គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យ៉ូហាន 13:9-23 ព្រះគម្ពីរបរិសុទ្ធ (KHOV)

9. ស៊ីម៉ូន-ពេត្រុស​ទូល​ទ្រង់​ថា ឱ​ព្រះ‌អម្ចាស់​អើយ បើ​ដូច្នោះ សូម​កុំ​លាង​ត្រឹម​តែ​ជើង​ទូល‌បង្គំ​ប៉ុណ្ណោះ​ឡើយ គឺ​សូម​លាង​ដល់​ទាំង​ដៃ​ទាំង​ក្បាល​ផង​ចុះ

10. ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា អ្នក​ដែល​ងូត​ទឹក​ហើយ នោះ​ត្រូវ​ការ​លាង​តែ​ជើង​ប៉ុណ្ណោះ ឲ្យ​បាន​ស្អាត​ទាំង​អស់ ឯ​អ្នក​រាល់​គ្នា​ក៏​បាន​ស្អាត​ហើយ តែ​មិន​មែន​ទាំង​អស់​គ្នា​ទេ

11. នេះ​ព្រោះ​ទ្រង់​ជ្រាប​នូវ​អ្នក​ណា​ដែល​នឹង​បញ្ជូន​ទ្រង់ ហេតុ​នោះ​បាន​ជា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា អ្នក​រាល់​គ្នា​មិន​មែន​ស្អាត​គ្រប់​គ្នា​ទេ។

12. កាល​ទ្រង់​បាន​លាង​ជើង​គេ​រួច ហើយ​បាន​ពាក់​ព្រះ‌ពស្ត្រ​ទ្រង់​វិញ នោះ​ក៏​គង់​នៅ​តុ មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា តើ​អ្នក​រាល់​គ្នា​យល់​ការ​ដែល​ខ្ញុំ​ទើប​នឹង​ធ្វើ​នេះ​ឬ​ទេ

13. អ្នក​រាល់​គ្នា​ហៅ​ខ្ញុំ​ជា​លោក​គ្រូ ហើយ​ជា​ព្រះ‌អម្ចាស់ នោះ​ក៏​ត្រូវ​មែន ពី​ព្រោះ​គឺ​ខ្ញុំ​នេះ​ហើយ

14. ដូច្នេះ បើ​ខ្ញុំ ដែល​ជា​ព្រះ‌អម្ចាស់ ហើយ​ជា​គ្រូ បាន​លាង​ជើង ឲ្យ​អ្នក​រាល់​គ្នា នោះ​គួរ​តែ​ឲ្យ​អ្នក​រាល់​គ្នា​លាង​ជើង ដល់​គ្នា​នឹង​គ្នា​ដែរ

15. ដ្បិត​ខ្ញុំ​បាន​ធ្វើ​ដំរាប់​ទុក​ឲ្យ​អ្នក​រាល់​គ្នា​ហើយ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​ត្រាប់​តាម​ការ​ដែល​ខ្ញុំ​បាន​ធ្វើ​ឲ្យ​នោះ

16. ប្រាកដ​មែន ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា បាវ​មិន​មែន​ធំ​ជាង​ចៅ‌ហ្វាយ​ទេ ហើយ​អ្នក​បំរើ​ក៏​មិន​ធំ​ជាង​អ្នក​ដែល​ប្រើ​ដែរ

17. បើ​អ្នក​រាល់​គ្នា​ដឹង​សេចក្តី​ទាំង​នេះ ហើយ​ប្រព្រឹត្ត​តាម នោះ​មាន​ពរ​ហើយ

18. ខ្ញុំ​មិន​មែន​និយាយ​ពី​អ្នក​រាល់​គ្នា​ទាំង​អស់​ទេ ខ្ញុំ​ស្គាល់​អស់​អ្នក​ដែល​ខ្ញុំ​បាន​រើស ប៉ុន្តែ​បទ​គម្ពីរ​ដែល​ថា «អ្នក​ដែល​បរិភោគ​នំបុ័ង ជា​មួយ​នឹង​ទូល‌បង្គំ នោះ​បាន​លើក​កែង‌ជើង ទាស់​នឹង​ទូល‌បង្គំ​វិញ» ពាក្យ​នោះ​ត្រូវ​តែ​បាន​សំរេច

19. ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​តាំង​ពី​ឥឡូវ​នេះ មុន​ដែល​ការ​នោះ​កើត​មក ដើម្បី​កាល​ណា​បាន​កើត​មក​ដល់ នោះ​ឲ្យ​អ្នក​រាល់​គ្នា​បាន​ជឿ​ថា គឺ​ខ្ញុំ​នេះ​ហើយ

20. ប្រាកដ​មែន ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា អ្នក​ណា​ទទួល​អ្នក​ដែល​ខ្ញុំ​នឹង​ចាត់​ឲ្យ​ទៅ នោះ​ឈ្មោះ​ថា​ទទួល​ខ្ញុំ ហើយ​អ្នក​ណា​ដែល​ទទួល​ខ្ញុំ នោះ​ក៏​ឈ្មោះ​ថា​ទទួល​ព្រះ‌អង្គ ដែល​ចាត់​ឲ្យ​ខ្ញុំ​មក​ដែរ។

21. កាល​ព្រះ‌យេស៊ូវ ទ្រង់​មាន​ព្រះ‌បន្ទូល​សេចក្តី​ទាំង​នោះ​រួច​ហើយ នោះ​ទ្រង់​មាន​ព្រះ‌ហឫ‌ទ័យ​តប់‌ប្រមល់ ហើយ​ក៏​ធ្វើ​បន្ទាល់​ថា ប្រាកដ​មែន ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា មាន​ពួក​អ្នក​រាល់​គ្នា​ម្នាក់​នឹង​បញ្ជូន​ខ្ញុំ

22. ដូច្នេះ ពួក​សិស្ស​ក៏​ងាក​មើល​គ្នា​ទៅ​វិញ​ទៅ​មក មិន​ដឹង​ជា​ទ្រង់​មាន​ព្រះ‌បន្ទូល​ពី​អ្នក​ណា​ទេ

23. មាន​សិស្ស​ម្នាក់​ដែល​ព្រះ‌យេស៊ូវ​ស្រឡាញ់ គាត់​អង្គុយ​នៅ​តុ ផ្អែក​លើ​ព្រះ‌ឧរា​ទ្រង់

សូមអានជំពូកពេញលេញ យ៉ូហាន 13