រាប់​រួច​ហើយ​ថា បាវ​មិន​មែន​ធំ​ជាង​ចៅ‌ហ្វាយ​ទេ បើ​គេ​បាន​បៀត‌បៀន​ដល់​ខ្ញុំ នោះ​គេ​នឹង​បៀត‌បៀន​ដល់​អ្នក​រាល់​គ្នា ហើយ​បើ​គេ​បាន​កាន់​តាម​ពាក្យ​ខ្ញុំ នោះ​គេ​នឹង​កាន់​តាម​ពាក្យ​របស់​អ្នក​រាល់​គ្នា​ដែរ

21. គេ​នឹង​ប្រព្រឹត្ត​ការ​ទាំង​នោះ​ដល់​អ្នក​រាល់​គ្នា ដោយ​យល់​ដល់​ឈ្មោះ​ខ្ញុំ ពី​ព្រោះ​គេ​មិន​ស្គាល់​ព្រះ​ដែល​ចាត់​ឲ្យ​ខ្ញុំ​មក​ទេ

22. បើ​សិន​ជា​ខ្ញុំ​មិន​បាន​មក​និយាយ​នឹង​គេ នោះ​គេ​ឥត​មាន​បាប​ទេ តែ​ឥឡូវ​នេះ​គេ​គ្មាន​សេចក្តី​ដោះ​សា​ចំពោះ​បាប​របស់​ខ្លួន​សោះ

23. អ្នក​ណា​ដែល​ស្អប់​ខ្ញុំ នោះ​ក៏​ស្អប់​ដល់​ព្រះ‌វរ‌បិតា​ខ្ញុំ​ដែរ

24. បើ​ខ្ញុំ​មិន​បាន​ធ្វើ​ការ​នៅ​ក្នុង​ពួក​គេ ដែល​គ្មាន​អ្នក​ណា​ទៀត​បាន​ធ្វើ​ឡើយ នោះ​គេ​ឥត​មាន​បាប​ទេ តែ​ឥឡូវ​នេះ គេ​បាន​ទាំង​ឃើញ ហើយ​ទាំង​ស្អប់​ខ្ញុំ នឹង​ព្រះ‌វរ‌បិតា​របស់​ខ្ញុំ​ដែរ

25. នោះ​ដើម្បី​ឲ្យ​សេចក្តី ដែល​ចែង​ទុក​មក ក្នុង​ក្រឹត្យ‌វិន័យ​របស់​គេ​បាន​សំរេច ដែល​ថា «គេ​បាន​ស្អប់​ខ្ញុំ​ដោយ​ឥត​ហេតុ»

26. ប៉ុន្តែ​កាល​ណា​ព្រះ​ដ៏​ជា​ជំនួយ​ទ្រង់​យាង​មក ដែល​ខ្ញុំ​នឹង​ចាត់​មក​ពី​ព្រះ‌វរ‌បិតា គឺ​ជា​ព្រះ‌វិញ្ញាណ​នៃ​សេចក្តី​ពិត ដែល​ចេញ​ពី​ព្រះ‌វរ‌បិតា​មក ព្រះ‌អង្គ​នោះ ទ្រង់​នឹង​ធ្វើ​បន្ទាល់​ពី​ខ្ញុំ

27. ហើយ​អ្នក​រាល់​គ្នា​នឹង​ធ្វើ​បន្ទាល់​ដែរ ពី​ព្រោះ​អ្នក​រាល់​គ្នា​បាន​នៅ​ជា​មួយ​នឹង​ខ្ញុំ តាំង​តែ​ពី​ដើម​មក។

សូមអានជំពូកពេញលេញ យ៉ូហាន 15