គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យ៉ូហាន 13:27-38 ព្រះគម្ពីរបរិសុទ្ធ (KHOV)

27. ក្រោយ​ដែល​ទទួល​ចំណិត​នោះ​ហើយ នោះ​អារក្ស​សាតាំង​ក៏​ចូល​វា រួច​ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ទៅ​វា​ថា ការ​អ្វី​ដែល​អ្នក​គិត​ធ្វើ នោះ​ចូរ​ធ្វើ​ជា​ប្រញាប់​ទៅ​ចុះ

28. ប៉ុន្តែ ក្នុង​ពួក​អ្នក​ដែល​អង្គុយ​នៅ​តុ គ្មាន​អ្នក​ណា​ដឹង​ជា​ទ្រង់​មាន​ព្រះ‌បន្ទូល​ទៅ​វា ដោយ​ហេតុ​អ្វី​ទេ

29. ខ្លះ​ស្មាន​ថា ដោយ​ព្រោះ​យូដាស​កាន់​ថង់​ប្រាក់ បាន​ជា​ព្រះ‌យេស៊ូវ ទ្រង់​ប្រាប់​ឲ្យ​វា​ទៅ​ទិញ​អីវ៉ាន់​អ្វី​នីមួយ ដែល​ត្រូវ​ការ​សំរាប់​បុណ្យ​នោះ ឬ​ឲ្យ​វា​ចែក​ទាន​អ្វី​ដល់​ពួក​អ្នក​ក្រីក្រ

30. កាល​វា​បាន​ទទួល​ចំណិត​នំ​នោះ វា​ក៏​ចេញ​ទៅ​ជា​១​រំពេច ពេល​នោះ យប់​ហើយ។

31. កាល​វា​ចេញ​ផុត​ទៅ នោះ​ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ថា ឥឡូវ​នេះ កូន​មនុស្ស​បាន​ដំកើង​ឡើង​ហើយ ព្រះ​ក៏​បាន​ដំកើង​ឡើង​ក្នុង​កូន​មនុស្ស​ដែរ

32. បើ​សិន​ជា​ព្រះ​បាន​ដំកើង​ឡើង​ក្នុង​កូន​មនុស្ស នោះ​ទ្រង់​នឹង​ដំកើង​កូន​មនុស្ស​ឡើង​ក្នុង​ព្រះ‌អង្គ​ទ្រង់​ដែរ ក៏​នឹង​ដំកើង​កូន​មនុស្ស​ឡើង​ជា​១​រំពេច​ផង

33. ឱ​កូន​រាល់​គ្នា​អើយ ខ្ញុំ​នៅ​ជា​មួយ​នឹង​អ្នក​រាល់​គ្នា​តែ​បន្តិច​ទៀត​ទេ អ្នក​រាល់​គ្នា​នឹង​រក​ខ្ញុំ តែ​ដូច​ជា​ខ្ញុំ​បាន​ប្រាប់​ដល់​ពួក​សាសន៍​យូដា​រួច​ហើយ​ថា កន្លែង​ដែល​ខ្ញុំ​ទៅ​នោះ អ្នក​រាល់​គ្នា​ពុំ​អាច​នឹង​ទៅ​បាន​ទេ ឥឡូវ​នេះ ខ្ញុំ​ក៏​ប្រាប់​ដល់​អ្នក​រាល់​គ្នា​ដូច្នោះ​ដែរ

34. ខ្ញុំ​ឲ្យ​សេចក្តី​បញ្ញត្ត​១​ថ្មី​ដល់​អ្នក​រាល់​គ្នា គឺ​ឲ្យ​អ្នក​រាល់​គ្នា​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក ត្រូវ​ឲ្យ​ស្រឡាញ់​គ្នា ដូច​ជា​ខ្ញុំ​បាន​ស្រឡាញ់​អ្នក​រាល់​គ្នា​ដែរ

35. គេ​នឹង​ដឹង​ថា អ្នក​រាល់​គ្នា​ជា​សិស្ស​របស់​ខ្ញុំ ដោយ‌សារ​សេចក្តី​នេះ​ឯង គឺ​ដោយ​អ្នក​រាល់​គ្នា​មាន​សេចក្តី​ស្រឡាញ់​ដល់​គ្នា​ទៅ​វិញ​ទៅ​មក។

36. ស៊ីម៉ូន-ពេត្រុស​ទូល​សួរ​ទ្រង់​ថា ព្រះ‌អម្ចាស់​អើយ តើ​ទ្រង់​យាង​ទៅ​ឯ​ណា ព្រះ‌យេស៊ូវ​ទ្រង់​ឆ្លើយ​ថា កន្លែង​ដែល​ខ្ញុំ​ទៅ នោះ​អ្នក​ពុំ​អាច​នឹង​ទៅ​តាម ក្នុង​គ្រា​ឥឡូវ​នេះ​បាន​ទេ លុះ​គ្រា​ក្រោយ​ទើប​អ្នក​នឹង​ទៅ​បាន

37. ពេត្រុស​ទូល​ទ្រង់​ថា ព្រះ‌អម្ចាស់​អើយ ហេតុ​អ្វី​បាន​ជា​ទូល‌បង្គំ​ទៅ​តាម ក្នុង​គ្រា​នេះ​ពុំ​បាន ទូល‌បង្គំ​ស៊ូ​តែ​ប្តូរ​ជីវិត​ជំនួស​ទ្រង់

38. ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ឆ្លើយ​ទៅ​គាត់​ថា តើ​អ្នក​នឹង​ប្តូរ​ជីវិត​ជំនួស​ខ្ញុំ​ឬ ប្រាកដ​មែន ខ្ញុំ​ប្រាប់​អ្នក​ជា​ប្រាកដ​ថា មាន់​មិន​រងាវ​ទៀត ទាល់​តែ​អ្នក​បាន​ប្រកែក​៣​ដង ថា​មិន​ស្គាល់​ខ្ញុំ។

សូមអានជំពូកពេញលេញ យ៉ូហាន 13